(ភ្នំពេញ)៖ ស្ដេចចក្រពត្តិនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គឺមានច្រើនណាស់ ប៉ុន្តែមានព្រះមហាក្សត្រមួយអង្គបានទទួលរហស្សនាម ឬព្រះបរមនាមថា «ព្រះចៅឈ្នះអស់ទិសទាំង១០»។ តើមហាក្សត្រអង្គណាដែលទទួលបានព្រះមហាកិត្តិយសដ៏សម្បើមបែបនេះ?
ជនជាតិខ្មែរ ជនជាតិថៃ ជនជាតិឡាវ ជនជាតិមន ពិសេសគឺជនជាតិភូមា (មីយ៉ាន់ម៉ា) ច្បាស់ជាបានស្គាល់អំពីព្រះនាមរបស់ព្រះចៅឈ្នះ១០ទិស ព្រះអង្គមានព្រះនាមថា ព្រះចៅបាយិនណង (Bayinnaung 1550–1581) ជាព្រះមហាក្សត្រភូមាដ៏អង់អាចមួយអង្គនាសតវត្សទី១៦។
ដំបូងឡើយ ព្រះអង្គសោយរាជ្យនៅរាជធានីក្រុងតងអ៊ូ (Taungoo) ដែលជាអាណាចក្រធំមួយរបស់ជនជាតិភូមា។ ក្រោយមក ព្រះអង្គបានវាយយកក្រុងហង្សាវតី (Hanthawaddy) របស់ជនជាតិមនរាមញ្ញ (នៅភាគខាងត្បូងមីយ៉ាន់ម៉ាបច្ចុប្បន្ន) ហើយក៏បានផ្លាស់រាជធានីថ្មីមកកាន់ក្រុងហង្សាវតីនេះវិញ។ ចាប់ពីពេលនោះមក ព្រះអង្គបានដឹកនាំកងទ័ពចូលឈ្លានពានយកអាណាចក្រជាច្រើននៅជុំវិញ។ ក្នុងរជ្ជកាលព្រះអង្គ អំណាចភូមារាមញ្ញបានគ្របដណ្ដប់លើអាណាចក្រនិងរដ្ឋជាច្រើន ដូចជា អាណាចក្រតងអ៊ូ (Tongoo) អាណាចក្រព្រហ្ម (Prome) អាណាចក្របាហ្កាន (Pagan) រដ្ឋសានរបស់ជនជាតិចិន (ភាគខាងជើងមីយ៉ាន់ម៉ា) អាណាចក្រឡានណា ឬនគរស្រែមួយលាន (ភាគខាងជើងថៃ) អាណាចក្រឡានសាង ឬនគរដំរីមួយលាន (ប្រទេសឡាវបច្ចុប្បន្ន) អាណាចក្រមុនីបុរៈនៅភាគឦសានឥណ្ឌា (Manipur) និងអាណាចក្រអយុធ្យារបស់ជនជាតិសៀម (ប្រទេសថៃបច្ចុប្បន្ន)។
* វាយលុកក្រុងស្រីអយុធ្យា
បន្ទាប់វាយយកបានអាណាចក្រជាច្រើនរួចមក ព្រះចៅបាយិនណងបានប្រមូលកម្លាំងទ័ព និងទិញបន្ថែមនូវគ្រឿងសព្វាវុធទំនើបៗ និងនាវាចម្បាំងបុរាណពីទាហានព័រទុយហ្កាល់ ដើម្បីត្រៀមវាយលុកចូលក្រុងស្រីអយុធ្យារបស់ជនជាតិសៀម ដែលជាមហាអំណាចធំមួយដែរនៅអាស៉ីអាគ្នេយ៍។ នៅឆ្នាំ១៥៦៣ ព្រះចៅបាយិនណងបានបញ្ជូនរាជសារទៅកាន់ស្ដេចសៀម ព្រះចៅមហាចក្រពត្តិ (Maha Chakkraphat 1548–1564) ដើម្បីទាមទារដំរីស១ក្បាល ក្នុងនាមសៀមជាប្រទេសចំណុះភូមា ប៉ុន្តែព្រះចៅមហាចក្រពត្តិបានបដិសេធ មិនព្រមថ្វាយសួយសារអាករនេះឡើយ។
តាមរយៈទង្វើមិនចំណុះបែបនេះ ទើបនៅចុងឆ្នាំ១៥៦៣ ព្រះចៅបាយិនណងបានដឹកនាំកងទ័ពប្រមាណ៦០,០០០នាក់ សេះចម្បាំង២,៤០០ក្បាល និងដំរីចម្បាំង៣៦០ក្បាល ចូលវាយលុយប្រទេសសៀម ក្នុងនោះកងទ័ពភូមារាមញ្ញបានវាយលុកចូលក្រុងឈៀងម័យ (Chiang Mai) ក្រុងកំពែងពេជ្រ (Kamphaeng Phet) ក្រុងពិស្ណុលោក (Phitsanulok) និងក្រុងពិចិត្រ (Phichit) ហើយបានដាក់ក្រុងទាំងបួននេះជាចំណុះក្រោមហង្សាវតី។
