(ពិភពលោក)៖ លំហអវកាសគឺជាទីកន្លែងចុងក្រោយ ដែលមនុស្សលោកត្រូវស្រាវជ្រាវរុករកពិតមែន ប៉ុន្តែបើគ្មានសម្លៀកបំពាក់ ការពារដ៏ល្អបំផុតទេនោះ ពួកយើងមិនអាចសម្រេចគោលដៅនេះបានឡើយ។ មកទល់បច្ចុប្បន្ន ទីភ្នាក់ងារអវកាសរបស់អាមេរិក ណាសា «NASA» ធ្លាប់បានអភិវឌ្ឍក៏ដូចជាប្រើប្រាស់ឈុតអវកាសខុសៗគ្នា ដើម្បីឱ្យអវកាសយានិករបស់ខ្លួនស្លៀកការពារ ពេលទៅបំពេញបេសកកម្ម ក្នុងទីអវកាស។
* ឈុត «មែរឃ្យូរី (Mercury)» ដែលត្រូវបានប្រើប្រាស់ចន្លោះឆ្នាំ១៩៦១-១៩៦៣
គម្រោង «ប្រូជិច មែរឃ្យូរី (Project Mercury)» គឺជាពេលដែលជនជាតិអាមេរិកដំបូងគេ បានធ្វើដំណើរឡើងទៅដល់ គន្លងអវកាសរបស់ផែនដី។ ឈុតនេះត្រូវបាន NASA កែច្នៃបន្ថែមចេញពី ឈុតដែលអាកាសយានិកអាមេរិក ស្លៀកពេលបើកយន្តហោះ ក្នុងបេសកកម្មដែលតម្រូវឲ្យស្ថិតនៅរយៈកម្ពស់ខ្ពស់ខ្លាំង។ អវកាសយានិកអាមេរិក៦នាក់ ធ្លាប់ស្លៀកឈុតនេះឡើងទីអវកាស មុនពេល NASA សម្រេចបញ្ឈប់ការប្រើប្រាស់វា។
* ឈុត «ជីមីណៃ (Gemini)» ដែលត្រូវបានប្រើប្រាស់ចន្លោះឆ្នាំ១៩៦៥-១៩៦៦
គម្រោង «ប្រូជិច ជីមីណៃ (Project Gemini)» គឺជាកម្មវិធីអវកាសទីពីររបស់អង្គការ NASA។ ឈុត Gemini ត្រូវបានរចនាឡើងដោយក្រុមហ៊ុន ដេវីដ ខ្លាក (David Clark) ក្រោមដៅគោលដៅផ្តល់ភាពងាយស្រួលដល់ អវកាសយានិកក្នុងការធ្វើចលនា ហើយមានផាសុខភាពជាងមុន។ ទោះជាបែបនេះក្តី វាមានទម្ងន់សរុបប្រមាណ ៧គីឡូក្រាមឯណោះ។
* ឈុត «ជិមីណៃ ជីហ្វរស៉ី (Gemini G4C)» ដែលត្រូវបានប្រើប្រាស់ចន្លោះឆ្នាំ១៩៦៥-១៩៦៦
ឈុតអវកាស Gemini ប្រភេទ G4C ត្រូវបានរចនាឡើង ដើម្បីឱ្យអវកាសយានិក អាចចាកចេញពីយាន ហើយបណ្តែតខ្លួនក្នុងទីអវកាសបាន។ ឈុតប្រភេទ G4C អាចមានទម្ងន់កាន់តែធ្ងន់ថែមទៀត គឺរហូតដល់១៧គីឡូក្រាម។ ឈុតអវកាសដែលគេប្រើក្នុងយានអវកាស គឺដើម្បីការពារក្នុងករណីដែលមានការបាត់បង់សម្ពាធខ្យល់ក្នុងយានអវកាស ខណៈឈុតដូចជា Gemini G4C នេះ គឺសម្រាប់ការពារអវកាសយានិក នៅក្នុងលំហអវកាសផ្ទាល់តែម្តង។
* ឈុត «អាប៉ូឡូ (Apollo)» ដែលត្រូវបានប្រើប្រាស់ចន្លោះឆ្នាំ១៩៦៧-១៩៧៥
អំឡុងគម្រោងកម្មវិធីនេះ NASA បានអភិវឌ្ឍឈុតអវកាសថ្មីផ្សេងទៀត ដែលផ្តល់ការការពារជាពិសេស សម្រាប់អវកាសយានិក ពីបរិស្ថាននៅលើផ្ទៃព្រះច័ន្ទ។ ឈុត Apollo អាចប្រើបានរយៈពេល៤ម៉ោង នៅក្រៅយានអវកាស។ ឈុតអវកាសនេះនៅលើផែនដីយើង មានទម្ងន់៨០គីឡូក្រាម ប៉ុន្តែលើផ្ទៃព្រះច័ន្ទដែលមានកម្លាំងទំនាញទាប គឺវាមានទម្ងន់ប្រហែល១៣គីឡូក្រាមប៉ុណ្ណោះ។
