(ភ្នំពេញ)៖ នៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងរបស់ផែនដីយើង គឺតែងមានបាតុភូតពន្លឺដ៏ស្រស់ស្អាតម៉្យាងបង្ហាញខ្លួនលើផ្ទៃមេឃ ដែលគេហៅថា ពន្លឺអូរ៉ូរ៉ា (Aurora)។ នៅតំបន់ប៉ូលខាងជើង ពន្លឺនេះអាចត្រូវគេហៅថា អូរ៉ូរ៉ាបូរាលីស (Aurora Borealis) ឬពន្លឺខាងជើង (Northern Light)។ តើទីតាំងណាខ្លះដែលអាចមើលពន្លឺខាងជើងបានស្អាតជាងគេ?
យោងតាម PROJECT INSPO ដែលជាគេហទំព័រណែនាំអំពីតំបន់ទេសចរណ៍នៅទូទាំងពិភពលោកនោះ បានបង្ហាញអំពីប្រទេសទាំង១០ដែលអាចមើលពន្លឺអូរ៉ូរ៉ាខាងជើងស្អាតជាងគេ៖
១៖ ប្រទេសអ៉ីស្លង់
ដោយសារតែជាប្រទេសមួយនៅដាច់ឆ្ងាយពីគេនៅភាគខាងជើង ប្រទេសអ៉ីស្លង់ជាទីតាំងតែមួយគត់ដែលអ្នកអាចមើលឃើញពន្លឺអូរ៉ូរ៉ាខាងជើងស្ទើរតែគ្រប់ទីកន្លែង។ ជាមួយគ្នានោះ ឧទ្យានជាតិភីងវេល្លី (Pingvellir) គឺជាទីដ៏ពេញនិយមបំផុតសម្រាប់ទស្សនាពន្លឺអូរ៉ូរ៉ាខាងជើង ដោយតំបន់នេះក៏ត្រូវបានដាក់បញ្ចូនជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។
២៖ ប្រទេសហ្វាំងឡង់
នៅប្រទេសហ្វាំងឡង់ លោកអ្នកអាចទស្សនាពន្លឺងអូរ៉ូរ៉ាខាងជើងបាន២០០យប់ក្នុងមួយឆ្នាំ។ រៀងរាល់យប់ នៅពេលអ្នកទស្សនាពន្លឺនេះ អ្នកប្រៀបដូចជាអណ្ដែតនៅពីក្រោមហ្វូងតារាលាយឡំជាមួយពន្លឺអូរ៉ូរ៉ាយ៉ាងអញ្ចឹង។ គេបានរៀបចំសណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនសម្រាប់ឱ្យភ្ញៀវទេសចរអាចទស្សនាពន្លឺខាងជើងចម្រុះពណ៌ប្រកបដោយផាសុកភាព និងមានក្ដីសុខបំផុត។
៣៖ ប្រទេសស៊ុយអែត
តារាវិទូបានណែនាំថា នៅប្រទេសស៊ុយអែតមានតំបន់មួយឈ្មោះ Swedish Lapland ជាកន្លែងទស្សនាពន្លឺអូរ៉ូរ៉ាខាងជើងដ៏ល្អមួយ។ ក្រៅពីនេះមានកន្លែងជាច្រើនទៀតដែលអ្នកអាចស្នាក់នៅសណ្ឋាគារទឹកកក និងគយគន់ពន្លឺអូរ៉ូរ៉ាខាងជើង។ អាកាសធាតុត្រជាក់ គយគន់ពន្លឺអូរ៉ូរ៉ានៅលើមេឃ តើមានកន្លែងណាដែលផ្ដល់ក្ដីសុខខ្លាំងយ៉ាងនេះ?
