(ពិភពលោក)៖ ក្នុងចំណោមមនុស្សរាប់រយនាក់ដែលធ្លាប់បានធ្វើដំណើរចាកចេញពីផ្ទៃផែនដីដើម្បីឡើងទៅកាន់ទីអវកាស គឺភាគច្រើនមិនបានចេញផុតឆ្ងាយពិភពយើងប៉ុន្មានឡើយ ដោយមានតែមួយចំនួនតូចប៉ុណ្ណោះដែលបានធ្វើយ៉ាងដូច្នោះ គឺក្រុមអវកាសយានិកអាមេរិកនៅក្នុងកម្មវិធីអវកាសអាប៉ូឡូ (Apollo) ដែលជាកិច្ចប្រឹងប្រែងបញ្ជូនមនុស្សទៅកាន់ផ្ទៃព្រះច័ន្ទ។
ក្នុងនោះទៀតសោត គឺកំលុងបេសកកម្មមួយឈ្មោះថា បេសកកម្មអាប៉ូឡូទី១៣ (Apollo 13) ដែលក្រុមអវកាសយានិកអាមេរិកបានធ្វើដំណើរឆ្ងាយពីផែនដីបំផុត។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧០ យានអវកាសអាប៉ូឡូទី១៣ដែលផ្ទុកអវកាសយានិកអាមេរិក៣រូប ស្ថិតនៅចម្ងាយរហូតដល់៤០០,១៧១គីឡូម៉ែត្រពីផែនដី។ មូលហេតុដែលនាំឱ្យបេសកកម្មខាងលើជាប់កំណត់ត្រាជាប្រវត្តិសាស្រ្តបែបនេះ គឺតាមពិតកើតចេញមកពីឧបទ្ទវហេតុទៅវិញទេ។
អាប៉ូឡូទី១៣ គឺជាបេសកកម្មទី៣របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលមានគោលដៅបញ្ជូនមនុស្សឱ្យទៅជាន់លើផ្ទៃព្រះចន្ទ។ បេសកកម្មនោះបានចាកចេញពីផ្ទៃផែនដីនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ ជាមួយអវកាសយានិក៣នាក់ រួមមានលោក ជីម ឡូវែល (Jim Lovell) លោក ជែក ស្វ៉ីហ្គើត (Jack Swigert) និងលោក ហ្វ្រេដ ហេស (Fred Haise)។
យ៉ាងណាក្តី កំលុងពេលធ្វើដំណើរបញ្ហាអាសន្នបានកើតឡើងក្នុងយានអវកាស ដែលបង្ខំឱ្យ NASA បោះបង់ចោលការចុះចតលើផ្ទៃព្រះចន្ទ ហើយងាកទៅផ្តោតអាទិភាពលើការព្យាយាមធ្វើយ៉ាងណានាំយកអវកាសយានិកទាំង៣រូប ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព។ ប៉ុន្តែបញ្ហានៅត្រង់ថា បើបកក្បាលត្រឡប់ក្រោយតែម្តង គឺយានអាប៉ូឡូទី១៣មិនអាចមកដល់ផែនដីវិញទេ ពោលគឺវាត្រូវប្រើកម្លាំងទំនាញរបស់ព្រះចន្ទដើម្បីជួយរុញច្រាន។
ដើម្បីសម្រេចបានគោលដៅខាងលើ យានអវកាសអាប៉ូឡូទី១៣បានធ្វើដំណើរឆ្លងកាត់ពីលើផ្ទៃមួយចំហៀងទៀតរបស់ព្រះចន្ទ ដែលមិនដែលបែរមករកផែនដីឡើយនោះ ហៅថា Far Side ឬ Dark Side នៅរយៈកម្ពស់២៥៤គីឡូម៉ែត្រ។ ពេលនោះហើយដែលធ្វើឱ្យលោក Jim Lovell លោក Jack Swigert និងលោក Fred Haise ជាប់ឈ្មោះជាបុគ្គលទាំង៣រូបដែលធ្លាប់ធ្វើដំណើរបានឆ្ងាយពីផែនដីជាងគេបង្អស់។ នៅទីបំផុត អវកាសយានិកទាំង៣នាក់ក៏បានត្រឡប់មកកាន់ផែនដីដោយសុវត្ថិភាពផងដែរ៕