(ពិភពលោក)៖ តើអ្នកមានដឹងទេថា វ៉ាក់សាំងមានប្រវត្តិបង្កើតឡើងដំបូងយ៉ាងដូចម្ដេច? តើអ្នកណាជាអ្នករកឃើញវិធីចាក់វ៉ាក់សាំងដំបូងគេបង្អស់ ហើយតើវ៉ាក់សាំងបង្ការជំងឺអ្វីដែលត្រូវបានបង្កើតឡើងមុនគេនោះ?
លោកអ្នកប្រហែលជាបានឮមកហើយអំពី «ជំងឺអុតធំ» ដែលហៅតាមភាសាបច្ចេកទេសថា Smallpox ឬ Variola ដោយជំងឺដ៏កាចសាហាវនេះបានសម្លាប់ជីវិតមនុស្សយ៉ាងរង្គាលស្ទើរតែទូទាំងពិភពលោក ក្នុងនោះព្រះមហាក្សត្រប្រាំអង្គនៅប្រទេសលោកខាងលិច ក៏ត្រូវសោយទិវង្គតដោយជំងឺនេះផងដែរ។ វ៉ាក់សាំងសម្រាប់បង្ការជំងឺនេះហើយ ដែលត្រូវបានបង្កើតឡើងមុនគេបង្អស់។
* ដើមកំណើតនៃជំងឺអុតធំ
គ្មាននរណាដឹងអំពីដើមកំណើតនៃជំងឺអុតធំនេះនោះឡើយ គ្រាន់តែគេបានកត់សម្គាល់ឃើញថា អ្នកជំងឺមានរោគសញ្ញាដំបូងជាកន្ទោលក្រហមតូចៗលើស្បែក រហូតដល់ថ្ងៃទី៧ រោគសញ្ញាលើស្បែកទាំងនោះក៏វិវត្តទៅជាពងទឹកថ្លាៗ លុះដល់ថ្ងៃទី២១ ទើបពងទឹកនោះក្លាយទៅជាដំបៅដុំៗនៅលើស្បែកអ្នកជំងឺ មើលទៅគួរឱ្យខ្លាចញញើត។ មានការអះអាងថា រោគសញ្ញាស្នាមកន្ទួលរបស់ជំងឺអុតធំនេះ មានលក្ខណៈស្រដៀងទៅនឹងស្នាមកន្ទោលនៅលើស្បែកក្រៀមៗរបស់សាកសពម៉ាំមី (Mummy) នៅប្រទេសអេហ្ស៉ីប ដែលនាំឲ្យគេសន្មតថា ជំងឺអុតធំនេះបានកើតមានតាំងពី៣០០០ឆ្នាំមុនមកម្ល៉េះ។
កាលពីអំលុងសតវត្សទី៤នៃគ្រិស្តសករាជ នៅប្រទេសចិនសម័យបុរាណក៏ធ្លាប់កើតមានជំងឺមួយស្រដៀងនឹងជំងឺអុតធំនេះដែរ។ លុះដល់អំលុងសតវត្សទី៧ ជំងឺនេះក៏បានលេចឡើងនៅប្រទេសឥណ្ឌា ក៏ដូចជានៅតំបន់មជ្ឈិមបូព៌ា និងភាគខាងលិចបំផុតនៃទ្វីបអាស៉ី (Asia Minor or Anatolia) នាសតវត្សទី១០ ទៀតផងដែរ។
* ការផលិតវ៉ាក់សាំងដំបូងគេមួយ ដែលពិភពលោកមិនធ្លាប់ស្គាល់ពីមុន
នាអំលុងសតវត្សទី១៧ ក្នុងពេលដែលជំងឺអុតធំកំពុងរាតត្បាតនៅពាសពេញទ្វីបអឺរ៉ុបនោះ អ្នកវិទ្យាសាស្ត្របានសាកល្បងព្យាបាលអ្នកកើតជំងឺនេះ តាមរយៈវិធីសាស្ត្រធ្វើឱ្យស្បែករបស់ជនរងគ្រោះរបួស រួចយកក្រម៉ដំបៅរបស់អ្នកជំងឺដែលស្ថិតក្នុងអាការស្រាលៗ មកត្រដុសជាមួយស្នាមរបួសនោះ។ ជាលទ្ធផល វិធីនេះមិនសូវជាមានប្រសិទ្ធភាពខ្ពស់ប៉ុន្មានឡើយ ខណៈមនុស្សរាប់លាននាក់នៅតែបន្តស្លាប់ដោយសារជំងឺអុតធំនេះដដែល ដោយជាមធ្យម មនុស្ស៣នាក់ក្នុងចំណោម១០នាក់ដែលឆ្លងជំងឺនេះ ត្រូវស្លាប់យ៉ាងវេទនា។ សម្រាប់អ្នកដែលបានរស់ក្រោយឆ្លងជំងឺនេះ ភាគច្រើនបន្សល់ទុកនូវស្លាកស្នាមនៅលើស្បែកគួរឲ្យកោតញញើត។
