(ភ្នំពេញ)៖ សម្រាប់អ្នកដែលធ្លាប់ធ្វើដំណើរតាមយន្តហោះ ប្រហែលជាដឹងហើយថា នៅមុនពេលចេញដំណើរតែងមានការរំឭកឲ្យអ្នកដំណើរគ្រប់ៗរូប ត្រូវបិទឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ឬត្រូវរក្សាទុកក្រោមមុខងារ Airplane Mode ឬ Flight Mode ពេញមួយរយៈពេលនៃជើងហោះហើរ។ ការតម្រូវបែបនេះ គឺដោយសារតែមូលហេតុថា ការបញ្ជូនរលកសញ្ញាចេញ-ចូលគ្រឿងអេឡិចត្រូនិចអស់ទាំងនោះ អាចបង្កការរំខាន់ដល់ឧបករណ៍គ្រប់គ្រងការធ្វើដំណើររបស់យន្តហោះបាន។
តើបញ្ហានេះពិតជាកើតឡើងមែនឬទេ? តើស្មាតហ្វូនរបស់យើង ឬឧបករណ៍អេឡិចត្រូនិចដទៃទៀត ពិតជាអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរអំឡុងជើងហោះហើរមែនឬយ៉ាងណា?
ចម្លើយយ៉ាងខ្លីចំពោះសំណួរខាងលើ គឺប្រហែលជាពួកវាមិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែយើងគួរដឹងថាតើឧបករណ៍អេឡិចត្រូនិចរបស់យើង អាចប៉ះពាល់ដល់ប្រព័ន្ធយន្តហោះ ក៏ដូចជាអ្នកដំណើរដទៃទៀតដោយរបៀបណា អំឡុងពេលហោះហើរ។ ជំហានដំបូងគឺយើងគួរដឹងថា ឧបករណ៍អេឡិចត្រូនិចដំណើរការ និងធ្វើអន្តរកម្មបែបណាជាមួយយន្តហោះ។
បើនិយាយជាទូទៅ ដើម្បីភ្ជាប់ទៅកាន់បណ្តាញឥតខ្សែ (Wireless Network) ឬបង្គោលសេវាទូរស័ព្ទ ឧបករណ៍អេឡិចត្រូនិចត្រូវដើរតួក្លាយជាឧបករណ៍បញ្ជូនរលកសញ្ញា ដែលភ្ជាប់ទៅបង្គោលសេវាទូរស័ព្ទនានា ព្រមទាំងឧបករណ៍ទទួលផ្សេងទៀតដែលដឹកជញ្ជូនរលកសញ្ញាចេញទៅក្រៅ ប៉ុន្តែទន្ទឹមគ្នានេះពួកវាផ្ទាល់ក៏ក្លាយជាឧបករណ៍ទទួល ដើម្បីទទួលរលកសញ្ញាដែលចូលមកផងដែរ ហើយការបញ្ជូនរលកសញ្ញាក្នុងកម្រិតខ្លាំង ឬខ្សោយ គឺអាស្រ័យទៅលើចម្ងាយរបស់បង្គោលសេវាទូរស័ព្ទ ឬក៏ឧបករណ៍ទទួលដទៃទៀត។
ពេលឧបករណ៍អេឡិចត្រូពិចនៅដំណើរការធម្មតា ពួកវាតែងបញ្ជូនរលកសញ្ញាចេញ-ចូលជានិច្ច លើកលែងនៅពេលត្រូវបានដាក់ក្រោមមុខងារ Airplane Mode ឬ Flight Mode ដែលមានតួនាទីបិទលែងឲ្យមានការទទួល ឬបញ្ចេញរលកសញ្ញាតទៀត។ អាកាសចរណ៍ភាគច្រើនបានកត់សម្គាល់ថា រលកសញ្ញាដែលបញ្ចេញពីឧបករណ៍អេឡិចត្រូនិចមានលទ្ធភាពអាចបង្កការរំខានដល់ប្រព័ន្ធសំខាន់ៗរបស់យន្តហោះ។
ដោយឡែក ក្នុងស្ថានភាពជាក់ស្តែង ឧបករណ៍អេឡិចត្រូនិចសំខាន់ៗនៅលើយន្តហោះសម័យឥឡូវ គឺត្រូវបានការពារយ៉ាងល្អជាទីបំផុតពីការរំខានដោយរលកសញ្ញា។ ទោះបីជាការរំខានផ្នែកអេឡិចត្រូនិចបង្កឡើងដោយការបញ្ចេញរលកសញ្ញាពីទូរស័ព្ទ ត្រូវគេជឿជាក់ថាមានជាប់ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះនៅប្រទេសស្វីសកាលពីឆ្នាំ២០០០ និងមួយករណីទៀតនៅនូវែលសេឡង់កាលពីឆ្នាំ២០០៣។ វាទំនងជានឹងគ្រាន់តែបង្កការស្មុគស្មាញបន្តិចបន្តួចចំពោះក្រុមសហសេវិកប៉ុណ្ណោះ ដូចជាសំឡេងរំខាន ឬការប្រែប្រួលតិចតួចនៃសញ្ញាលើឧបករណ៍។
គួរបញ្ជាក់ថា បញ្ហានេះហើយទំនងជាមូលហេតុដែលអាកាសចរណ៍ទាំងឡាយស្នើឲ្យអ្នកដំណើរបិទទូរស័ព្ទ ឬដាក់ពួកវាឲ្យនៅក្រោមមុខងារ Airplane ឬ Flight Mode។ កាលពីឆ្នាំ២០១៤ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប EASA បានប្រកាសថា ឧបករណ៍អេឡិចត្រូនិចមិនបង្កហានិភ័យដល់សុវត្ថិភាពក្នុងការធ្វើដំណើរលើយន្តហោះឡើយ ប៉ុន្តែអាជ្ញាធរអាកាសចរណ៍នៃប្រទេសដទៃទៀត ដូចជាសហរដ្ឋអាមេរិក និងចិនជាដើមនៅរក្សាការដាក់កំហិតដដែល៕