(អន្តរជាតិ)៖ អស់រយៈពេលជាង ២០០ ឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្ត្ររកឃើញការផលិតរថយន្ត និងមានការវិវត្តជាបន្តបន្ទាប់សម្រាប់ប្រើជាយានជំនិះ និងជាមធ្យោបាយធ្វើដំណើររហូតដល់ពេលបច្ចុប្បន្ន ខណៈរថយន្តដំបូងក៏ត្រូវបានរកឃើញនៅប្រទេសចិនផងដែរ។

banner

អ៉ីសាក់ ញូតុន (SIR ISAC NEWTON) បើកផ្លូវក្នុងការរកឃើញរថយន្តមុនគេ ដោយលោកបានពិសោធធ្វើល្បែងលេងម្យ៉ាងដាក់គ្រឿងចក្រដោយប្រើចំហាយទឹកតូចៗ ប៉ុន្តែរទេះរបស់ ញូតុន ប្រើការអ្វីមិនកើតទេ។

បន្ទាប់មក មាននាយទាហានបារាំងម្នាក់ឈ្មោះ នីកូឡាស ចូហ្សេប គុយញ៉ូត (Nicolas-Joseph Cugnot) បានសាងរទេះប្រើចំហាយទឹកសម្រាប់អូសកាំភ្លើងធំក្នុងឆ្នាំ១៧៧០។ រទេះនេះរត់បានល្បឿនជិត ៥ គីឡូម៉ែត្រក្នុងមួយម៉ោង តែឃើញថាមិនសូវជាមានប្រយោជន៍ច្រើនប៉ុន្មានទេ។ ៣២ ឆ្នាំក្រោយមកទៀត មានជនជាតិអង់គ្លេសម្នាក់ឈ្មោះ រីឆាត ថ្រេវីធិក (Richard Trevithick) បានសាងរទេះប្រើចំហាយទឹកសម្រាប់ជួលដឹកមនុស្សបន្ថែមទៀត ដោយរទេះនេះមានល្បឿន ១៦ គីឡូម៉ែត្រក្នុងរយៈពេល ៦ ម៉ោង។

ចាប់តាំងពីពេលនោះមក អ្នកវិទ្យាសាស្ត្រ និងស្ថាបនិកទាំងឡាយបានព្យាយាមកសាងគ្រឿងចក្រដែលប្រើចំហាយទឹកឱ្យមានទំហំធំ រត់បានល្បឿនកាន់តែច្រើនឡើង និងមានគុណសម្បត្តិកាន់តែល្អជាងមុន ប៉ុន្តែនៅទីបំផុតក៏ប្រាកដថាបើសាងគ្រឿងចក្រប្រើចំហាយទឹកឱ្យរត់បានល្បឿនល្មមប្រើការបាន រទេះក៏ទៅជាធ្ងន់ហួសពេក មិនអាចបើកទៅតាមថ្នល់បានឡើយ ជាពិសេសគ្រឿងចក្រដែលប្រើចំហាយទឹកនៅរលួយ ថែមទាំងមានសំឡេងថ្លង់ធ្វើឱ្យសេះផ្អើល និងធ្វើឱ្យមនុស្សអ្នកជិះរទេះសេះកើតនូវឧបទ្ទវហេតុញឹកញាប់ទៀតផង។ រហូតដល់ថ្នាក់នៅប្រទេសអង់គ្លេស ចេញច្បាប់កំណត់មិនឱ្យគ្រឿងចក្រប្រើចំហាយទឹកបើកបរលើសពី ៦ គីឡូម៉ែត្រកន្លះក្នុងមួយម៉ោងឡើយ ហើយបើពេលថ្ងៃត្រូវមានមនុស្សកាន់ទង់ពណ៌ក្រហមដើរនាំមុខ បើពេលយប់ត្រូវមានមនុស្សកាន់ចង្កៀងអុជភ្លើងក្រហមដើរនាំមុខ ដើម្បីជាសញ្ញាប្រាប់ឱ្យមនុស្សជិះរទេះសេះ និងអ្នកថ្មើរជើងចៀសថយឱ្យឆ្ងាយ។

លុះមើលឃើញថាគ្រឿងចក្រប្រើចំហាយទឹកយកមកបើកបរតាមថ្នល់មិនសូវស្រួលដូច្នោះ ទើបអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយព្យាយាមសាងរទេះបែបថ្មីៗទៀត គឺរថភ្លើងអគ្គិសនី និងរថយន្ត។ នៅលើកដំបូង មនុស្សនិយមជិះរថភ្លើងអគ្គិសនីច្រើនណាស់ ព្រោះប្រើស្រួលហើយងាយផង។ ការបង្កើតរថយន្តដែលប្រើគ្រឿងចក្រឧស្ម័នដំបូង បានកើតមាននៅរវាងឆ្នាំ១៨៩០ ប៉ុន្តែមិនអាចដឹងបានថា អ្នកណាជាអ្នកសាងរថយន្តមុនគេទេ ព្រោះមានអ្នកវិទ្យាសាស្ត្រ និងស្ថាបនិកជាច្រើនបានបង្កើតឡើងព្រមៗគ្នា ក្នុងនោះវាក៏ត្រូវបានរកឃើញនៅប្រទេសចិននាសម័យរាជវង្សឆេងផងដែរ។

ជនជាតិបារាំងម្នាក់ឈ្មោះថា ដឺ រ៉ូស្សាស៍ (de Rosas) ជាអ្នកចេញទ្រង់ទ្រាយធ្វើគ្រឿងយន្តដំបូងប្រមាណ ៩០ឆ្នាំមកហើយ ប៉ុន្តែមិនបានកសាងអ្វីមកទៀតទេ។ ក្រោយមក ជនជាតិអាល្លឺម៉ង់ឈ្មោះ ហ្គុយស្តាវ អតតូ (Gustav Otto) បានសាងគ្រឿងរថយន្តប្រភេទថ្មីឡើងទៀត ប៉ុន្តែមិនសូវមានគុណសម្បត្តិល្អទេ។ នៅក្នុងឆ្នាំ១៨៨១ លោក ដេមម្លៀ (Daimler) ដែលធ្លាប់ធ្វើការជាមួយ អតតូ បានរៀបចំធ្វើរថយន្តឱ្យមានគុណសម្បត្តិល្អ ហើយអាចយកមកដាក់ប្រើបានយ៉ាងស្រួល។

បន្ទាប់ពីនោះមក រថយន្តក៏ចេះតែមានគុណសម្បត្តិល្អជាងមុនជារឿយៗ និងរត់បានរហ័សរហូតមកដល់ឆ្នាំ១៨៩៤ ក៏អាចរត់បានល្បឿនដល់ជាង ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីនេះ នៅមានស្ថាបនិកដទៃៗទៀតជាច្រើន ដែលទាំងអស់គ្នាសុទ្ធតែបានផ្គត់ផ្គង់រៀបចំការបង្កើតរថយន្តឱ្យទូលំទូលាយទូទៅ និងប្រើបានជាប្រយោជន៍រហូតដល់សព្វថ្ងៃនេះ៕