បន្ទាប់ពីវាយបានក្រុងសំខាន់ៗទាំងបួននេះហើយ កងទ័ពជើងគោករបស់ហង្សាវតីក៏បានបន្តវាយដល់រាជធានីក្រុងស្រីអយុធ្យា រីឯកងទ័ពជើងទឹកបានធ្វើដំណើរចូលតាមឈូងសមុទ្រសៀម ដោយមានជំនួយពីពួកព័រទុយហ្កាល់ផង ខណៈនាវាចម្បាំងទាំងនោះមានបំពាក់ទៅដោយកាំភ្លើងធំបុរាណរាប់ពាន់ដើម។ នៅឆ្នាំ១៥៦៤ កងទ័ពជើងទឹករបស់ភូមារាមញ្ញ និងព័រទុយហ្កាល់បានវាយបែកបន្ទាយទ័ពសៀមដែលនៅតាមមាត់សមុទ្រ ហើយបានឡើងគោកមកជួបគ្នាជាមួយកងទ័ពជើងគោកដែលកំពុងឡោមព័ទ្ធក្រុងស្រី។
នៅក្នុងរាជវាំងអយុធ្យាឯណេះវិញ ព្រះចៅមហាចក្រពត្តិបានចូលទិវង្គត ហើយរាជបល្ល័ង្កក៏ត្រូវបានផ្ទេរទៅឱ្យព្រះរាជបុត្រា គឺព្រះចៅមហិន្ទ្រាធិរាជ (Mahinthrathirat 1564–1568) ប៉ុន្តែក្សត្រថ្មីអង្គនេះមិនអាចស្រោចស្រង់ព្រះនគរបានឡើយ។ ទីបំផុត ក្រុងស្រីអយុធ្យា ក៏ដូចជាប្រទេសសៀមទាំងមូលបានធ្លាក់នៅក្រោមការត្រួតត្រារបស់ភូមាទាំងស្រុង។ បន្ទាប់ពីចាញ់សឹកភូមា ព្រះចៅមហិន្ទ្រាធិរាជត្រូវបានកងទ័ពភូមាចាប់ជាឈ្លើយសឹកបញ្ជូនទៅក្រុងហង្សាវតី ហើយបានតែងតាំងព្រះចៅមហាធម្មរាជាធិរាជ (Maha Thammarachathirat 1569–1581) សោយរាជ្យនៅក្រុងស្រីជំនួស ក្នុងនាមជានគរចំណុះភូមា។
នៅឆ្នាំ១៥៦៥ កងទ័ពរបស់ព្រះចៅបាយិនណងបានបន្តវាយចូលនគរឡានសាងរបស់លាវ និងបានដាក់នគរនេះជាចំណុះរបស់ភូមាដូចគ្នា។
ក្នុងរជ្ជកាលរបស់ព្រះចៅបាយិនណង ចក្រភពតងអ៊ូរបស់ភូមាបានលាតសន្ធឹងលើប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ ប្រទេសឥណ្ឌាភាគឦសានបច្ចុប្បន្ន ដោយមានព្រំដែនខាងជើងជាប់ប្រទេសចិន ខាងត្បូងជាប់ប្រទេសម៉ាឡេស៉ី ខាងលិចជាប់ប្រទេសឥណ្ឌា និងខាងកើតជាប់ប្រទេសខ្មែរនាសម័យលង្វែក និងអាណាចក្រដាយវៀតរបស់វៀតណាម។ អ្នកប្រវត្តិសាស្ត្របានចាត់ទុកចក្រភពតងអ៊ូរបស់ព្រះចៅបាយិនណងជាចក្រភពធំជាងគេក្នុងប្រវត្តិសាស្ត្រតំបន់អាស៉ីអាគ្នេយ៍យើងនេះ។
ព្រះចៅបាយិនណងបានចូលទិវង្គតនៅឆ្នាំ១៥៨១ រាជបល្ល័ង្កក៏បានទៅលើព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះចៅនិន្ទបុរិន្ទ ឬ ណាន់ដាបាយិន (Nanda Bayin 1535–1600) ប៉ុន្តែចក្រភពដ៏ធំល្វឹងល្វើយនេះត្រូវបានរបូតចេញពីអំណាចភូមាជាបន្តបន្ទាប់ក្នុងរជ្ជកាលព្រះរាជបុត្ររបស់ទ្រង់។
គួរជម្រាបថា ព្រះចៅបាយិនណង ជាព្រះមហាក្សត្រភូមាដ៏អង់អាចក្លាហាន ធ្វើសង្គ្រាមនៅទីណាឈ្នះអស់សត្រូវនៅទីនោះ ដែលគេបានផ្ដល់ព្រះបរមនាមថា «ព្រះចៅឈ្នះ១០ទិស Conqueror of the Ten Directions»។ ក្រៅពីព្រះចៅបាយិនណង មានព្រះមហាក្សត្រខ្លាំងពូកែ២អង្គទៀត នោះគឺព្រះចៅអនុរុទ្ធ ឬ អាណារ៉ាតា (Anawrahta 1014–1077) និងព្រះចៅអង្គហ្លួងពញា ឬ អាលួងផៃយ៉ា (Alaungpaya 1714–1760)៕