(ពិភពលោក)៖ កាលពីសម័យបុរាណ មានអ្នកប្រាជ្ញមួយចំនួនធ្លាប់បាននិយាយថា «ផែនដីមានរាងមូល» ប៉ុន្តែមនុស្សភាគច្រើនមិនបានយល់ស្របចំពោះការលើកឡើងនេះឡើយ លុះដល់សតវត្សទី១៥-១៦ ទើបមានអ្នកដើរសមុទ្រមួយចំនួនបានធ្វើដំណើរមួយជុំនៃពិភពលោកទាំងមូល ពេលនោះហើយដែលមនុស្សម្នាចាប់ផ្ដើមដឹងថាផែនដីគឺមានរាងមូលពិតមែន។
* តើអ្នកដឹងទេថា អ្នកណាដែលជាបានធ្វើដំណើរជុំវិញពិភពលោកមុនគេបង្អស់?
នៅអត្ថបទចំណេះដឹងទូទៅមុន Fresh News Plush បានចេញផ្សាយហើយថា គឺជនជាតិអាស៉ីយើងនេះទេ ដែលជាអ្នកបានធ្វើដំណើរជុំវិញពិភពលោកមុនគេ គាត់គឺជាជនជាតិម៉ាឡេម្នាក់មានឈ្មោះថា អង់រិក (Enrique of Malacca) ប៉ុន្តែសម្រាប់មនុស្សទូទៅ គេមិនចាត់ទុកជនជាតិអាស៉ីយើងនេះជាអ្នកដែលបានធ្វើដំណើរជុំវិញពិភពលោកនោះទេ គឺពួកគេចាត់ទុកលោក ហ្វ៊ែរឌីណង់ ម៉ាសេឡង់ (Ferdinand Magellan) គឺជាអ្នកដែលបានបំបែកកំណត់ត្រានេះដំបូងគេបង្អស់។
លោក ហ្វ៊ែរឌីណង់ ម៉ាសេឡង់ គឺជានាវិកជនជាតិព័រទុយហ្កាល់ម្នាក់ ដោយលោកបានធ្វើការងារជាច្រើនបម្រើឱ្យព្រះមហាក្សត្រព័រទុយហ្កាល់ ប៉ុន្តែក្រោយមកលោកក៏ប្ដូរទៅបម្រើការឱ្យព្រះមហាក្សត្រអេស្ប៉ាញវិញ ព្រោះតែមានការអាក់អន់ស្រពន់ចិត្តជាមួយព្រះមហាក្សត្រព័រទុយហ្កាល់។
ម៉ាសេឡង់កើតនៅអំលុងគ្រិស្ដសករាជ ១៤៨០ ក្នុងត្រកូលគ្រួសារអភិជនមួយនៅក្នុងស្រុកសាប្រូសា (Sabrosa) នៃប្រទេសព័រទុយហ្កាល់។ លុះដល់គ្រិស្ដសករាជ ១៥០០ ចំពេលដែលលោកមានវ័យ២០ឆ្នាំគត់ រាជការព័រទុយហ្កាលបានបញ្ជូនលោកឱ្យទៅតំបន់ឥណ្ឌី (Indies) ក្នុងឋានៈជា Francisco de Almeida (ហ្វ្រង់ស៉ីស្កូ ដឺ អាល់មីដា គឺជាគោរមងាររបស់និគមជនដែលទទួលបានការតែងតាំងពីស្ដេចព័រទុយហ្កាល់) ដើម្បីចូលរួមក្នុងប្រតិបត្តិការសឹកនៅតំបន់នេះ។ គួរជម្រាបថា តំបន់ឥណ្ឌី គឺជាតំបន់ដែលពួកអឺរ៉ុបសម័យមុនហៅសំដៅមកតំបន់អាស៉ីបច្ចុប្បន្ន ដែលភាគច្រើនពួកគេចង់សំដៅមកលើប្រទេសឥណ្ឌា អាស៉ីអាគ្នេយ៍ ចិន ឬតំបន់អូសេអានីជាដើម។
