(ភ្នំពេញ)៖ ប្រវត្តិនៃការធ្វើពាណិជ្ជកម្មអន្តរជាតិមានប្រវត្តិជាយូរលង់ណាស់មកហើយ ខណៈអ្នកប្រវត្តិសាស្ត្របានបង្ហាញថា វាបានកើតឡើងចាប់តាំងពីពេលដែលមនុស្សចេះរស់នៅជាកុលសម្ព័ន្ធមកម៉្លេះ។ តើប្រវត្តិនៃការធ្វើពាណិជ្ជកម្មនេះមានដំណើរដើមទងយ៉ាងណាខ្លះ?
បុរាណវិទូបានរកឃើញថា បណ្ដាញពាណិជ្ជកម្មអន្តរជាតិលើកដំបូងនៅលើពិភពលោកបានកើតមានតាំងពីប្រមាណ៣៥០០ឆ្នាំមុនគ្រិស្ដសករាជមកម្ល៉េះ ដោយវាបានលេចឡើងនៅតំបន់មេសូប៉ូតាមី (Mesopotamia) ស្ថិតនៅប្រទេសអ៉ីរ៉ាក់ និងអ៉ីរ៉ង់បច្ចុប្បន្ន។ ចំណែកនៅប្រទេសចិនបុរាណឯណោះវិញ ការលេចឡើងនូវបណ្ដាញផ្លូវសូត្រនាអំលុងឆ្នាំ២០០០-១០០០មុនគ្រិស្ដសករាជ ក៏ត្រូវបានគេចាត់ទុកថាជាបណ្ដាញពាណិជ្ជកម្មអន្តរជាតិផងដែរ។
មុនសម័យក្រិកបុរាណ តំបន់ជុំវិញសមុទ្រមេឌីទែរ៉ាណេ (Mediterranean) គឺជាតំបន់ពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយរបស់អ្នកស្រុកស្វ៉ីនិក (Phoenician)។ រហូតដល់ឆ្នាំ៨០០មុនគ្រិស្ដសករាជ រដ្ឋបុរីក្រិកសំខាន់ៗក៏បានចាប់ផ្ដើមប្រកួតប្រជែងជាមួយពួកស្វ៉ីនិក។ ចាប់តាំងពីពេលនោះមក វិស័យពាណិជ្ជកម្មនិងអារ្យធម៌ក្រិកបុរាណក៏បានបន្តការរីកចម្រើនជាលំដាប់ ជាហេតុធ្វើឱ្យអារ្យធម៌របស់ពួកស្វ៉ីនិករសាតបាត់បន្ដិចម្ដងៗ។
នៅដើមគ្រិស្ដសករាជ ក្នុងពេលដែលឥទ្ធិពលក្រិកបុរាណមានភាពថមថយ ពួករ៉ូម៉ាំងក៏បានកសាងចក្រភពដ៏ធំមួយរបស់ខ្លួន ជាមួយនឹងការពង្រីកពាណិជ្ជកម្មរហូតដល់ទឹកដីចក្រភពអង់គ្លេសសព្វថ្ងៃ និងតំបន់ផ្សេងទៀតនៅអឺរ៉ុបខាងជើង ប៉ុន្តែនៅពេលចក្រភពរ៉ូមខាងលិចដួលរលំទៅ ចរន្តនៃការពាណិជ្ជកម្មអន្តរជាតិនៅតំបន់នេះក៏បានធ្លាក់ចុះជាមួយគ្នាផងដែរ។
ចាប់ពីសតវត្សទី៥-១៥ ពាណិជ្ជករអារ៉ាប់បានបន្តទំនៀមទម្លាប់ពាណិជ្ជកម្មអន្តរជាតិពីពួកអឺរ៉ុប ដោយពួកគេបានបង្កើតបណ្ដាញពាណិជ្ជកម្មយ៉ាងធំនៅជុំវិញឈូងសមុទ្រពែរ្ស តំបន់អាហ្វ្រិក ឥណ្ឌា និងតំបន់អាស៉ីអាគ្នេយ៍ ជាហេតុធ្វើឱ្យមានការរីកចម្រើនលើវិស័យពាណិជ្ជកម្មរវាងប្រទេសចិន ឥណ្ឌា ជ្វា ម៉ាឡេ ខ្មែរ ភូមា ចាម៉្បា ក្រោយមកក៏មានសៀម និងយួនទៀតផងដែរ។
រហូតដល់ពេលដែលពិភពលោកឈានដល់មជ្ឈិមសម័យ ពោលគឺនៅសតវត្សទី១១ ពិព័រណ៍ពាណិជ្ជកម្មតាមរដូវលើកដំបូងក៏ត្រូវបានបង្កើតឡើងនៅតាមទីក្រុងនានាក្នុងតំបន់អឺរ៉ុប។ ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាកន្លែងលក់ទំនិញរួមដែលពាណិជ្ជករបាននាំយកទំនិញពីបណ្ដាប្រទេសផ្សេងៗ។ បណ្ដាញពាណិជ្ជកម្មនៅតាមតំបន់អឺរ៉ុបមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដូចជាតំបន់នៅតាមបណ្ដោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ ទីក្រុងនានាក្នុងប្រទេសអ៉ីតាលីបុរាណ ដូចជា ទីក្រុងវេនិច (Venice) ទីក្រុងផ្លរ៉ង់ (Florence) ទីក្រុងហ្ស៊េណូវ៉ា (Genova) និងតំបន់អាហ្វ្រិកភាគខាងជើងជាដើម។
នៅចុងសតវត្សទី១៥ នៅពេលដែលលោក គ្រីស្តុប កូឡុំ រកឃើញទ្វីបអាមេរិក គួបផ្សំនឹងការរីកចម្រើនខាងបច្ចេកទេស វិទ្យាសាស្ត្រ និងការអភិវឌ្ឍនាវាសមុទ្រផងនោះ ពួកអឺរ៉ុបក៏បានបើកសម័យកាលថ្មីទៅកាន់ពិភពខាងក្រៅ ពួកគេបានបង្កើតបណ្ដាញអាណានិគម ដើម្បីរកវត្ថុធាតុដើមយកមកផ្គត់ផ្គង់ដល់ចង្វាក់ផលិតកម្មនៅប្រទេសខ្លួន។ នៅពេលទទួលបានផលិតផលសម្រេចហើយ ពួកអាណានិគមក៏បាននាំផលិតផលទាំងនោះទៅលក់ឱ្យប្រជាជននៅលើដែនដីដែលពួកគេដាក់អាណានិគមវិញ ប៉ុន្តែការធ្វើពាណិជ្ជកម្មបែបនេះហាក់មិនមានសណ្ដាប់ធ្នាប់នោះឡើយ ពីព្រោះភាគីទិញ-លក់មិនមានសិទ្ធិស្មើគ្នា ពោលគឺអ្នកលក់ដែលជាពួកអាណានិគមមានការបង្ខិតបង្ខំដល់អ្នកទិញដែលជាអ្នកនៅក្រោមអាណានិគម។
ផុតពីសម័យអាណានិគមនេះទៅ ពិភពលោកក៏បានឈានដល់សម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៣៩-១៩៤៥។ ចាប់តាំងពីពេលនោះមក ពិភពលោកក៏បានបង្កើតអង្គការពាណិជ្ជកម្មជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើពាណិជ្ជកម្មអន្តរជាតិឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញ៕