(ពិភពលោក)៖ «ស្ពេស សាត់ថល (Space Shuttle)» គឺជាយានអវកាសអាចប្រើប្រាស់ឡើងវិញបាន របស់ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) សម្រាប់ដឹកជញ្ជូនអវកាសយានិកឡើង ទៅកាន់លំហអវកាស ប៉ុន្តែកម្មវិធីយានអវកាសនេះ ត្រូវបានបិទបញ្ចប់ទៅវិញ នៅឆ្នាំ២០១១។ ទោះជាបែបនេះក្តី ពួកវាមិនត្រូវបានគេរុះរើ ឬកម្ទេចចោលនោះឡើយ។
នៅក្រោមកម្មវិធី Space Shuttle អង្គការ NASA មានយានអវកាសនេះសរុបចំនួន ០៦គ្រឿង។ យាន Space Shuttle ដែលចូលនិវត្តន៍ គឺបានស្ថិតក្រោមការតាំងបង្ហាញជាសាធារណៈ ចាប់ពីឆ្នាំ២០១៣ រហូតមក។ បច្ចប្បុន្នយាន Space Shuttle ចំនួន០៤គ្រឿង មានវត្តមាន នៅតាមសារមន្ទីរវិទ្យាសាស្រ្តរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមានដូចជា៖
* យាន Space Shuttle ឈ្មោះ «អ៉ីនធើប្រាយ (Enterprise)។ យាន Space Shuttle នេះ គឺជាយានគំរូដែលពុំធ្លាប់ឡើង ទៅក្នុងទីអវកាសឡើយ ប៉ុន្តែត្រូវបានប្រើប្រាស់សម្រាប់ការធ្វើតេស្តហោះសំកាំងខ្លួន និងចុះចត។ ការហោះហើរលើកដំបូងរបស់យានមួយនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៧៧ និងលើកចុងក្រោយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២។ បច្ចុប្បន្ន វាស្ថិតនៅសារមន្ទីរ អ៉ីនត្រេភីដ ស៉ី អ៊ែរ និងស្ពេស (Intrepid Sea, Air & Space Museum) ក្នុងទីក្រុងញូយ៉កស៊ីធី នៃរដ្ឋញូយ៉ក។
* យាន Space Shuttle ឈ្មោះ «ឌីស្កូវើរី (Discovery)»។ យាន Space Shuttle មួយនេះ បច្ចុប្បន្នស្ថិតនៅសារមន្ទីរ ណាសិនណាល់ អ៊ែរ និងស្ពេស (National Air and Space Museum) ក្នុងរដ្ឋវើជីនា (Virginia)។ ការហោះហើរលើកដំបូងរបស់យាន Discovery គឺធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៨៤ និងលើកចុងក្រោយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។
* យាន Space Shuttle ឈ្មោះ «អាត្លង់ទីស (Atlantis)»។ យាន Space Shuttle នេះ បច្ចុប្បន្នស្ថិតនៅ សារមន្ទីរនៃមជ្ឈមណ្ឌលអវកាស នេណឺឌី ស្ពេស សេនធើ (Kennedy Space Center) ក្នុងរដ្ឋផ្លូរីដា (Florida)។ ការហោះហើរលើកដំបូងរបស់យានមួយនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៨៥ និងលើកចុងក្រោយកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១១។
* យាន Space Shuttle ឈ្មោះ «អ៉ីនឌាវ័រ (Endeavour)»។ យាន Space Shuttle នេះ បច្ចុប្បន្នស្ថិតនៅសារមន្ទីរនៃមជ្ឈមណ្ឌលវិទ្យាសាស្រ្ត កាលីហ្វរញ៉ា សាយអិន សេនធើ (California Science Center) ក្នុងទីក្រុងឡូសអាន់ជែលឡែស នៃរដ្ឋកាលីហ្វរញ៉ា។ ការហោះហើរលើកដំបូងរបស់យាន Endeavour ត្រុវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៩២ និងលើកចុងក្រោយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១។
ចុះយាន Space Shuttle ពីរទៀតវិញ? យាន Space Shuttle ពីរទៀត គឺយាន ឆាឡិនចឺ (Challenger) និងយាន កូឡុំបៀ (Columbia) បានផ្ទុះឆេះពេលកំពុងធ្វើបេសកកម្ម និងបណ្តាលឲ្យអវកាសយានិកសរុប ១៤នាក់បាត់បង់ជីវិត។ យាន Challenger បានផ្ទុះឆេះពេលកំពុងបាញ់ឡើងចេញពីផែនដី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៦ ខណៈ Columbia បានផ្ទុះឆេះ ពេលត្រឡប់ចុះមកផែនដីវិញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៣។
គួរជម្រាបថា តាំងតែពីការបិទបញ្ចប់កម្មវិធីយាន Space Shuttle នៅឆ្នាំ២០១១ ទីភ្នាក់ងារអវកាស NASA បានពឹងផ្អែករហូតមកទៅលើរ៉ុក្កែត និងយានរបស់ប្រទេសរុស្ស៉ី ដើម្បីបញ្ជូនអវកាសយានិករបស់ខ្លួន ឡើងទៅទីអវកាស ប៉ុន្តែនាពេលនេះ NASA កំពុងចាប់ផ្តើមបញ្ជូន ក្រុមអវកាសយានិករបស់ខ្លួន ឡើងទៅទីអវកាស ដោយប្រើរ៉ុក្កែតនិងយានអវកាស ចេញពីទឹកដីអាមេរិកផ្ទាល់វិញ ជាបណ្តើរៗហើយ តាមរយៈការសហការជាមួយ ក្រុមហ៊ុនអវកាសឯកជនអាមេរិក ដូចជា ស្ពេសអ៉ិច (SpaceX) ជាដើម៕