(ភ្នំពេញ)៖ នៅពេលនិយាយអំពី «ទឹកអប់» គេតែងចំណាំថាទឹកអប់ល្បីជាងគេ គឺត្រូវបានផលិតនៅប្រទេសបារាំង។ ប្រការនេះធ្វើឲ្យមនុស្សភាគច្រើនយល់ថា បារាំងគឺជាប្រទេសដែលផលិតទឹកអប់មុនគេបង្អស់ ប៉ុន្តែវាមិនដូច្នេះឡើយ ពីព្រោះទឹកអប់ត្រូវបានផលិតឡើងយូរលង់ណាស់មកហើយ អាចនិយាយបានថាមុនកំណើតប្រទេសបារាំងទៅទៀត។
ទឹកអប់ត្រូវបានបង្កើតដំបូងនៅប្រទេសអេហ្ស៉ីប ក្រោយមកឃើញមានផលិតនិងប្រើប្រាស់នៅតំបន់មេសូប៉ូតាមី ប្រទេសក្រិក រ៉ូម៉ាំង អាហ្វ្រិក ចិន ហិណ្ឌូ និងអារ៉ាប់នាសម័យបុរាណ។ តាមរយៈភស្តុតាងបុរាណវត្ថុមួយចំនួន គេបានសន្មតថាទឹកអប់ត្រូវបានផលិតឡើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ដំបូងគឺនៅប្រទេសអេហ្ស៉ីបបុរាណ តំបន់មេសូប៉ូតាមី (ប្រទេសតួកគី និងប្រទេសក្បែរខាងមួយចំនួនទៀត)។ ជនជាតិអេហ្ស៉ីបក៏ជាអ្នកបង្កើតដបទឹកអប់ធ្វើអំពីកែវដំបូងគេផងនោះ គឺនៅប្រហែល១ពាន់ឆ្នាំមុនគ្រិស្ដសករាជ។
គេបានរកឃើញទឹកអប់ដែលមានវ័យចំណាស់បំផុតនៅប្រទេសស៉ីព ដែលធ្លាប់ជាទឹកដីរបស់ពួកហ្វ៉ីនិកបុរាណ (Phoenicia) ដោយវាមានអាយុកាលប្រមាណ៤ពាន់ឆ្នាំមកហើយ។ នៅតំបន់មេសូប៉ូតាមី ក៏គេបានរកឃើញព័ត៌មានអំពីទឹកអប់នាសម័យបុរាណផងដែរ គឺតាមរយៈសិលាចារឹកមួយដែលមានអាយុកាលជាង៣ពាន់ឆ្នាំ ដោយបានបង្ហាញថា «ស្ត្រីម្នាក់ឈ្មោះ តាប់ពូទី (Tapputi) គឺជាអ្នកផលិតទឹកអប់»។ ស្របពេលជាមួយគ្នានោះ ទឹកអប់ក៏ត្រូវបានរកឃើញនៅប្រទេសឥណ្ឌាផងដែរ។
ក្នុងយុគសម័យដែលគ្រិស្តសាសនាមានឥទ្ធិពលខ្លាំងនៅតំបន់អឺរ៉ុប គេមិនអនុញ្ញាតឱ្យប្រើប្រាស់ទឹកអប់នោះឡើយ មានតែខាងពិភពម៉ូស្លីមនោះទេដែលនៅបន្តប្រើប្រាស់ទឹកអប់ ហើយថែមទាំងមានការជួញដូរទឹកអប់តាមរយៈពាណិជ្ជកម្មអន្តរជាតិមកតំបន់អាស៉ីទៀតផងដែរ។
លុះដល់សតវត្សទី១៦ ទឹកអប់បានផ្ទុះប្រជាប្រិយភាពខ្លាំងនៅប្រទេសបារាំង ជាពិសេសក្នុងចំណោមព្រះមហាក្សត្រ រាជវង្សានុវង្ស និងពួកអភិជន។ ក្នុងរជ្ជកាលព្រះចៅល្វីទី១៥ (Louis XV) ស្ទើរតែគ្រប់យ៉ាងនៅប្រទេសបារាំងសុទ្ធតែប្រើប្រាស់ទឹកអប់ជាគ្រឿងលម្អក្លិនក្រអូប ដូចជា វាំងនន ស្រោមដៃ សម្លៀកបំពាក់ ក៏គ្រឿងវាយនភណ្ឌដទៃ។ ការបង្កើតទឹកអប់អូដឺកូឡូញ (Eau de Cologne) នៅសតវត្សទី១៨ បានជួយឱ្យឧស្សាហកម្មទឹកអប់បន្តរីកលូតលាស់ជាលំដាប់។
មកដល់ពេលបច្ចុប្បន្ន ប្រទេសបារាំងមានកិត្តិនាមសុះសាយក្នុងឧស្សាហកម្មផលិតទឹកអប់ ហើយជាទីតាំងលក់ទឹកអប់ដ៏ល្បីបំផុតរបស់ពិភពលោក ដែលមានម៉ាកល្បីៗជាច្រើនដូចជា មែសុង ហ្គៀកឡាំង (Maison Guerlain) ជាដើម៕