(ពិភពលោក)៖ Women's World Cup ឬកីឡាបាល់ទាត់ពិភពលោកផ្នែកស្ត្រី គឺជាការប្រកួតកីឡាបាល់ទាត់ផ្នែកស្ត្រីជាអន្តរជាតិ ដើម្បីរកក្រុមជើងឯកពិភពលោកក្នុងចំណោមក្រុមជម្រើសជាតិផ្នែកស្ត្រី។ តើអ្នកដឹងទេថាការប្រកួតកីឡាបាល់ទាត់ World Cup ផ្នែកស្ត្រី ត្រូវបានបង្កើតឡើងនៅឆ្នាំណា?
ដូចគ្នានឹង World Cup ផ្នែកបុរសដែរ Women's World Cup ឬជាទូទៅគេហៅថា FIFA Women's World Cup គ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ដែលហៅកាត់ថា FIFA ហើយធ្វើឡើងរយៈពេល៤ឆ្នាំម្តង។ Women's World Cup ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ហើយប្រទេសដែលឈ្នះពាននេះមុនគេ គឺសហរដ្ឋអាមេរិក។
ការប្រកួតលើកដំបូង និងការប្រកួតលើកទី២នៃពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកស្ត្រីមាន១២ក្រុមជម្រើសជាតិប៉ុណ្ណោះដែលបានចូលរួម។ ការប្រកួតនេះបានពង្រីកដល់១៦ក្រុមជម្រើសជាតិនៅឆ្នាំ១៩៩៩ និងកើនដល់២៤ក្រុមជម្រើសជាតិនៅឆ្នាំ២០១៥។
* តើកីឡាបាល់ទាត់ផ្នែកស្ត្រីចាប់ផ្តើមល្បីល្បាញនៅពេលណា?
គួរចាប់អារម្មណ៍ថា ពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកស្ត្រីនៅឆ្នាំ២០១៥ បានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនជាប្រវត្តិសាស្ត្រសម្រាប់កីឡាបាល់ទាត់នៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកស្ត្រីនេះមិនសូវមានប្រជាប្រិយភាពនោះទេ បើនិយាយទូទាំងពិភពលោក។
នៅពេលដែល FIFA បង្កើតពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកស្ត្រីលើកដំបូងនៅឆ្នាំ១៩៩១ គឺនៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនីដែលជាខ្សែប្រយុទ្ធរបស់អាមេរិក មីហ្ស៊ែល អានណេ អាកខឺរស៍ (Michelle Anne Akers) ស៊ុតបញ្ចូលទីឈ្នះប្រទេសន័រវេស ក្នុងលទ្ធផល២ទល់នឹង១។ ៤ឆ្នាំក្រោយមក ប្រទេសន័រវេសយកឈ្នះប្រទេសអាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រ។ នៅឆ្នាំ១៩៩៦ ក្រុមជម្រើសជាតិផ្នែកស្ត្រីនៃប្រទេសចំនួន៨បានចូលរួមប្រកួតនៅកីឡាអូឡាំពិកលើកដំបូង។ តាំងពីពេលនោះមក កីឡាបាល់ទាត់ផ្នែកស្រ្តីបានល្បីឡើងបន្តិចម្តងៗ។
ផ្នែកមួយដែលជួយឱ្យកីឡាបាល់ទាត់ផ្នែកស្ត្រីល្បីល្បាញនោះ ក៏ព្រោះតែប្រជាប្រិយភាពនៃកីឡាការិនីលំដាប់ថ្នាក់ពិភពលោកជាច្រើន ដូចជា ម៉ារតា (Marta) មកពីប្រទេសប្រេស៉ីល ហុម៉ារ៉ិ សាវ៉ា (Homare Sawa) មកពីប្រទេសជប៉ុន និង អេដា ហេហ្កែរបឺហ្គ (Ada Hegerberg) មកពីប្រទេសន័រវេស។ ឆន្ទៈរបស់កីឡាការិនីបាល់ទាត់កំពូលៗជួយលើវិស័យបាល់ទាត់ ក៏បានរួមចំណែកធ្វើឲ្យកីឡាបាល់ទាត់ផ្នែកស្ត្រីល្បីល្បាញមកដល់សព្វថ្ងៃនេះ៕
ប្រភព៖ គេហទំព័រ Britannica