(ភ្នំពេញ)៖ សតវត្សទី១៦ដល់ទី១៩ ជាពេលវេលាដែលលេចឡើងនូវបណ្ដាអ្នកប្រាជ្ញល្បីៗជាបន្តបន្ទាប់ ដោយអ្នកខ្លះជាអ្នករកឃើញនូវរបកគំហើញថ្មីៗ អ្នកខ្លះទៀតក៏ជាបង្កើតនូវទស្សនវិជ្ជាផ្សេងៗ ប៉ុន្តែនៅអំលុងចុងសតវត្សទី១៨ មានសង្គ្រាមពាក្យសម្ដីរបស់អ្នកប្រាជ្ញពីររូបបានផ្ទុះឡើង ព្រោះតែការយល់ឃើញផ្សេងៗពីគ្នា។
តើអ្នកប្រាជ្ញណាខ្លះដែលផ្ទុះសង្គ្រាមពាក្យសម្ដីដាក់គ្នានាពេលនោះ? តើដើមចមដែលពួកគេឈ្លោះគ្នានោះ គឺផ្ដោតទៅលើប្រធានបទអ្វី?
លោកអ្នកប្រហែលជាស្គាល់នូវបណ្ដាអ្នកប្រាជ្ញលោកខាងលិច ដូចជា នីកូឡូ ម៉ាគីអាវេលី (Niccolò Machiavelli) កាលីឡេអូ កាលីឡេ (Galileo Galile) អ៉ីសាក់ ញូវតុន (Isaac Newton) វ៉ូលទែរ (Voltaire) អាដាម ស្មីត (Adam Smith) ហ្សង់ហ្សាក់ រ៉ូសូ (Jean-Jacques Rousseau) ជាដើម។ ក្នុងចំណោមអ្នកប្រាជ្ញទាំងនេះគឺមានពីរនាក់ដែលធ្លាប់ផ្ទុះសង្គ្រាមពាក្យសម្ដីដាក់គ្នាតជាប់រហូតដល់ថ្ងៃពួកគេស្លាប់ នោះគឺរវាងទស្សនវិទូបារាំង វ៉ូលទែរ និងទស្សនវិទូហ្សឺណែវ ហ្សង់ហ្សាក់ រ៉ូសូ។
ដើមចមដែលនាំឱ្យពួកគេប្រើពាក្យសម្ដីឡកឡាយដាក់គ្នានោះ គឺផ្ដោតទៅលើប្រធានបទ «តើត្រូវធ្វើដូច្នេះទើបធ្វើឱ្យសង្គមរីកចម្រើនទៅបាន?»។ ពួកគេមានគំនិតដូចគ្នាក្នុងការប្រឆាំងជាមួយផ្នត់គំនិតបុរាណដែលផ្តោតលើទ្រឹស្ដីសាសនា និងគាំទ្រការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ។ អបិយជំនឿរបស់សាសនា និងភាពផ្ដាច់ការរបស់មេដឹកនាំ សុទ្ធតែជាការបង្អាក់ការរីកចម្រើនឆាប់រហ័សក្នុងសង្គម។ ប៉ុន្តែពួកគេបែរជាមានគំនិតផ្ទុយគ្នាទៅលើបញ្ហាថា តើត្រូវធ្វើយ៉ាងដូច្នេះទើបអាចរំដោះខ្លួនចេញពីឧបសគ្គទាំងនេះ?
