(ភ្នំពេញ)៖ រូបចម្លាក់ប្រធានាធិបតី៤នាក់ជាប់នឹងភ្នំមួយនៅសហរដ្ឋអាមេរិក ជាស្ថាបត្យកម្មនេះបង្កប់អត្ថន័យយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រនៃប្រទេសមហាអំណាចពិភពលោកមួយនេះ។ តើរូបចម្លាក់នេះជារូបអ្នកណាខ្លះ? តើមានមូលហេតុនៅពីក្រោយការកសាងរូបចម្លាក់ដ៏ធំនៅលើភ្នំនេះ?
ភ្នំដែលមានរូបចម្លាក់នេះមានឈ្មោះថា ភ្នំរ៉ាសស្ម័រ (Mount Rushmore) ដែលស្ថិតក្នុងរដ្ឋដាកូតាខាងត្បូង (South Dakota) ភាគកណ្ដាលនៃសហរដ្ឋអាមេរិក។
រូបចម្លាក់ទាំង៤នោះរួមមានរូបរបស់ប្រធានាធិបតីទាំង៤នាក់ ដែលមានស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកតាំងពីសម័យកំណកំណើតប្រទេសគ្រាដំបូង ក្នុងនោះរួមមាន៖
ទី១៖ ប្រធានាធិបតីទី១ លោក ចច វ៉ាស៊ីនតោន (George Washington) ដែលបានកាន់តំណែងចាប់ពីឆ្នាំ១៧៨៩-១៧៩៧។ លោកបានដឹកនាំពួកនិគមជនអឺរ៉ុបដែលបានទៅដាក់អាណានិគមនៅទ្វីបអាមេរិក ធ្វើសង្គ្រាមបដិវត្តន៍ផ្ដាច់ទឹកដីពីចក្រភពអង់គ្លេស និងប្រកាសឯករាជ្យសហរដ្ឋអាមេរិកបានជាស្ថាពរនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦។ លោក ចច វ៉ាស៊ីនតោន ត្រូវបានគេចាត់ទុកថាជាបិតាស្ថាបនិកសហរដ្ឋអាមេរិក និងនាំយកលទ្ធិប្រជាធិបតេយ្យទៅអនុវត្តនៅសហរដ្ឋអាមេរិកដំបូងគេបង្អស់។
២៖ ប្រធានាធិបតីទី៣ លោក ថូម៉ាស ជេហ្វឺរសុន (Thomas Jefferson) ដែលបានកាន់តំណែងចាប់ពីឆ្នាំ១៨០១-១៨០៩។ លោកគឺជាអ្នកសរសេរសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ដែលជាឯកសារជំរុញឱ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ ក្នុងពេល ថូម៉ាស ជេហ្វឺរសុន កាន់តំណែងជាប្រធានាធិបតីនាជំនាន់នោះ សហរដ្ឋអាមេរិកបានទិញទឹកដីល្វីស្យាណា (Louisiana) ដ៏ធំល្វឹងល្វើយពីបារាំងនៅឆ្នាំ១៨០៣ ដែលធ្វើឱ្យទឹកដីសហរដ្ឋអាមេរិកកើនឡើងទ្វេដង។ គួរជម្រាបថា ទឹកដីល្វីស្យាណាដែលទិញពីបារាំងនោះ ក្រោយមកត្រូវបានបំបែកជា១៥រដ្ឋ។