ក្នុងដំណើរចេញក្រៅប្រទេសលើកដំបូងនេះ ម៉ាសេឡង់បានចូលរួមធ្វើចម្បាំងជាច្រើនលើកនៅអាស៉ីអាគ្នេយ៍ ដើម្បីដណ្ដើមយកទីក្រុងម៉ាឡាកា (Malacca) និងប្រជុំកោះគ្រឿងទេស ឬកោះម៉ូលុក (Moluccas)។ នៅគ្រិស្ដសករាជ ១៥១២ លោកបានចេញពីម៉ាឡាកាត្រឡប់ទៅប្រទេសព័រទុយហ្កាល់វិញ ហើយនៅគ្រិស្ដសករាជ ១៥១៣ លោកក៏បានទៅដល់ត្រឹមប្រទេសម៉ារ៉ុក (Morocco) នៃទ្វីបអាហ្វ្រិកភាគខាងលិច។ នៅទីនោះ លោកបានស្នាក់នៅនិងធ្វើការងាររួមគ្នាជាមួយទេសាភិបាលអាណានិគមព័រទុយហ្កាល់ប្រចាំដែនដីម៉ារ៉ុក ប៉ុន្តែម៉ាសេឡង់ និងទេសាភិបាលរូបនោះមិនចុះសម្រុងជាមួយគ្នាទាល់តែសោះ រហូតត្រូវគេរាយការណ៍ពីកំហុសជាច្រើនរបស់លោកទូលថ្វាយស្ដេចព័រទុយហ្កាល់ គឺព្រះចៅអេម៉ាញូអែលទី១ (King Emanuel I)។ ព្រះចៅអេម៉ាញូអែលក៏បានដកតំណែងនិងគោរមងារ Francisco de Almeida ពីម៉ាសេឡង់ថែមទៀតផង។
នៅគ្រិស្ដសករាជ ១៥១៧ ម៉ាសេឡង់បានបោះបង់ចោលសញ្ជាតិព័រទុយហ្កាល់ ហើយបានរត់ទៅបម្រើរាជកិច្ចឱ្យព្រះមហាក្សត្រអេស្ប៉ាញវិញ ដែលអេស្ប៉ាញកាលណោះសោយរាជ្យដោយព្រះចៅហ្សាលទី១ (Chales I)។ នៅប្រទេសអេស្ប៉ាញ ម៉ាសេឡង់បានបញ្ចុះបញ្ចូលឱ្យស្តេចហ្សាលទី១ប្រទានថវិកាចុះបេសកកម្មមួយ ដើម្បីស្វែងរកផ្លូវឆ្ពោះទៅកាន់កោះមូលុក ដែលល្បីល្បាញខាងយុទ្ធសាស្ត្រ និងការធ្វើពាណិជ្ជកម្មគ្រឿងទេស។
នៅថ្ងៃទី១០ ខែសីហា គ្រិស្ដសករាជ ១៥១៩ នាវាចំនួន៥ ដែលមានសហសេវិក២៦៥នាក់ ស្ថិតក្រោមការបញ្ជារួមរបស់លោក ម៉ាសេឡង់ បានចាកចេញពីខេត្តសេវីល (Seville) នៃប្រទេសអេស្ប៉ាញ ដើម្បីបំពេញបេសកកម្មទៅកាន់កោះម៉ូលុក។ ក្នុងពេលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងទ្វីបអាមេរិក (អាហ្សង់ទីន) ក្រុមនាវារបស់ម៉ាសេឡង់បានប៉ះទង្គិចខ្លះជាមួយកងនាវារបស់ព័រទុយហ្កាល់ ដែលកំពុងតាមកម្ចាត់ម៉ាសេឡង់ ព្រោះម៉ាសេឡង់បានក្បត់ជាមួយស្ដេចព័រទុយហ្កាល់។ ច្បាំងបណ្ដើរ បើកនាវាបណ្ដើរ ក្រុមលោកម៉ាសេឡង់ក៏បានទៅដល់ច្រកសមុទ្រមួយ ដែលក្រោយមកគេក៏បានដាក់ឈ្មោះតាមឈ្មោះរបស់លោកថា «ច្រកម៉ាសេឡង់»។ បីសប្តាហ៍ក្រោយមក គាត់បានទៅដល់សមុទ្រមួយដ៏ធំល្វឹងល្វើយនៅផ្នែកម្ខាងទៀតនៃទ្វីបអាមេរិក នោះហើយគឺជាមហាសមុទ្រប៉ាស៉ីហ្វិក ដែលគ្រាដំបូងគេហៅឈ្មោះថា ម៉ារ ប៉ាស៊ីហ្វីកូ (Mar Pacifico)។
ការធ្វើដំណើរនេះ គឺពិតជាមានភាពលំបាកលំបិនច្រើន ណាមួយត្រូវប៉ះទង្គិចជាមួយពួកព័រទុយហ្កាល់ផង ណាមួយផ្លូវវែងឆ្ងាយផង ហើយម្យ៉ាងទៀតក៏ដាច់ស្បៀងអាហារផង ធ្វើឱ្យក្រុមនាវិករបស់លោកម៉ាសេឡង់បាត់បង់នាវាអស់ចំនួន២គ្រឿង ពោលគឺនៅសល់តែ៣គ្រឿងប៉ុណ្ណោះ គឺនាវាកុងសិបស្សុង (Concepcion) នាវាទ្រីនីដាដ (Trinidad) និងនាវាវិកតូរីយ៉ា (Victoria)។ ទីបញ្ចប់ នៅខែមីនា គ្រិស្តសករាជ ១៥២១ ពួកគេបានទៅដល់កោះម៉ារីយ៉ាណា (Marianas) ហើយដប់ថ្ងៃក្រោយមក ក៏បានបន្តទៅដល់ប្រទេសហ្វីលីពីនបច្ចុប្បន្ន។
ម៉ាសេឡឡង់គិតថានឹងស្នាក់នៅទីនេះមួយរយៈ ពីព្រោះវាជាកន្លែងមានសុវត្ថិភាពពីពួកព័រទុយហ្កាល់។ សហសេវិករបស់គាត់ក៏អាចសម្រាក ហើយគេក៏អាចជួសជុលនាវាផងដែរ ដូច្នេះហើយពួកគេបានទៅដល់កោះមូលុកដោយសុវត្ថិភាព។ គាត់បានបង្កើតមិត្តភាពជាមួយអាណាចក្រសេប៊ូ (Cebu) ហើយយល់ព្រមថានឹងជួយវាយប្រហារជនជាតិដើមជិតខាងនៅលើកោះម៉ាកតែន (Mactan)។ តែនេះជាកន្លែងដែលមានការវាយប្រហារយ៉ាងសាហាវ ដោយនៅក្នុងការប៉ះទង្គិចគ្នានោះ ម៉ាសេឡង់ក៏ត្រូវនឹងព្រួញពិសរងរបួសរហូតដល់ស្លាប់បាត់បង់ជីវិត។
ក្រោយពីមរណភាពមក នាវិកជនជាតិអេស្ប៉ាញវ័យក្មេងម្នាក់ទៀតឈ្មោះ ហ៉័ន សេប៉ាស្ទៀន ដែលកាណូ (Juan Sebastian del Cano) បានទទួលតំណែងជាមេបញ្ជាការជំនួសលោក ម៉ាសេឡង់។ ការធ្វើដំណើរនេះបានបន្តទៅមុខទៀត នៅពេលដែលនាវាកុងសិបស្សុងត្រូវគេដុតចោល ដោយសារតែវាចាស់ទ្រុឌទ្រោមពេក។ នាវាដែលនៅសល់២ទៀតបានធ្វើដំណើរទៅកាន់កោះបរណេអូ (Borneo) និងកោះម៉ូលុក។ នាវាទ្រីនីដាបានធ្វើដំណើរទៅកាន់ប្រទេសប៉ាណាម៉ា តែត្រូវលិចទឹក