* ឈុត «ស្ពេស សាត់ថល (Space Shuttle) ដំបូង» ដែលត្រូវបានប្រើប្រាស់កាលពីឆ្នាំ១៩៨១
បេសកកម្មហៅថា STS-1 (Space Transportation System-1) គឺបេសកកម្មដំបូងនៃគម្រោងកម្មវិធីយាន Space Shuttle របស់ NASA។ ក្នុងបេសកកម្មនោះ យាន Space Shuttle ឈ្មោះ «ខូឡុំបៀ (Columbia)» បាននាំយកអវកាសយានិកអាមេរិក២នាក់ ឡើងទៅកាន់ទីអវកាស ហើយធ្វើដំណើរនៅក្បែរផែនដីរយៈពេល៣៧នាទី មុនពេលត្រឡប់ចូលក្នុងស្រទាប់បរិយាកាស និងហោះសំកាំងមកចុះចតនៅលើ ផ្ទៃភពរបស់យើងវិញ។
ដោយសារពេលនោះ អវកាសយានិកទាំងពីរនាក់ មិនបានត្រូវចាកចេញពីយានអវកាស ដូច្នេះពួកគេស្លៀកតែឈុតអវកាសធម្មតាប៉ុណ្ណោះ ដែលដូចទៅនឹងករណីឈុត Mercury ដែរ គឺវាត្រូវបានច្នៃចេញមកពីឈុត ដែលអាកាសយានិកអាមេរិក ប្រើប្រាស់ក្នុងបេសកកម្មដែលនៅរយៈកម្ពស់ខ្ពស់ខ្លាំង។
* ឈុត Space Shuttle ផ្លូវការ ត្រូវបានប្រើប្រាស់ចន្លោះឆ្នាំ១៩៨៨-២០១១
ឈុតសម្លៀកបំពាក់ដែលអវកាសយានិកអាមេរិកប្រើប្រាស់ជាផ្លូវការ អំឡុងបេសកកម្ម Space Shuttle គឺពេលខ្លះត្រូវគេហៅថា «ឈុតល្ពៅ» ដោយសារពណ៌របស់វា។ ឈុតអវកាសនេះ ក៏ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបន្តបន្ទាប់ផងដែរ អំលុងកម្មវិធីយាន Space Shuttle។
* ឈុត EMU (Extravehicular Mobility Unit) ដែលត្រូវបានប្រើប្រាស់ចាប់តាំងពី១៩៨៣ រហូតដល់បច្ចុប្បន្ន
អវកាសយានិកអាមេរិកសម័យកម្មវិធី Space Shuttle តែងតែត្រូវធ្វើការងារជាប្រចាំនៅក្នុងលំហអវកាសផ្ទាល់ ដើម្បីពិនិត្យមើលផ្កាយរណប ព្រមទាំងសាងសង់ និងជួលជុលស្ថានីយអវកាសអន្តរជាតិ ISS។ ដូច្នេះពួកគេត្រូវការឈុតអវកាសពិសេសមួយ ហើយ NASA ក៏បានបង្កើតឈុត EMU ឡើង។ ឈុតនេះមានស្រទាប់ការពារ១៤ស្រទាប់ និងអាចទ្រទ្រង់ជីវិតអវកាសយានិក បានរហូតដល់៨ម៉ោង។ នៅលើផ្ទៃផែនដីវាអាចមានទម្ងន់ដល់ទៅខ្ទង់១៤០គីឡូក្រាម។
អង្គការ NASA ក៏មានឧបករណ៍ដែលដូចជាកាបូបស្ពាយធំមួយ បំពាក់នៅខាងក្រោយផងដែរសម្រាប់ឈុត EMU ហៅថា MMU (Manned Maneuvering Unit)។ វាអនុញ្ញាតឲ្យអវកាសយានិកផ្លាស់ទីដោយសេរី និងមិនចាំបាច់ត្រូវចងខ្សែភ្ជាប់នៅនឹងស្ថានីយ ISS នោះទេ។ សព្វថ្ងៃនេះ អវកាសយានិកអាមេរិកនៅលើស្ថានីយ ISS ប្រើប្រាស់ឈុត EMU ដែលទំនើបជាងឈុត EMU ដើម ដើម្បីមើលថែទាំស្ថានីយអវកាសអន្តរជាតិនេះ។
