(ម៉ាឡេស៉ី)៖ ម៉ាឡាកាជាមជ្ឈមណ្ឌលនៃជ្រោយម៉ាឡាយូកាលពីអតីត ធ្លាប់ជាតំបន់កំពង់ផែដ៏សំខាន់ និងជាតំបន់ដែលធ្លាប់គ្រប់គ្រងដោយពួកអាណានិគមចម្រុះ មានព័រទុយហ្កាល់ ហូឡង់ អង់គ្លេស និងជប៉ុន ដែលបានបន្សល់នូវវប្បធម៌ចម្រុះរវាងម្ចាស់ស្រុក និងពួកអាណានិគមលោកខាងលិច។
បច្ចុប្បន្ន ម៉ាឡាកាជាទីក្រុងបេតិភណ្ឌពិភពលោកដែលត្រូវបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ និងនៅតែមានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនា។
* ប្រវត្តិសង្ខេបម៉ាឡាកា
តាំងពីដើមមក ម៉ាឡាកាគ្រាន់តែជាភូមិអ្នកនេសាទមួយប៉ុណ្ណោះ។ លុះដល់ឆ្នាំ១៤០២ ព្រះចៅបរមេស្វរៈ (Parameswara) ក៏បានបង្កើតអាណាចក្រមួយឡើង ដែលភាសាខ្មែរយើងហៅថា «មល្លកា» ឬហៅតាមភាសាបរទេសថា ម៉ាឡាកា (Malacca)។ ស្ដេចអង្គនេះក៏បានប្រែក្លាយម៉ាឡាកាទៅជាកំពង់ផែពាណិជ្ជកម្ម និងជាឃ្លាំងផ្ទុកទំនិញយ៉ាងមានសុវត្ថិភាព។
អាណាចក្រម៉ាឡាកាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចិននាសម័យរាជវង្សម៉េង (Ming dynasty)។ នៅឆ្នាំ១៤០៣ អាណាចក្រម៉ាឡាកាបានទទួលដំណើរទស្សនកិច្ចរបស់មេទ័ពជើងទឹកចិន២រូប មានឈ្មោះថា អ៉ីង ឈីង (Yin Qing) និង ចឹង ហឺ (Zheng He)។ ក្នុងដំណើរទស្សនកិច្ចនេះ ចឹង ហឺ បានគូសផែនទីមួយបង្ហាញពីទឹកដីម៉ាឡាកា ហើយបានបញ្ជូនទៅឱ្យរាជការម៉េងតម្កល់ទុក។ ព្រះចៅបរមេស្វរៈ ក៏បានយល់ព្រមដាក់អាណាចក្រម៉ាឡាការបស់ទ្រង់ក្រោមអាណាព្យាបាលចិនថែមទៀតផង ដើម្បីការពារខ្លួនពីការឈ្លានពានរបស់សៀមនៅអយុធ្យា (Ayutthaya) និងចក្រភពម៉ាចាប៉ាហីត (Majapahit) របស់ជ្វាកាន់សាសនាហិណ្ឌូ។ រាជការក្រុងអយុធ្យាពិតជាមិនចង់ឱ្យម៉ាឡាកាក្លាយជារដ្ឋថ្មីនោះឡើយ ពីព្រោះទីតាំងនេះគឺទីតាំងយុទ្ធសាស្ត្រ ពាណិជ្ជកម្មអន្តរជាតិ និងជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសខ្លួន ដូច្នេះហើយសៀមតែងតែចង់សំលៀងដាវចង់តែច្បាំងយកម៉ាឡាកាដាក់ក្រោមអំណាចខ្លួន ប៉ុន្តែដោយស្ដេចម៉ាឡាកាមានអធិរាជចិនជាបង្អែក ផែនការរបស់សៀមមិនអាចធ្វើទៅរួចបានឡើយ។ អធិរាជមហាម៉េង ស៊ានតឺ (Xuande) ធ្លាប់បានចេញរាជសារគំរាមដល់ព្រះចៅសៀមថាកុំឱ្យចូលឈ្លានពានម៉ាឡាកាឱ្យសោះ ផ្ទុយទៅវិញគួរតែបង្កើនចំណងទំនាក់ទំនងទើបល្អ ពីព្រោះរាជការម៉េងបានតាំងបន្ទាយទ័ពនៅម៉ាឡាការួចហើយ។