៣៖ ប្រធានាធិបតីទី១៦ លោក អាប្រាហាម លីនខល (Abraham Lincoln) ដែលបានកាន់តំណែងចាប់ពីឆ្នាំ១៨៦១-១៨៦៥ (ស្លាប់មុនចប់អាណត្តិ)។ មុនពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី សហរដ្ឋអាមេរិកបានកើតមានការបែកបាក់គ្នា ដោយសារការប្រកាន់រើសអើងលើជនជាតិស្បែកខ្មៅដែលធ្លាប់ជាទាសកររបស់ពួកស្បែកស រហូតបង្កជាសង្គ្រាមស៊ីវិលរវាងបណ្ដារដ្ឋខាងជើង និងបណ្ដារដ្ឋខាងត្បូង។ ក្នុងតំណែងជាប្រធានាធិបតីដ៏លំបាកនេះ លោក អាប្រាហាម លីនខល គឺជាបុគ្គលមួយរូបដែលបានដឹកនាំសហរដ្ឋអាមេរិកឱ្យបិទបញ្ចប់នូវសង្គ្រាមស៊ីវិល និងបង្រួបបង្រួមសហរដ្ឋអាមេរិកឡើងវិញនាឆ្នាំ១៨៦៥ ពិសេសគឺបានបិទបញ្ចប់នូវរបបទាសភាពលើពួកស្បែកខ្មៅ។ ប៉ុន្តែជាអកុសល លោកត្រូវបានឃាតកលួចធ្វើឃាតបានសម្រេច ខណៈពេលកំពុងទស្សនាល្ខោននៅមហោស្រពហ្វដ (Ford’s Theatre) នារដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដើម្បីអបអរសាទរភាពជោគជ័យក្នុងការបង្រួបបង្រួមជាតិឡើងវិញ។
៤៖ ប្រធានាធិបតីទី២៦ លោក ថេអូដ័រ រូស្វែលត៍ (Theodore Roosevelt) ដែលបានកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកចាប់ពីឆ្នាំ១៩០១-១៩០៩។ លោប្រធានាធិបតីអាមេរិកវ័យក្មេង និងជាអ្នកដឹកនាំដ៏មានទេពកោសល្យដែលបានដឹកនាំនយោបាយសហរដ្ឋអាមេរិកឱ្យមានអានុភាពខ្លាំងក្លា និងបានធ្វើឱ្យសហរដ្ឋអាមេរិកមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅដើមសតវត្សទី២០។ លោកក៏មានតួនាទីសំខាន់ក្នុងការចរចាជំរុញឱ្យមានការសាងសង់ព្រែកជីកប៉ាណាម៉ា (Panama Canal) ដែលតភ្ជាប់ផ្លូវសមុទ្រពីខាងកើតទៅខាងលិចផងដែរ គឺនៅក្នុងប្រទេសប៉ាណាម៉ាបច្ចុប្បន្ន។
* ហេតុអ្វីបានជាគេសាងសង់រូបប្រធានាធិបតីទាំងបួនរូបនេះឡើង?
ជាងចម្លាក់ឈ្មោះ ហ្កាត់ហ្សិន ប៊រហ្គ្លាំ (Gutzon Borglum) គឺជាអ្នករចនារូបចម្លាក់ទាំងនេះឡើង និងជាអ្នកត្រួតពិនិត្យគម្រោងសាងសង់រូបប្រធានាធិបតីនេះផងដែរ។ ការស្ថាបនាចម្លាក់បដិមាទាំងនេះគឺមានរយៈពេល១៤ឆ្នាំ ចាប់ពីឆ្នាំ១៩២៧-១៩៤១ ដែលមានកម្មករចូលរួមសាងសង់ជាង៤០០នាក់។ បដិមាទាំងនេះធ្វើអំពីថ្មក្រានីត និងមានកម្ពស់ជាង១៨ម៉ែត្រ ជាប់នឹងភ្នំរ៉ាសស្ម័រនោះតែម្ដង។
តាមពិតទៅ គឺលោក Gutzon Borglum គឺជាអ្នកជ្រើសរើសប្រធានាធិបតីទាំង៤រូបនេះផ្ទាល់ ដោយលោកមានទស្សនៈថាប្រធានាធិបតីទាំង៤រូបនេះ គឺជាតំណាងវីរភាពអស្ចារ្យជាងគេនៃប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ មកដល់ពេលបច្ចុប្បន្ន ទីកន្លែងចម្លាក់ដ៏ធំមួយនេះបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅទស្សនា៕