(ភ្នំពេញ)៖ សំណង់ផ្ទះដីធូឡូវ (Tulou) ជាសំណង់លំនៅដ្ឋានបុរាណនៅប្រទេសចិន ដែលមានលក្ខណៈខុសពីគេក្នុងពិភពលោក មិនដែលមាននៅតំបន់ផ្សេងឡើយ។ តើសំណង់ផ្ទះដីធូឡូវនេះចម្លែកត្រង់ណាខ្លះ?
សំណង់ផ្ទះដីធូឡូវ គឺជាជាសំណង់ផ្ទះបុរាណដ៏ល្បីល្បាញរបស់ជនជាតិហានជំនាន់ដើម ឬជនជាតិភាគតិចឃឿចា (Hakka Minority) ហើយត្រូវបានគេស្គាល់ថាជាសម្បត្តិប្រពៃណីបុរាណរបស់ជនជាតិមួយនេះ។ ទម្រង់រចនាប័ទ្មបែបនេះបានរំលេចនូវទិដ្ឋភាពដ៏អស្ចារ្យ ការតាំងទីលំនៅដ៏គួរឱ្យចាប់អារម្មណ៍ ជាទីធ្លាមួយដែលមានប្រព័ន្ធការពារដ៏រឹងមាំ បច្ចេកវិទ្យាសំណង់ដ៏ល្អ និងវប្បធម៌ដ៏សម្បូរបែបនៃការកសាងសំណង់ពីដីនេះ ជាពិសេសវាបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។
បុព្វហេតុដែលនាំឱ្យមានលំនៅដ្ឋានបែបនេះ គឺដោយសារនៅសម័យរាជវង្សជីង (Jin dynasty 266-420) សម័យនគរទាំង១៦ (Sixteen Kingdoms 304-439) សម័យរាជវង្សសួយ (Sui dynasty 581-618) រហូតដល់សម័យរាជវង្សថាង (Tang dynasty 690-705) នៅភាគខាងជើងប្រទេសចិនបានកើតមានសង្គ្រាមជាញឹកញាប់ ជាហេតុបណ្ដាលឱ្យប្រជាជនធ្វើចំណាកស្រុកចុះមកភាគខាងត្បូងយ៉ាងច្រើន បង្កើតបានជាភូមិដ្ឋានរស់នៅប្រមូលម្ដុំជុំគ្នា។ ចំណេរកាលក្រោយមកទៀត ពោលគឺនៅសម័យរាជវង្សជីងខាងជើង (1115-1234) រហូតដល់ចុងសម័យរាជវង្សសុង ឬសុងខាងត្បូង (Song dynasty 960-1127) សង្គ្រាមរវាងនគរជីង និងនគរសុង (Jin–Song Wars) បានផ្ទុះឡើងយ៉ាងខ្លាំងនៅភាគខាងជើង។ នគរសុង បន្ទាប់ពីចាញ់នគរជីងក៏បានផ្លាស់រាជធានីមកនៅភាគខាងត្បូងប្រទេសវិញ (ក្នុងប្រវត្តិសាស្ត្រហៅនគរសុងខាងត្បូង) ចាប់ពីពេលនៅមកជនជាតិហានក៏បានបង្ខំចិត្តរត់ភៀសខ្លួនពីភាគខាងជើងមករស់នៅភាគខាងត្បូងយ៉ាងច្រើនសម្បើម។ ព្រឹត្តិការណ៍សំខាន់ៗទាំងនេះហើយ ក៏បាននាំឱ្យកើតភូមិដ្ឋានប្រជាជននៅភាគខាងត្បូងច្រើនកាន់តែច្រើន ពិសេសនៅក្នុងខេត្តហ៊្វូជាន ខេត្តជាំងស៊ី និងខេត្តក្វាងទុង។