លុះដល់គ្រិស្ដសករាជ ១៧៧៣ ក៏មានគ្រូពេទ្យជនជាតិអង់គ្លេសម្នាក់បានចាប់ផ្ដើមរកដំណោះស្រាយទប់ស្កាត់ជំងឺអុតធំ ខណៈនៅជំនាន់នោះ ពិភពលោកមិនទាន់មានវ៉ាក់ស៉ាំងបង្ការជំងឺអ្វីមួយនៅឡើយទេ។ គ្រូពេទ្យរូបនោះមានឈ្មោះថា អេដវើដ ជេនណឺរ (Edward Jenner)។ នៅពេលលោក អេដវើដ ទទួលព្យាបាលជំងឺរបស់ប្រជាជនកាន់តែច្រើននោះ លោកបានសង្កេតឃើញថា អ្នកដែលអាចរួចផុតជីវិតពីសេចក្ដីស្លាប់ដោយសារជំងឺអុតធំនេះ ភាគច្រើនគឺស្រ្តីអ្នកយកទឹកដោះគោនៅកសិដ្ឋានចិញ្ចឹម។ ស្ត្រីទាំងនោះសុទ្ធតែធ្លាប់ឆ្លងជំងឺអុតក្នុងទម្រង់ស្រាលៗម្តងរួចមកហើយ ដោយគេហៅវាថា ជំងឺអុតគោ (Cowpox)។ ប្រការនេះបញ្ជាក់ឱ្យជេនណឺរយល់ថា ប្រសិនបើជំងឺអុតគោអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ដូច្នេះទម្រង់ស្រាលនេះនឹងអាចឱ្យមនុស្សជៀសផុតពីគ្រោះថ្នាក់ដោយសារជំងឺអុតធំបាន។
ដោយរកឃើញសមត្ថកម្មបែបនេះហើយ លោក ជេនណឺរ បានសម្រេចចិត្តសាកល្បងនូវអ្វីដែលលោកបានគិត។ ដំបូងឡើយ លោកត្រូវការអ្នកស្ម័គ្រចិត្តមួយចំនួនដើម្បីធ្វើពិសោធន៍ ខណៈពេលនោះគាត់ជ្រើសយកអ្នកជំងឺម្នាក់ឈ្មោះ សារ៉ា នែលម៉េស (Sarah Nelmes) ដែលគាត់បានឆ្លងជំងឺអុតគោក្នុងពេលគាត់យកទឹកដោះគោក្នុងកសិដ្ឋាន។ នៅថ្ងៃទី១៤ ខែឧសភា គ្រិស្ដសករាជ ១៧៩៦ លោក ជេនណឺរ បានប្រមូលយកទឹករងៃពីពងបែករបស់សារ៉ា ហើយចម្លងវាទៅលើស្បែករបស់ក្មេងប្រុសម្នាក់ទៀត ឈ្មោះ ជែម ហ្វីប (James Phipps)។ លុះដល់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំដដែល ទើបក្មេងប្រុស ជែម ហ្វីប នោះ ឆ្លងជំងឺអុតគោបានសម្រេច។ ការធ្វើបែបនេះ គឺពិតជាប្រថុយប្រថានខ្លាំងណាស់ ប៉ុន្តែជែនណឺរបានថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិរួចជាស្រេច ហើយលោកជឿជាក់ថា លទ្ធផលប្រាកដជាធ្វើឱ្យក្មេងប្រុសនោះមានភាពស៉ាំនឹងជំងឺ។ ស្របពេលដែលកុមារ ជែម ហ្វីប កំពុងឆ្លងជំងឺអុតគោនោះ លោកគ្រូពេទ្យ ជែនណឺរ ក៏បានផលិតវ៉ាក់សាំងមួយឡើង និងសាកល្បងចាក់វ៉ាក់សាំងនោះទៅក្នុងខ្លួនរបស់ ជែម ហ្វីប។ ទីបំផុត ក្មេងប្រុសម្នាក់នេះក៏បានរួចផុតពីគ្រោះថ្នាក់ ដោយវ៉ាក់សាំងដែលចាក់ទៅក្នុងខ្លួនគេនោះ ពិតជាមានប្រសិទ្ធភាពប្រាកដមែន។ រឿងនេះក៏បានក្លាយទៅជារឿងដំណាលថា ក្មេងប្រុស ជែម ហ្វីប ជាមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងដំបូងគេបង្អស់នៅលើពិភពលោក។ វ៉ាក់សាំងបង្ការជំងឺអុតធំរបស់លោកគ្រូពេទ្យ អេដវើដ ជេនណឺរ បានបន្ថយអត្រាមរណៈដល់ទៅជិតស្មើមួយភាគបួននៃប្រជាជនលើពិភពលោកឯណោះ។
សូមជម្រាបថា ពាក្យ វ៉ាក់សាំង ឬ Vaccine នេះ មានប្រភពមកពីភាសាឡាតាំងថា វ៉ាក់កា (Vacca) ដែលមានន័យថា សត្វគោ៕