(ភ្នំពេញ)៖ នៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងរបស់ផែនដីយើង គឺតែងមានបាតុភូតពន្លឺដ៏ស្រស់ស្អាតម៉្យាងបង្ហាញខ្លួនលើផ្ទៃមេឃ ដែលគេហៅថា ពន្លឺអូរ៉ូរ៉ា (Aurora)។ តើពន្លឺ Aurora មាននៅលើភពដទៃដែរឬទេ?
នៅលើភពផែនដី បាតុភូតអូរ៉ូរ៉ាកើតពីចំហាយ Solar Storm ដែលភាយចេញពីផ្ទៃព្រះអាទិត្យ។ នៅពេល Solar Storm ភាយមកដល់ផែនដី ថាមពល និងភាគល្អិតមួយចំនួនរបស់ព្រះអាទិត្យអាចរត់តាមខ្សែស្រទាប់ម៉ាញេទិចនៅប៉ូលខាងជើង និងប៉ូលខាងត្បូងចូលមកក្នុងបរិយាកាសផែនដីបាន។ ភាគល្អិតព្រះអាទិត្យទាំងនោះបានធ្វើប្រតិកម្មជាមួយឧស្ម័ននៅក្នុងបរិយាកាសផែនដី ហើយបង្កជាបាតុភូតពន្លឺដ៏ស្អាតអស្ចារ្យនៅលើផ្ទៃមេឃ។ ដោយសារតែនៅក្នុងបរិយាកាសយើងសម្បូរទៅដោយឧស្ម័នអុកស៉ីសែន និងឧស្ម័ននីដ្រូសែន (Nitrogen) ទើបជាទូទៅពន្លឺអូរ៉ូរ៉ាមានពណ៌បៃតង ប៉ុន្តែជួនកាលក៏ចេញពណ៌ក្រហម ពណ៌ខៀវ ឬពណ៌ស្វាយផងដែរ
បាតុភូតពន្លឺអូរ៉ូរ៉ាមិនមែនមានតែនៅលើភពផែនដីនោះទេ គឺមាននៅតាមភពដទៃៗទៀតដែរនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ហើយបណ្តាភព Exoplanet ដែលនៅតាមប្រព័ន្ធផ្កាយផ្សេងៗ ក្រៅពីប្រព័ន្ធព្រះអាទិត្យក៏ប្រហែលជាអាចមានបាតុភូតពន្លឺនេះដែរ ឲ្យតែវាមានស្រទាប់បរិយាកាស និងដែនម៉ាញេទិច។
ក្រៅពីផែនដី ក្រុមភពឧស្ម័នយក្សនៅក្នុងប្រព័ន្ធផ្កាយយើង គឺភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ាណុស និងភពណិបទូន សុទ្ធតែមានបាតុភូតពន្លឺអូរ៉ូរ៉ា ខណៈពួកវាសុទ្ធតែមានស្រទាប់បរិយាកាសក្រាស់ៗ និងដែនម៉ាញេទិចរឹងមាំ។ ប៉ុន្តែពន្លឺអូរ៉ូរ៉ានៅតាមភពទាំងនេះ មានលក្ខណៈខុសគ្នាបន្តិចបន្តួចពីអូរ៉ូរ៉ារបស់ផែនដី ដោយសារតែពួកវាក៏កកើតឡើងនៅក្រោមលក្ខខណ្ឌខុសគ្នា៕