(អាមេរិក)៖ ជាការពិតណាស់ យើងធ្លាប់តែដឹងថាសហរដ្ឋអាមេរិកបានទិញទឹកដីអាឡាស្កាពីចក្រភពរុស្ស៉ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ៧,២០០,០០០ដុល្លារ ប៉ុន្តែមុននោះបន្តិច សហរដ្ឋអាមេរិកក៏ធ្លាប់ទិញទឹកដីដ៏ធំមួយពីបារាំងផងដែរ នោះគឺល្វីស្យាណា (Louisiana Purchase) ដែលក្រោយមកត្រូវបានបំបែកនិងបំពេញទៅជារដ្ឋតូចធំដល់ទៅជាង១០រដ្ឋឯណោះ។
តាំងពីឆ្នាំ១៧៦២ ល្វីស្យាណាត្រូវបានគ្រប់គ្រងកាន់កាប់ដោយពួកអាណានិគមអេស្ប៉ាញ ដែលកាលណោះមានទំហំជាង២លានគីឡូម៉ែត្រការ៉េ នៅចន្លោះទន្លេមីស៉ីស៉ីពី និងភ្នំរ៉ក់ឃី។ ប៉ុន្តែជនជាតិអេស្ប៉ាញ និងជនជាតិអាមេរិកចេះតែមានជម្លោះជាមួយគ្នាដោយសាររឿងដណ្ដើមកាន់កាប់ផ្លូវដឹកជញ្ជូនទំនិញតាមដងទន្លេមីស៉ីស៉ីពីចេញទៅទីក្រុងញូវអរលែន (New Orleans) ដូច្នេះហើយគេបានដាក់ចេញសន្ធិសញ្ញាមួយនៅឆ្នាំ១៧៩៥ ដើម្បីដោះស្រាយបញ្ចប់ជម្លោះនេះ។ បន្ទាប់ពីនោះមក ស្ថានភាពចក្រភពអេស្ប៉ាញកាន់តែចុះខ្សោយទៅៗ ជាហេតុធ្វើឱ្យអាមេរិកមានលទ្ធភាពខ្ពស់ក្នុងការពង្រីកការកាន់កាប់ទឹកដី និងផ្លូវជំនួញនៅទន្លេមីស៉ីស៉ីពី។
ភាពរីករាយនេះកើតឡើងមិនបានយូរប៉ុន្មាននោះទេ ដោយក្រោយពេលអេស្ប៉ាញដកខ្លួនពីល្វីស្យាណាទៅ បារាំងក៏បានចូលខ្លួនមកជំនួសវិញ។ ព្រះចៅអធិរាជបារាំងណាប៉ូឡេអុង (Napoleon Bonaparte) ចង់ឱ្យចក្រភពបារាំងរះឡើងវិញនៅក្នុងពិភពថ្មី ដោយព្រះអង្គបានរៀបចំគម្រោងដណ្តើមយកដែនដីអាណានិគមនៅលើកោះសាំងដូម៉ាំង (St. Domingue) ដែលនៅក្នុងសមុទ្រការីបង់ បន្ទាប់មកប្រើទឹកដីល្វីស្យាណាជាទីតាំងមជ្ឈមណ្ឌលកងទ័ពរបស់ទ្រង់។ ទីបំផុត បារាំងបានដណ្ដើមយកទឹកដីល្វីស្យាណាពីអេស្ប៉ាញបានសម្រេចនៅឆ្នាំ១៨០០ និងចូលកាន់កាប់នៅឆ្នាំ១៨០២ ហើយក៏បានចូលកាន់កាប់កោះសាំងដូម៉ាំង និងទីក្រុងញូវលែនបន្ថែមទៀត។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកបានមើលឃើញពីគុណតម្លៃយ៉ាងធំធេងរបស់ល្វីស្យាណា។ អតីតប្រធានាធិបតីអាមេរិក លោក ថូម៉ាស ជេហ្វឺរសុន (Thomas Jefferson) បានរៀបចំកងទ័ពយ៉ាងហ្មត់ចត់នៅជ្រលងភ្នំមីស៉ីស៉ីពី ក្នុងនោះដែរលោក ជេហ្វឺរសុន បានបញ្ជូនមនុស្សទៅចរចាទិញទឹកដីញូវអរលែន និងផ្លរីដាខាងលិច (West Florida) ពីបារាំង ក្នុងតម្លៃប្រមាណ១០លានដុល្លារអាមេរិក។
ដំបូងឡើយ ការងារនេះបានទទួលបរាជ័យ ហើយសហរដ្ឋអាមេរិកបានបង្កើតសម្ពន្ធយោធាជាមួយចក្រភពអង់គ្លេស ដើម្បីកៀបសង្កត់បារាំងមិនឱ្យពង្រីកអំណាចយោធានៅលើទ្វីបអាមេរិក។ ខណៈនោះដែរកងទ័ពបារាំងនៅលើកោះសាំងដូម៉ាំងត្រូវស្លាប់យ៉ាងរង្គាលដោយសារជំងឺផ្តាសាយលឿង (Yellow Fever) ហើយសង្គ្រាមរវាងបារាំង និងអង់គ្លេសនៅតែបន្តការគំរាមកំហែង។ ដោយទន់ដៃនឹងឧបសគ្គទាំងនេះ ព្រះចៅអធិរាជណាប៉ូឡេអុងបានសម្រេចព្រះទ័យបោះបង់ចោលការគ្រប់គ្រងនៅល្វីស្យាណា ហើយលក់ទឹកដីនេះទៅឱ្យសហរដ្ឋអាមេរិកក្នុងតម្លៃត្រឹមតែ១៥លានដុល្លារអាមេរិកប៉ុណ្ណោះ។ ទោះបីជាវាលើសពីតម្លៃដែលលោកប្រធានាធិបតី ជេហ្វឺរសុន ចង់បានក៏ដោយ ប៉ុន្តែពួកគេបាននៅតែព្រមទិញ។
ទឹកដីល្វីស្យាណាដែលអាមេរិកទិញពីបារាំងនេះ គឺមានផ្ទៃដីដល់ទៅជាង២លានគីឡូម៉ែត្រការ៉េឯណោះ ដែលសឹងតែស្មើនឹងទឹកដីសហរដ្ឋអាមេរិកទាំងមូលនាសម័យនោះ។ ក្រោយមក ទឹកដីដ៏ធំមួយនេះក៏ត្រូវបានបំបែកនិងបំពេញទៅជារដ្ឋចំនួន១៥ទៀត រួមមាន ល្វីស្យាណា (បច្ចុប្បន្ន) អាកានសាស់ (Arkansas) ឡូវ៉ា (Lowa) កាន់សាស់ (Kansas) មីសសូរី (Missouri) ណេប្រាស្កា (Nebraska) អូក្លាហូម៉ា (Oklahoma) ខូឡូរ៉ាដូ (Colorado) មីនីសូតា (Minnesota) ម៉ុនតាណា (Montana) ញូវម៉ិកស៉ិក (New Mexico) ដាកូតាខាងត្បូង (South Dakota) ដាកូតា ខាងជើង (North Dakota) តិចសាស់ (Texas) និងវីយ៉ូមីង (Wyoming)៕