អ្នកទាំងពីរបានកោតសរសើរចំពោះការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ ហើយបានបរិហារអំពីអបិយជំនឿរបស់គ្រិស្តសាសនា។ វ៉ុលទែរ មានគំនិតសង្កត់ធ្ងន់ទៅលើហេតុនិងផល (Emphasizing reason) ពីព្រោះថា ដើម្បីឱ្យសង្គមមានការរីកចម្រើន ទាល់តែផ្នែកវិទ្យាសាស្ត្រមានការរីកចម្រើនទៅមុន ហើយដើម្បីជំរុញការរីកចម្រើនផ្នែកវិទ្យាសាស្ត្រទៅបាន គឺអាស្រ័យលើហេតុនិងផល, ការជឿទៅលើហេតុនិងផលនេះហើយ ដែលធ្វើឱ្យសង្គមរួចផុតពីអបិយជំនឿដ៏ចាស់គំរឹលនៅក្នុងទ្រឹស្ដីសាសនា។ រីឯ ហ្សង់ហ្សាក់ រ៉ូសូ មានគំនិតសង្កត់ធ្ងន់ទៅលើអារម្មណ៍ (Emphasizing emotion) លោកមានទស្សនៈថា ធម្មជាតិរបស់មនុស្សមិនដូចជាសត្វសាហាវដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ ក៏ប៉ុន្តែមនុស្សគឺមានអារម្មណ៍ ចេះប្រើអារម្មណ៍សន្តោសប្រណី គោរពស្រលាញ់មនុស្សជុំវិញខ្លួនរបស់គេ។ អ្វីដែលសំខាន់ទៀតនោះ មនុស្សក៏មានភាពថ្លៃថ្នូរ និងចេះឱ្យតម្លៃទៅលើគុណធម៌ដូចគ្នា។ នៅក្នុងសៀវភៅដ៏ល្បីបំផុតរបស់រ៉ូសូ គឺ «The Social Contract» ដែលមានន័យថា «កិច្ចសន្យាសង្គម» រ៉ូសូបានបង្ហាញទ្រឹស្តីរបស់លោកអំពី «Volonte generale» ឬ «ឆន្ទៈទូទៅ» គឺជាទ្រឹស្ដីបដិវត្តន៍មួយក្នុងសម័យកាលនោះ។ ទ្រឹស្តីរបស់លោកក៏បានផ្លាស់ប្តូរទំនាក់ទំនងរវាងរដ្ឋនិងប្រជាជនផងដែរ ហើយលោកយល់ទៀតថា រដ្ឋាភិបាលទាំងអស់គឺគ្រាន់តែជាអ្នកបម្រើប្រជាជនតែប៉ុណ្ណោះ។
លោក រ៉ូសូ បានប្រឆាំងនឹងវិសមភាពក្នុងការចាត់ថ្នាក់របស់វណ្ណៈ ខណៈដែលលោក វ៉ុលទែរ បានប្រឆាំងអំពីសេរីភាពនៃការបញ្ចេញមតិ និងសាសនា។ នៅមានកិច្ចសន្យាសង្គម និងរឿងរ៉ាវជាច្រើនទៀតដែលធ្វើឱ្យសង្គ្រាមពាក្យសម្តីនេះបន្តមានរហូតដល់លោកទាំងពីរទទួលមរណភាពរៀងៗខ្លួន។
តែទោះជាយ៉ាងណា អ្នកប្រាជ្ញទាំងពីរនេះហើយដែលបានផ្លាស់ប្តូរផ្នត់គំនិតនៃទស្សនៈរបស់មនុស្សយើងនាពេលក្រោយៗមកទៀត។ លោកទាំងពីរមានទស្សនៈដូចគ្នាត្រង់ការប្រឆាំងនឹងផ្នត់គំនិតបុរាណ ក៏ប៉ុន្តែមានគំនិតផ្ទុយគ្នាក្នុងទស្សនៈនៃការផ្លាស់ប្ដូរផ្នត់គំនិតសម័យទំនើប។
គួរជម្រាបថា ហ្សង់ហ្សាក់ រ៉ូសូ កើតនៅថ្ងៃទី២៨ ខែមិថុនា គ្រិស្ដសករាជឆ្នាំ១៧១២ នៅទីក្រុងហ្សឺណែវ កាលណោះនៅជាសាធារណរដ្ឋហ្សឺណែវ (Republic and Canton of Geneva) ដែលជារដ្ឋមួយនិយាយភាសាបារាំង និងបានស្លាប់នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៧៧៨។ រីឯ វ៉ុលទែរ កើតនៅថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ១៦៩៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងបានស្លាប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៧៧៨៕