(ថៃ)៖ មុនពេលតាំងរាជធានីនៅក្រុងបាងកកបច្ចុប្បន្ន ប្រទេសសៀមគឺមានរាជធានីនៅក្រុងសុខោទ័យ និងក្រុងអយុធ្យា បន្ទាប់ពីរំដោះប្រទេសពីអំណាចត្រួតត្រារបស់ភូមារួចមក នៅឆ្នាំ១៧៦៨ ព្រះចៅតាកស៉ីនក៏បានតាំងរាជធានីថ្មីនៅក្រុងធនបុរី ប៉ុន្តែរយៈពេល១៤ឆ្នាំក្រោយមក ព្រះពុទ្ធយ៉តហ្វា ចូឡាលោក ក៏បានផ្លាស់រាជធានីពីធនបុរីមកបាងកកវិញ។
តាមពិតទៅ បាងកក និងលព្វបុរីមានទំនាក់ទំនងជាមួយគ្នាមិនអាចកាត់ផ្ដាច់បានឡើយ ពីព្រោះនៅមុនសតវត្សទី១៥ ឈ្មោះបាងកកនេះមិនទាន់មានការប្រើប្រាស់នៅឡើយទេ។ ទឹកដីនេះធ្លាប់ជាទឹកដីដើមរបស់ខ្មែរតាំងពីសម័យអាណាចក្រភ្នំ និងធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់អាណាចក្រទ្វារវតី (Dvaravati) របស់ជនជាតិមន។ ក្រោយមក ទ្វារវតីក៏បានប្ដូរទៅជាអាណាចក្រល្វោ (Lavo Kingdom) ដែលមានទីក្រុងមួយឈ្មោះថា ល្វបុរៈ ឬ ល្វបុរី ឬ លព្វបុរី ប៉ុន្តែក៏ស្ថិតក្រោមការត្រួតត្រារបស់ចក្រភពខ្មែរនាសម័យអង្គរវិញ។ នៅចុងសម័យអង្គរ សៀមបានបង្កើតអាណាចក្រដំបូងរបស់ខ្លួន គឺអាណាចក្រសុខោទ័យ (Sukhothai Kingdom)។ ក្រោយពង្រឹងអំណាចបានរឹងមាំហើយ សុខោទ័យក៏បានវាយទន្ទ្រានយកទឹកដីរបស់ខ្មែរ និងមន ក្នុងនោះលព្វបុរីក៏ត្រូវសុខោទ័យកាន់កាប់ទាំងស្រុងដែរ។ បន្ទាប់ពីឆ្នាំ១៣៥១នោះមក អាណាចក្រអយុធ្យា (Ayutthaya Kingdom) ដែលជារាជាណាចក្ររបស់សៀមមួយដែរនោះ ក៏បានដណ្ដើមទឹកដីពីសុខោទ័យ និងទឹកដីខ្មែរភាគខាងលិច ហើយក៏បានកាន់កាប់លព្វបុរីជំនួសសុខោទ័យវិញ។
មកដល់សតវត្សទី១៥ ទើបគេឃើញមានប្រើប្រាស់ឈ្មោះ បាងកក សម្រាប់សំដៅលើទីប្រជុំជនមួយនៅមាត់ច្រាំងទន្លេចៅព្រះពញា ឬ ចៅប្រាយ៉ា (Chao Praya)។ នាពេលក្រោយមក ពួកអាណានិគមលោកខាងលិច ដូចជា ព័រទុយហ្កាល់ និងបារាំងបានមកធ្វើទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាមួយរាជាណាចក្រអយុធ្យា ក្នុងនោះតំបន់លព្វបុរី (Lop Buri) និងបាងកកក៏បានក្លាយជាទីតំបន់យុទ្ធសាស្ត្រយ៉ាងសំខាន់តាំងពីរជ្ជកាលព្រះចៅព្រះនរាយណ៍ ឬ ព្រះណារ៉ាយ (King Narai)។ នៅឆ្នាំ១៧៦៥ ក្រុងស្រីអយុធ្យាក៏ធ្លាក់ក្រោមការត្រួតត្រារបស់ភូមា និងបានបែកខ្ញែកជារដ្ឋតូចៗនៅទូទាំងប្រទេស។
