(ភ្នំពេញ)៖ ប្រសិនបើយើងពិនិត្យមើលនៅលើផែនទីទ្វីបអឺរ៉ុប យើងប្រាកដជាបានឃើញទីតាំងប្រទេសបារាំង និងកោះ Great Britain នៃចក្រភពអង់គ្លេស នៅចន្លោះប្រទេសទាំងពីរនេះគឺមានចក្រសមុទ្រមួយ ច្រកសមុទ្រនេះហើយគឺជាទីតាំងផ្លូវរថភ្លើងក្រោមសមុទ្រដែលវែងជាងគេលើពិភពលោក ដែលមានឈ្មោះថា Channel Tunnel។
ផ្លូវរូងក្រោមដី ឬក្រោមសមុទ្រនេះ ភាសាបាលីសំស្ក្រឹតដែលខ្មែរយើងនៅមានប្រើប្រាស់ គឺហៅថា ឧម្មង្គ (អាន៖ អ៊ុម-ម៉ង់)។
The Channel Tunnel នេះ ខ្មែរយើងបានហៅឈ្មោះថា ផ្លូវរូងក្រោមសមុទ្រម៉ង់ ឬ ឧម្មង្គម៉ង់ ដែលសណ្ដូកនៅក្រោមច្រកសមុទ្រ English Channel ដែលជាដៃសមុទ្រមួយរបស់មហាសមុទ្រអាត្លង់ទិក។
វាជាគមនាគមន៍តភ្ជាប់ការធ្វើដំណើរពីទីក្រុងប៉ារីស នៃប្រទេសបារាំង ទៅកាន់ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ដែលមានប្រវែងសរុប៣៧.៩២គីឡូម៉ត្រ និងមានជម្រៅចុះទៅក្រោម៤០ម៉ែត្រ។
ផ្លូវរូងនេះដែរ គឺរួមផ្សំដោយបំពង់ថែវភ្លោះដែលមានចន្លោះពីគ្នា៣០ម៉ែត្រ សម្រាប់ចរាចរណ៍រថភ្លើងមួយទៅ-មួយមក។
អ្នកដែលបានលើកគំនិតផ្ដួចផ្ដើមដំបូងគឺលោក នីកូឡាស ដឺស្មារេ (Nicolas Desmaret 1648-1721) ដែលជាវរជននយោបាយបារាំង តាំងពីឆ្នាំ១៧៥០ ប៉ុន្តែដោយសារប្រទេសបារាំង និងចក្រភពអង់គ្លេសចេះតែមានទំនាស់រឿងដែនដី នយោបាយ បច្ចេកទេស និងពាណិជ្ជកម្មផងនោះ ក៏ធ្វើឱ្យគម្រោងនេះចេះតែពន្យារពេលដល់ទៅជាង២សតវត្សរ៍។ ទីបំផុតនៅខែធ្នូ ឆ្នាំ១៩៨៧ គម្រោងស្ថាបនាផ្លូវរូងក្រោមសមុទ្រនេះក៏បានផ្ដើមឡើង និងបញ្ចប់រួចរាល់ខែមិថុនា ឆ្នាំ១៩៩១ ពោលគឺរយៈពេល៥ឆ្នាំ ប៉ុន្តែវាត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅខែមិថុនា ឆ្នាំ១៩៩៤។
រថភ្លើងដែលមានល្បឿនលឿនខ្លាំងមានឈ្មោះ យូរ៉ូស្តារ (Eurostar) ប្រើពេលឆ្លងកាត់រយៈពេល៣ម៉ោង។ ថេរវេលានៃដំណើរនេះត្រូវបានបន្ថយមកត្រឹម២ម៉ោង៣០នាទី នៅឆ្នាំ២០០៣ និងនៅសល់ត្រឹម២ម៉ោង១០នាទី នៅឆ្នាំ២០០៧៕