ឈុតអវកាស EMU ត្រូវបានរចនាឡើងដំបូងជាមួយអាយុកាលប្រើប្រាស់តែ១៥ឆ្នាំប៉ុណ្ណោះ។ ក្នុងចំណោមឈុត EMU ដើមចំនួន១៨ឈុត បច្ចុប្បន្ននៅសល់ត្រឹមតែ៤ឈុត ហើយពួកវាត្រូវបានរក្សាទុកនៅស្ថានីយ ISS។
* ឈុត សូកុល (Sokol)
ឈុតអវកាស Sokol តាមពិតវាគឺជាឈុតអវកាសរបស់ប្រទេសរុស្ស៉ីឯណោះទេ។ ឈុតអវកាសទម្ងន់ជិត១០គីឡូក្រាមនេះ ត្រូវបានប្រើប្រាស់សម្រាប់ អវកាសយានិកទាំងឡាយ ដែលធ្វើដំណើរនៅក្នុងយានអវកាសរុស្ស៉ី Soyuz។ មូលហេតុដែលអវកាសយានិក របស់អាមេរិកធ្លាប់ស្លៀកឈុតនេះដែរ គឺដោយសារចាប់តាំងពីការបិទបញ្ចប់កម្មវិធីយាន Space Shuttle របស់ខ្លួន កាលពីឆ្នាំ២០១១ អង្គការ NASA ត្រូវពឹងផ្អែកលើយាន Soyuz ក្នុងការបញ្ជូនអវកាសយានិកឡើង-ចុះទៅកាន់ស្ថានីយ ISS។
ចាប់តាំងពីកម្មវិធីយាន Space Shuttle របស់ខ្លួនចូលនិវត្តន៍កាលពីឆ្នាំ២០១១ អង្គការ NASA បានពឹងផ្អែកលើយានរុស្ស៉ីរហូតមក ក្នុងការបញ្ជូនអវកាសយានិកអាមេរិកឡើង-ចុះស្ថានីយ ISS។
* ឈុត «ឃ្រូដ្រាហ្កន់ (Crew Dragon)»
ទោះបានពឹងផ្អែកលើរុស្ស៉ីអស់ច្រើនឆ្នាំក៏ដោយ ឥឡូវអង្គការ NASA បានចាប់ផ្តើមប្រើប្រាស់យានរបស់អាមេរិក ដើម្បីបញ្ជូនអវកាសយានិក ឡើងទៅស្ថានីយអវកាសអន្តរជាតិវិញហើយ។ NASA បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអវកាសអាមេរិកចំនួន២ គឺ ស្ពេសអ៉ិច (SpaceX) និងប៊ូអ៉ីង (Boeing) ដើម្បីអភិវឌ្ឍយានអវកាសសម្រាប់ដឹកជញ្ជូនអវកាសយានិកអាមេរិក។
ចាប់តាំងពីឆ្នាំ២០២០មក NASA និង SpaceX បានបញ្ជូនអវកាសយានិកមួយចំនួន ឡើងទៅស្ថានីយអវកាសអន្តរជាតិ តាមរយៈយាន Crew Dragon និងត្រូកូលគ្រាប់រ៉ុក្កែត ហ្វេលខន់ (Falcon) របស់ក្រុមហ៊ុន SpaceX ហើយប្រើប្រាស់ឈុតអវកាស ដែលត្រូវបានរចនាឡើងដោយ ក្រុមហ៊ុនអវកាសនេះផ្ទាល់។
* ឈុត «ស្តាឡាញណឺ (Starliner)»
វាជាឈុតរបស់យានអវកាសក្រុមហ៊ុន Boeing ដែលមើលទៅមានពណ៌យ៉ាងលេច គឺពណ៌ខៀវ និងទម្ងន់ជាង៥គីឡូក្រាម។ អវកាសយានិករបស់ NASA មិនទាន់បានប្រើឈុតនេះនៅឡើយទេ ព្រោះការធ្វើតេស្តដឹកជញ្ជូនអវកាសយានិករបស់យានឈ្មោះថា Starliner មិនទាន់ប្រព្រឹត្តទៅនោះទេ។
* ឈុត «អាទីមីស (Artemis)»
កាលពីខែតុលា ឆ្នាំ២០១៩ អង្គការ NASA បានបង្ហាញគំរូឈុតអវកាសថ្មីចំនួនពីរ សម្រាប់កម្មវិធី Artemis ដែលជាគម្រោងបញ្ជូនអវកាសយានិកអាមេរិក ទៅកាន់ផ្ទៃព្រះច័ន្ទជាថ្មីម្តងទៀតនៅឆ្នាំ២០២៤។ ក្នុងនោះឈុតពណ៌ស លាយខៀវនិងក្រហមហៅថា xEMU ជាឈុតសម្រាប់ការចុះដើរនៅផ្ទៃព្រះចន្ទ និងឈុតពណ៌ទឹកក្រូចសម្រាប់ការជិះក្នុងយានអវកាស អូរីអន (Orion)៕