ដើម្បីរកកន្លែងរស់នៅ ការពារខ្លួនពីសត្វព្រៃកាចសាហាវ និងចោរប្លន់ ជនជាតិឃឿចាត្រូវការកន្លែងរស់នៅរួមគ្នាជាមួយនឹងការការពារខ្ពស់ ហើយចំណាយប្រាក់តិចក្នុងការសាងសង់។ ដូច្នេះហើយពួកគេបានសាងសង់បន្ទាយដីដែលមានកំពែងដីព័ទ្ធជុំវិញលំនៅដ្ឋាន។ ពួកគេបានយកដីសើម និងឈើធ្វើជាវត្ថុធាតុដើមលាយបញ្ចូលគ្នា និងបានប្រើប្រាស់ថ្មតាមកម្រិតខុសៗគ្នា។
ក្នុងចំណោមសំណង់ផ្ទះដីធូឡូវទាំងអស់ សំណង់នៅខេត្តហ៊្វូជានមានទំហំធំជាងគេ ចំនួនច្រើនជាងគេ និងបានថែរក្សាយ៉ាងល្អបំផុត ក្នុងនោះមានសំណង់ជាង៣០០០ខ្នង ដែលភាគច្រើនស្ថិតនៅក្នុងស្រុកយ៉ុងទីង ស្រុកណានជីង និងស្រុកហឺអាន នៃខេត្តហ៊្វូជាន។ សំណង់ផ្ទះដីធូឡូវខ្លះមានរាងជារង្វង់ ខ្លះមានរាងដូចនឹងកីឡដ្ឋានទំនើបសព្វថ្ងៃ និងខ្លះមានរាងដូចផ្សិតដុះចេញពីដី ឬថាសហោះ UFO។
សំណង់ផ្ទះដីធូឡូវបានកើតឡើងនៅសម័យរាជវង្សសុង (សុងខាងត្បូង) និងរាជវង្សយ័ន (Yuan dynasty) ហើយកាន់តែមានការអភិវឌ្ឍនៅសម័យរាជវង្សម៉េង (Ming dynasty) រាជវង្សឆេង (Qing dynasty) និងសាធារណរដ្ឋចិន (Republic of China)។
សំណង់ផ្ទះដីធូឡូវ ជាទូទៅតែងតែព័ទ្ធដោយរង្វង់ពីរ ឬបីជាន់ពីខាងក្នុងដល់ក្រៅ ជារង្វង់តែមួយ។ រង្វង់ខាងក្រៅមានកម្ពស់ជាងដប់ម៉ែត្រ និងមានបួនជាន់ ហើយមានបន្ទប់ចាប់ពី១០០-២០០។ នៅរង្វង់ទីមួយនៃសំណង់ផ្ទះដីធូឡូវ ជាន់ទី១គឺជាផ្ទះបាយ និងភោជនីយដ្ឋាន ជាន់ទី២ជាឃ្លាំងដាក់ទំនិញ ជាន់ទី៣និងទី៤ជាបន្ទប់គេង។ រង្វង់ទី២នៃសំណង់ផ្ទះដីធូឡូវមានពីរជាន់ ហើយមានបន្ទប់ពី៣០-៤០បន្ទប់ ដែលជាទូទៅគឺជាបន្ទប់ទទួលភ្ញៀវ វិហារដូនតា និងទីធ្លាសម្រាប់មនុស្សរាប់រយនាក់ប្រារព្ធពិធីទូទៅ ដូចជា អាពាហ៍ពិពាហ៍ បុណ្យសព ពិធីអបអរសារទរផ្សេងៗ។ នៅក្នុងអគារមានអណ្តូងទឹក បន្ទប់ទឹក រោងម៉ាស៊ីនកិនស្រូវ និងកន្លែងផ្សេងៗទៀត។
ធ្លាប់មានយល់ច្រឡំពីសំណាក់សហរដ្ឋអាមេរិកថាមានលាក់ទុកយានរបស់ UFO នៅប្រទេសចិន ដោយសំអាងតាមរយៈផ្កាយរណប ប៉ុន្តែបន្ទាប់ពីមានការបកស្រាយ និងចុះពិនិត្យរួចមក ការប្រកាន់នេះក៏បានលុបលាងមកវិញ ដោយសារតែរាងរូវរបស់ផ្ទះដីធូឡូវនេះ គឺដូចទៅនឹងយានរបស់ UFO ប្រសិនបើមើលតាមរយៈផ្កាយរណប៕