(ភ្នំពេញ)៖ តាមធម្មតា សត្វឆ្មាគ្រាន់តែជាសត្វចិញ្ចឹមមួយប្រភេទដែលមិនអាចទៅតតាំងជាមួយមនុស្សបានឡើយ ប៉ុន្តែនៅក្នុងសមរភូមិភែលូស្យូមដែលកើតឡើងកាលពី២៥០០ឆ្នាំមុន គឺកងទ័ពពែរ្សបានប្រើសត្វធម្មតាៗនេះយកឈ្នះលើកងទ័ពអេហ្ស៉ីប។ តើព្រោះតែហេតុអ្វីបានជាគ្រាន់តែសត្វឆ្មាសោះ ក្លាយជាឧបករណ៍យកឈ្នះសង្គ្រាមបាន?
សមរភូមិភែលូស្យូម (Battle of Pelusium) បានផ្ទុះឡើងកាលពីឆ្នាំ៥២៥មុនគ្រិស្ដសករាជ ដែលជាសង្គ្រាមឈ្លានពានរបស់ជនជាតិពែរ្សទៅលើអេហ្ស៉ីប។ ផែនដីពែរ្សកាលណោះមានឈ្មោះថា ចក្រភពអឺឃីម៉ឺនិដ (Achaemenid empire) ដែលគ្រប់គ្រងដោយព្រះចៅកាមប៊ីសេសទី២ (King Cambyses II) ដែលស្ដេចដែលមានឫទ្ធានុភាពខ្លាំងពូកែខាងសឹកសង្គ្រាម រីឯខាងអាណាចក្រអេហ្ស៉ីបនោះវិញ គឺគ្រប់គ្រងដោយព្រះចៅភីសាមទិកទី៣ (Pharaoh Psamtik III) ដែលជាក្សត្រវ័យក្មេងមិនសូវមានជំនាញខាងសឹកសង្គ្រាមឡើយ។
គួរជម្រាបថា សមរភូមិភែលូស្យូមនេះជាសមរភូមិដំបូងបង្អស់រវាងពែរ្សនិងអេហ្ស៉ីប ហើយបានផ្ទុះឡើងនៅជិតទីក្រុងភែលូស្យូមដែលជាទីក្រុងដ៏សំខាន់មួយរបស់អេហ្ស៉ីប ស្ថិតនៅភាគខាងកើតតំបន់ដីសណ្តទន្លេនីល (Nile river)។ ភាពល្បីល្បាញរបស់សរមភូមិភែលូស្យូម គឺព្រោះតែ «សត្វឆ្មា»។
មុនពេលចេញធ្វើសង្គ្រាម ស្ដេចពែរ្សកាំប៊ីសេសទី២មានការយល់ដឹងអំពីវប្បធម៌ និងជំនឿរបស់អ្នកស្រុកអេហ្ស៉ីប ជាហេតុធ្វើឱ្យព្រះអង្គយល់ដឹងពីយុទ្ធសាស្ត្រផ្លូវចិត្ត និងដឹងពីក្បូនយកឈ្នះសត្រូវរួចជាស្រេច។
នៅពេលចាប់ផ្ដើមការប្រយុទ្ធគ្នានោះ អធិរាជពែរ្សបានបញ្ជាឱ្យគេយកសត្វឆ្មាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលែងឱ្យរត់ប្រសាចពេញសមរភូមិ និងបានចាប់សត្វឆ្មារមួយចំនួនទៀតធ្វើជាចំណាប់ខ្មាំងគំរាមទៅលើកងទ័ពអេហ្ស៉ីប។ នេះក៏ព្រោះតែស្ដេចពែរ្សបានយល់ពីជំនឿរបស់ជនជាតិអេហ្ស៉ីបទៅលើសត្វឆ្មា ហើយប្រើប្រាស់ចំណុចខ្សោយចិត្តសាស្ត្រនេះជាអាវុធធ្វើសង្គ្រាម។ ដូចយើងដឹងហើយថា កាលពីសម័យបុរាណ ជនជាតិអេហ្ស៉ីបមានជំនឿយ៉ាងមុតមាំទៅលើអាទិទេពរបស់ពួកគេ ក្នុងចំណោមនោះ «សត្វឆ្មា» ក៏ត្រូវបានពួកគេជឿថាជាតំណាងអាទិទេព Bastet ឬ Bast ដែលជាទេពធីតារក្សាការពារ។ ពួកអេហ្ស៉ីបជឿថា ប្រសិនបើពួកគេសម្លាប់សត្វឆ្មា នោះនឹងត្រូវទេពធីតា Bastet ដាក់ទណ្ឌកម្មជាក់ជាមិនខាន, ប្រសិនបើផ្ទះរបស់ពួកគេឆេះ អ្វីដែលពួកគេត្រូវធ្វើដំបូងបង្អស់ គឺចូលទៅជួយសត្វឆ្មា។ ហេតុផលនេះហើយទើបធ្វើឱ្យកងទ័ពអេហ្ស៉ីបមិនហ៊ានតតាំងជាមួយកងទ័ពពែរ្ស ព្រោះខ្លាចគ្រោះថ្នាក់ដល់សត្វឆ្មា ហើយក៏ត្រូវកងទ័ពពែរ្សកាប់សម្លាប់យ៉ាងងាយស្រួលបំផុត។
កងទ័ពរបស់ព្រះកាមប៊ីសេសទី២ ក៏បានទទួលជ័យជម្នះទៅលើកងទ័ពអេហ្ស៉ីបនៅលើសមរភូមិភែលូស្យូមនោះ ហើយក៏បានវាយយកទីក្រុងភែលូស្យូម និងបន្តវាយចូលទីក្រុងហ្គីហ្សា (Giza) និងទីក្រុងម៉ិមភីស (Memphis) ដែលជារាជធានីរបស់អេហ្ស៉ីបបានសម្រេច។ ទឹកដីអេហ្ស៉ីបដ៏សម្បូរសម្បាយ និងធំល្វឹងល្វើយក៏បានធ្លាក់ក្រោមការត្រួតត្រារបស់ចក្រភពពែរ្សទាំងស្រុង ចាប់ពីឆ្នាំ៥២៥មុនគ្រិស្ដសករាជនោះមក ដែលមានរយៈពេលប្រមាណ១០០ឆ្នាំ។
សង្គ្រាមមួយនេះបានបង្រៀនឱ្យយើងដឹងអំពីយុទ្ធសាស្ដ្រ និងចំណេះដឹងរបស់ស្ដេចពែរ្សក្នុងការយកចំណុចខ្សោយចិត្តសាស្ត្ររបស់សត្រូវមកធ្វើជាអាវុធដណ្ដើមជ័យ ហើយក៏បានប្រាប់ពីបទពិសោធន៍គ្រោះថ្នាក់ដែលបណ្ដាលមកពីជំនឿហួសហេតុពេកផងដែរ៕