ហើយនៅទីបំផុតនៅសល់តែសហសេវិក៤នាក់គត់បានទៅដល់ប្រទេសអេស្ប៉ាញវិញ។ នាវាវិកតូរីយ៉ាបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រឥណ្ឌា ហើយបានធ្វើដំណើរជុំវិញជ្រោយ Cape of Good Hope (ជាដីជ្រោយដែលសម្បូរដោយថ្មនៅលើឆ្នេរសមុទ្រអាត្លង់ទិកនៃឧបទ្វីបខាប ប្រទេសអាហ្វ្រិកខាងត្បូង)។ ជនជាតិព័រទុយហ្កាល់បានចាប់ឃុំឃាំងសហសេវិកអស់១៣នាក់នៅកោះកាប់វែរ (Cape Verde) ប៉ុន្តែនៅមានសហសេវិក១៨នាក់ទៀតបានទៅដល់ទីក្រុងសាន់លូការ (Sanlucar) នាថ្ងៃទី០៦ ខែកញ្ញា គ្រិស្ដសករាជ ១៥២២ ដូច្នេះហើយទើបបញ្ចប់ការធ្វើដំណើរតាមសមុទ្រជាលើកដំបូងបង្អស់ជុំវិញពិភពលោក។
ការរុករកនេះបានផ្ដល់នូវលទ្ធផលជាផ្លែផ្កាដ៏ច្រើនបំផុតសម្រាប់វិទ្យាសាស្ត្រ ដែលភស្ដុតាងជាវិជ្ជមានមួយជាលើកដំបូងអំពីផែនដីរាងមូល ហើយជាទស្សនៈពិតប្រាកដមួយជាលើកដំបូងអំពីផ្ទៃដី និងផ្ទៃទឹក។
ការធ្វើដំណើរពីអឺរ៉ុបទៅអាស៉ីកាត់តាមច្រកសមុទ្រម៉ាសេឡង់ គឺប្រើពេលយូរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអេស្ប៉ាញបានលក់អត្ថប្រយោជន៍របស់ខ្លួននេះទៅឱ្យប្រទេសព័រទុយហ្កាល់។ ការធ្វើដំណើរតាមសមុទ្របានផ្ដល់នូវមូលដ្ឋានគ្រឹះសម្រាប់ពាណិជ្ជកម្មនៅសមុទ្រប៉ាស៉ីហ្វិក។ ប្រទេសអេស្ប៉ាញមិនទាន់ទទួលស្គាល់ភ្លាមៗអំពីសារប្រយោជន៍របស់ប្រទេសហ្វីលីពីនទេ ប៉ុន្តែមិនយូរប៉ុន្មាន ទីក្រុងម៉ានីលបានក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏សំខាន់បំផុតរបស់ប្រទេសអេស្ប៉ាញនៅពិភពលោកខាងកើត។
ម៉ាសេឡង់ ទោះបីជាគាត់មិនបានឈានដល់គោលដៅដែលលោកប្រាថ្នាបានយ៉ាងណាក៏ដោយ ប៉ុន្តែគាត់បានបើកផ្លូវនាវាចរណ៍ដ៏លំបាកបំផុតគ្រប់សតវត្សរ៍ទាំងអស់ ហើយបានបង្ហាញដល់ពិភពលោក និងអ្នករិះគន់ទៅលើរូបលោកថា លោកមិនអាចធ្វើដំណើរជុំវិញពិភពលោកបានហើយ។ ការរកឃើញរបស់ម៉ាសេឡង់ បានបើកទ្វារថ្មីមួយសម្រាប់ពិភពលោកឱ្យកាន់តែធំជាងមុន។ គេនៅតែចងចាំជានិច្ចថា «លោកជាមនុស្សមុនគេបង្អស់ដែលបានធ្វើដំណើរជុំវិញពិភពលោក»៕