ក្នុងពេលវាយរំដោះប្រទេសពីកណ្ដាប់ភូមានៅឆ្នាំ១៧៦៨ ព្រះចៅតាកស៉ីន (King Taksin) មិនចង់វិលទៅក្រុងស្រីអយុធ្យាវិញនោះឡើយ ដោយបានតាំងរាជធានីថ្មីនៅក្រុងធនបុរី (Thon Buri) ដែលស្ថិតនៅត្រើយខាងលិចនៃទន្លេចៅព្រះពញា ប៉ុន្តែរយៈពេល១៤ឆ្នាំក្រោយមក ពោលគឺក្រោយពេលស្ដេចអង្គនេះត្រូវប្រហារជីវិត ព្រះចៅរាមាធិបតី ឬ រាមាទី១ (ព្រះមរណនាម គឺព្រះពុទ្ធយ៉តហ្វា ចូឡាលោក) ក៏បានផ្លាស់ប្ដូររាជធានីថ្មីទៅកាន់ត្រើយខាងកើតនៃទន្លេចៅព្រះពញាវិញ ដែលជាទឹកដីបាងកកនោះឯង។ ការស្ថាបនារាជធានីថ្មីចុងក្រោយនេះ គឺបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ១៧៨២។
មូលហេតុធំបំផុតនៃការផ្លាស់ប្ដូររាជធានីពីធនបុរីទៅត្រើយខាងកើតទន្លេវិញនោះ គឺដើម្បីការពារពីការវាយប្រហាររបស់កងទ័ពភូមានៅពេលក្រោយ ព្រោះទម្រាំវាយចូលដល់រាជធានីក៏មានទន្លេចៅព្រះពញាដ៏ធំមួយសម្រាប់រារាំងជាមុនផងដែរ។
កាលណោះ ព្រះចៅរាមាទី១បានប្រសិទ្ធនាមដល់រាជធានីថ្មីនេះថា Krung Thep Maha Nakhon Amon Rattanakosin Mahinthara Ayutthaya Mahadilok Phop Noppharat Ratchathani Burirom Udomratchaniwet Mahasathan Amon Piman Awatan Sathit Sakkathattiya Witsanukam Prasit (អានថា៖ គ្រុង ធេប ម៉ាហា ណៈខន, អាម៉ន រ៉ាត់ថាណៈគោស៉ីន, ម៉ាហ៉ីនថារ៉ា អាយុតថាយ៉ា, ម៉ាហាឌីលោក ភព, នុពផារ៉ាត រ៉ាតឆាថានី ប៊ូរីរុម, អ៊ូដុមរ៉ាតឆានីវេត ម៉ាហាសាថាន, អាម៉ន ភីម៉ាន អាវ៉ាតាន សាធីត, សាក់កាថាតធីយ៉ា វិសានុខាម ប្រាស៉ីត)។ ប្រសិនបើហៅតាមខេមរភាសា គឺអានថា «ក្រុងទេពមហានគរ អមររតនកោសិន្ទ្រ មហិន្ទ្រាយុធ្យា មហាតិលកភព នព្វរតន៍រាជធានីបុរីរម្យ ឧត្តមរាជនិវេសន៍មហាស្ថាន អមរពិមាន អវតាសណ្ឋិត សក្កខត្តិយៈ វិស្ណុកម្មប្រសិទ្ធ»។
នាពេលបច្ចុប្បន្ន ឈ្មោះក្រុងនេះត្រូវបានប្រជាជនហៅកាត់ថា ក្រុងបាងកក ឬ ក្រុងធេប ឬ ក្រុងរ៉ាត់ថាណៈគោស៉ីន (ក្រុងរតនកោសិន្ទ្រ) ហើយគិតមកដល់បច្ចុប្បន្ន រាជធានីរបស់ប្រទេសថៃមួយនេះមានអាយុកាល២៤០ឆ្នាំហើយ។
គួរជម្រាបថា បើតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញផ្សាយថា ការិយាល័យរាជបណ្ឌិត្យសភាថៃ (ORST) បានស្នើផ្លាស់ប្ដូរឈ្មោះរាជធានីផ្លូវការពីបាងកកទៅជាក្រុងទេពមហានគរ (Krung Thep Maha Nakhon) ប៉ុន្តែឈ្មោះបាងកកនេះនៅតែទទួលស្គាល់ដដែល គឺត្រូវដាក់អមនៅក្នុងរង្វង់ក្រចក៕