៤៖ រដ្ឋអាឡាស្កា
ចេញពីទីក្រុងហ្វ៊ែរបេងស៍ (Fairbanks) ទៅកាន់វាលរហោស្ថានដ៏ធំល្វឹងល្វើយរបស់អាឡាស្កា ដូចជា ដេណាលី (Denali) និងយូខុន (Yukon) អ្នកសុទ្ធតែអាចទស្សនាពន្លឺអូរ៉ូរ៉ាបានយ៉ាងពេញចិត្ត។
៥៖ ប្រទេសកាណាដា
ទីប្រជុំជនយែលឡូណាយ (Yellowknife) និងទីប្រជុំជនវ៉ាយហោស (Whitehorse) ក្នុងទឹកដីយូខុន (Yukon) គឺល្អបំផុតសម្រាប់ការមើលពន្លឺអូរ៉ូរ៉ាខាងជើង។ តំបន់ជុំវិញបឹងដ៏អស្ចារ្យបំផុតនៅអូនតារីយោ (Ontario) និងធុនដ្រា (Tundra) ភាគខាងជើងនៃប្រទេសកាណាដា ក៏ជាកន្លែងទស្សនាដ៏អស្ចារ្យផងដែរ។
៦៖ ប្រទេសន័រវេស
នៅទីក្រុងស្វាលបាដ (Svalbard) ជាទីកំពូលមួយនៃពិភពលោក ដែលអាចមើលពន្លឺអូរ៉ូរ៉ាពណ៌បៃតងបានស្អាត។ ប្រសិនបើអ្នកចង់ស្វែងរកវិធីផ្សេងដើម្បីមើលពន្លឺអូរ៉ូរ៉ា អ្នកអាចជិះទូកតាមឆ្នេរសមុទ្រចត់ (Fjord) របស់ប្រទេសន័រវេសក៏បានដែរ។
៧៖ ប្រទេសរុស្ស៉ី
ជាឱកាសល្អក្នុងការទស្សនាពន្លឺអូរ៉ូរ៉ាខាងជើងនៅភាគខាងជើងប្រទេសរុស្ស៉ី ក្នុងនោះឧបទ្វីបកូឡាគឺជាទីតាំងសំខាន់ជាងគេនៅប្រទេសរុស្ស៉ី ដែលអាចមើលពន្លឺអូរ៉ូរ៉ាបានស្អាត។
៨៖ កោះហ្គ្រីនលែន
ដូចនៅប្រទេសអ៉ីស្លង់ដែរ អ្នកអាចមើលឃើញពន្លឺអូរ៉ូរ៉ាខាងជើងស្ទើរតែគ្រប់ទីកន្លែងនៅលើកោះដ៏ធំមួយនេះ។ មុនពេលមានការស្រាវជ្រាវនិងបកស្រាយពីអ្នកវិទ្យាសាស្ត្រ អ្នកស្រុកនៅហ្គ្រីនលែនជឿថា ពន្លឺអូរ៉ូរ៉ាបូរាលីស (Aurora Borealis) ឬពន្លឺខាងជើងនេះ គឺជាព្រលឹងដូនតារបស់ពួកគេដែលនៅចាំថែរក្សាកូនចៅដែលនៅមានជីវិត។
៩៖ រាជាណាចក្រស្កុតឡង់ (ជាប្រទេសមួយក្នុងចក្រភពអង់គ្លេស)
នៅលើកោះ Great Britain (រួមមានអង់គ្លេស វែល និងស្កុតឡង់) មិនមែនសុទ្ធតែអាចទស្សនាពន្លឺខាងជើងបានទាំងអស់នោះឡើយ ប៉ុន្តែលោកអ្នកអាចទៅប្រទេសស្កុតឡង់ដើម្បីមើលពន្លឺនេះបាន គ្រាន់កន្លែងខ្លះមានឧបសគ្គច្រើន ដូចជា ពពកបាំង អ័ព្យ ព្យុះព្រិលជាដើម។
១០៖ ប្រទេសដឺណាម៉ាក
ទោះបីជាអាកាសធាតុមានព្យុះកំណាចដូចនៅកោះ Great Britain ក៏ដោយ ក៏អ្នកទស្សនានឹងឃើញពន្លឺខាងជើងនៅពេលល្ងាច នៅពេលដែលអាកាសធាតុអំណោយផល។
គួរជម្រាបថា បាតុភូតអូរ៉ូរ៉ាកើតពីចំហាយ Solar Storm ដែលភាយចេញពីផ្ទៃព្រះអាទិត្យ។ នៅពេល Solar Storm ភាយមកដល់ផែនដី ថាមពល និងភាគល្អិតមួយចំនួនរបស់ព្រះអាទិត្យអាចរត់តាមខ្សែស្រទាប់ម៉ាញេទិចនៅប៉ូលខាងជើង និងប៉ូលខាងត្បូងចូលមកក្នុងបរិយាកាសផែនដីបាន។ ភាគល្អិតព្រះអាទិត្យទាំងនោះបានធ្វើប្រតិកម្មជាមួយឧស្ម័ននៅក្នុងបរិយាកាសផែនដី ហើយបង្កជាបាតុភូតពន្លឺដ៏ស្អាតអស្ចារ្យនៅលើផ្ទៃមេឃ។ ដោយសារតែនៅក្នុងបរិយាកាសយើងសម្បូរទៅដោយឧស្ម័នអុកស៉ីសែន និងឧស្ម័ននីដ្រូសែន (Nitrogen) ទើបជាទូទៅពន្លឺ Aurora មានពណ៌បៃតង ប៉ុន្តែជួនកាលក៏ចេញពណ៌ក្រហម ពណ៌ខៀវ ឬពណ៌ស្វាយផងដែរ៕