បន្ទាប់ពីមានទំនាស់ជាមួយសៀម ម៉ាឡាកាក៏ធ្លាប់រងការប៉ះទង្គិចពីសំណាក់កងទ័ពយួនអណ្ណាមផងដែរ ដោយអណ្ណាម ដែលកំពុងច្បាំងជាមួយចាម្ប៉ាផងនោះ ក៏ចង់ឈ្លានពានចូលម៉ាឡេផងដែរ ប៉ុន្តែត្រូវបានអធិរាជចិនចេញរាជសារហាមឃាត់ដូចគ្នា។ ហេតុការណ៍នេះបានកើតឡើងចាប់ពីឆ្នាំ១៤៧៩-១៤៨១។ ការការពារបានយ៉ាងរឹងមាំនេះ បានអនុគ្រោះឱ្យម៉ាឡាកាអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ រហូតក្លាយជាតំបន់កំពង់ផែអន្តរជាតិដ៏សំខាន់សម្រាប់អ្នកជំនួញមកពីចិន ឥណ្ឌា មជ្ឈិមបូព៌ា តំបន់ជុំវិញមេឌីទែរ៉ាណេ និងអឺរ៉ុប។
* ម៉ាឡាកាក្នុងសម័យអាណានិគមអឺរ៉ុប
ពិភពលោកក៏បានឈានដល់សម័យអាណានិគម ហើយបានរាលដាលមកដល់ឥណ្ឌា និងអាស៉ីអាគ្នេយ៍។ បន្ទាប់ពីវាយយកបានអាណាចក្រហ្គោអា (Goa) របស់ឥណ្ឌាបានហើយ កងទ័ពព័រទុយហ្កាល់បានបន្តមកដល់អាស៉ីអាគ្នេយ៍ និងបានបើកការវាយទន្ទ្រានយកអាណាចក្រម៉ាឡាកាមុនគេ រហូតទទួលបានជ័យជម្នះនៅឆ្នាំ១៥១១។ ចាប់ពេលនោះមក អាណាចក្រម៉ាឡាកាក៏ធ្លាក់ក្រោមអាណានិគមរបស់ព័រទុយហ្កាល់។
នៅខែថ្ងៃទី១៤ ខែមករា ឆ្នាំ១៦៤១ កងទ័ពហូឡង់បានសហការជាមួយកងទ័ពព្រះចៅស៊ុលតង់នៃរដ្ឋចូហូ (Jorho) វាយដណ្ដើមម៉ាឡាកាពីព័រទុយហ្កាល់។ ហូឡង់គ្រប់គ្រងម៉ាឡាកាចាប់ពីឆ្នាំ១៦៤១-១៧៩៨ ប៉ុន្តែហូឡង់មិនបានផ្ដោតខ្លាំងការអភិវឌ្ឍទីក្រុងម៉ាឡាកានេះឡើយ អ្វីដែលសំខាន់សម្រាប់ពួកគេគឺទីក្រុងប៉ាតាវីយ៉ា (Batavia) ឬទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៉ីបច្ចុប្បន្ន។
ម៉ាឡាកាត្រូវបានប្រគល់ឱ្យអង់គ្លេសនៅក្នុងសន្ធិសញ្ញាអង់គ្លេស-ហូឡង់ឆ្នាំ១៨២៤ ជាថ្នូរនឹងតំបន់បេនឃូលឡិន (Bencoolen) នៅលើកោះស៊ូម៉ាត្រា។ ចាប់ពីឆ្នាំ១៨២៤-១៩៤២ ម៉ាឡាកាក៏បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស ដែលដំបូងគ្រប់គ្រងដោយក្រុមហ៊ុនឥណ្ឌាខាងកើតរបស់អង់គ្លេស ហើយបន្ទាប់មកគ្រប់គ្រងដោយអាណានិគមស្ដេចអង់គ្លេសផ្ទាល់។
នៅអំឡុងសង្គ្រាមលោកលើកទីពីរ ម៉ាឡាកាបានស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពជប៉ុនក្នុងរយៈពេលខ្លីក្នុងឆ្នាំ១៩៤២-១៩៤៥។ បន្ទាប់ពីឆ្នាំ១៩៤៥នេះមក អង់គ្លេសក៏បានចូលទៅគ្រប់គ្រងម៉ាឡាកា និងរដ្ឋដទៃទៀតរបស់ប្រទេសម៉ាឡេស៉ី ព្រមទាំងប្រទេសសិង្ហបុរីបច្ចុប្បន្នផងដែរ៕