(បរទេស)៖ ទោះបីជាសព្វថ្ងៃប្រទេសជាច្រើននៅជុំវិញពិភពលោកមានប្រធានាធិបតីក៏ដោយក្តី គឺនៅតែមានប្រទេសសរុបចំនួន៤៣ទៀត ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ខណៈករណីមួយចំនួនគឺមានព្រះមហាក្សត្រី ឬត្រឹមព្រះអង្គម្ចាស់។ យ៉ាងណាមិញ ព្រះមហាក្សត្ររបស់ប្រទេសទាំងនេះ មានអំណាចក្នុងកម្រិតខុសៗពីគ្នា ដោយព្រះមហាក្សត្រប្រទេសខ្លះមានអំណាចក្នុងដៃពេញលេញទាំងស្រុង និងខ្លះមិនកាន់អំណាចតែម្តង។

banner

* ប្រទេសមានព្រះមហាក្សត្រ ដែលមានអំណាចពេញលេញពិតប្រាកដ

មានប្រទេសចំនួន១០ ដែលស្ថិតនៅក្នុងប្រទេសប្រភេទនេះ ហើយភាគច្រើននៅតំបន់មជ្ឈិមបូព៌ា រួមមានអារ៉ាប៊ីសាអូឌីត ហ្សកដានី អូម៉ង់ គុយវ៉ែត កាតា អេមីរ៉ាត់អារ៉ាប់រួម និងបារ៉ែន។ ចំណែកឯនៅអាស៉ីអាគ្នេយ៍មានមួយប្រទេសគឺ ប្រ៊ុយណេ ខណៈនៅទ្វីបអាហ្វ្រិកមាន ស្វាសេឡង់ (Swaziland)។ ចុងក្រោយគេគឺបុរីវ៉ាទីកង់ ដែលមានសម្តេចប៉ាប។

* ប្រទេសមានព្រះមហាក្សត្រ ដែលមានអំណាចខ្លះៗនៅក្នុងដៃ

មានប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលមហាក្សត្រកាន់សិទ្ធិអំណាចក្នុងកម្រិតខ្លះ គឺថៃ ប៊ូតង់ ម៉ូណាកូ លិចតិនស្តែន (Liechtenstein) និងតុងហ្គា (Tonga)។

* ប្រទេសមានព្រះមហាក្សត្រ ដែលមិនកាន់អំណាច

ប្រទេសទាំងនេះរួមមាន៖ ជប៉ុន កម្ពុជា ម៉ាឡេស៉ី ប៊ែលហ្សិក អេស៉្បាញ ស៊ុយអែត ន័រវែស ហូឡង់ ដាណឺម៉ាក អង់ដូរ៉ា លុចសំបួរ និងឡេសូតូ (Lesotho)។

* ប្រទេសចំនួន១៦ទៀត មានប្រមុខរដ្ឋរួមតែមួយប៉ុណ្ណោះ

ក្រៅពីចក្រភពអង់គ្លេស, ព្រះមហាក្សត្រី អាលីហ្សាបេតទី២ ជាប្រមុខរដ្ឋនៃប្រទេសចំនួន១៥ផ្សេងទៀត ដែលក្នុងនោះរួមមានទាំងប្រទេសតូចៗ ដែលស្ថិតនៅតំបន់ការីបៀន និងប៉ាស៉ីហ្វិក រហូតដល់ប្រទេសធំៗដូចជា កាណាដា អូស្រ្តាលី នូវែលសេឡង់ ប៉ាពួរញូហ្គីណេ ជាដើម ខណៈប្រទេសទាំងនេះធ្លាប់ស្ថិតក្រោម អាណានិគមរបស់ចក្រភពអង់គ្លេស។ សរុបព្រះមហាក្សត្រីចក្រភពអង់គ្លេស អាលីហ្សាបេតទី២ គឺជាប្រមុខរដ្ឋរបស់ប្រទេសចំនួន១៦ នៅជុំវិញសកលលោក៕