(ពិភពលោក)៖ តើអ្នកមានដឹងដែរឬទេថា ផ្ទៃព្រះចន្ទដែលយើងមើលឃើញរាល់រាត្រី តាមពិតជាផ្ទៃតែមួយចំហៀងដដែលៗរបស់វាប៉ុណ្ណោះ គឺយើងមិនអាចមើលឃើញផ្ទៃមួយចំហៀងទៀតរបស់ព្រះចន្ទឡើយ។
ផ្ទៃមួយចំហៀងដែលបែរមករកផែនដីយើង គេហៅថា «ចំហៀងជិត (Near Side)» រីឯចំហៀងម្ខាងទៀត ដែលបែរចេញពីយើង គេហៅថា «ចំហៀងឆ្ងាយ (Far Side)»។ តើហេតុអ្វីទៅបានជាយើងមិនអាចមើលឃើញ ចំហៀងដែលនៅឆ្ងាយរបស់ព្រះចន្ទ? មានអ្នកខ្លះយល់ខុសថា ព្រះចន្ទច្បាស់ជាមិនវិលជុំវិញខ្លួនវាទេ ទើបផ្ទៃតែម្ខាងរបស់វាតែងតែបែរមករកផែនដីរហូតបែបនេះ។
ជាក់ស្តែងវិញ ព្រះចន្ទក៏វិលជុំវិញខ្លួនឯងដែរ ហើយប្រសិនបើវាមិនវិលជុំវិញខ្លួនឯងទេនោះ យើងមើលពីផែនដីទៅនឹងឃើញផ្ទៃទាំងសងខាងរបស់ជាមិនខាន។ បើតាមពិតព្រះចន្ទវិលជុំវិញខ្លួនឯង ចុះហេតុអ្វីបានជាយើងនៅតែមើលឃើញ ផ្ទៃតែមួយចំហៀងរបស់ព្រះចន្ទ? មូលហេតុគឺដោយសារ បាតុភូតមួយគេហៅថា «ស៉ីសក្រូណឺស រ៉ូថេសិន (Synchronous Rotation)»។ វាមានន័យថា ពេលវេលាដែលព្រះចន្ទប្រើដើម្បីវិលជុំវិញខ្លួនឯង ដូចគ្នាទៅនឹងពេលវេលា ដែលវាប្រើដើម្បីគោចរជុំវិញភពផែនដីដែរគឺ ២៧.៣២ថ្ងៃ។
គួរជម្រាបថា បាតុភូតខាងលើកើតឡើងដោយសារតែ ឥទ្ធិពលនៃកម្លាំងទំនាញរបស់ផែនដីទៅលើព្រះចន្ទ។ យើងអាចហៅបាតុភូតនេះ បានម៉្យាងទៀតថា «ថាយដល ឡក់ឃីង (Tidal Locking)»។ ចំណែកព្រះចន្ទ ក៏មានឥទ្ធិពលមកលើផែនដី ដែលបង្កើតជាបាតុភូតទឹកជោរ-ទឹកនាចផងដែរ៕