(ចក្រវាឡ)៖ មកទល់ពេលបច្ចុប្បន្ន ប្រព័ន្ធព្រះអាទិត្យរបស់យើង (Solar System) ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា មានព្រះចន្ទសរុបដល់ទៅជាង២០០ឯណោះ ដោយភពខ្លះមានព្រះចន្ទតិច ភពខ្លះមានព្រះចន្ទច្រើនដល់ទៅរាប់សិប ហើយភពខ្លះទៀតគឺមិនមានព្រះចន្ទសោះតែម្តង។
ក្នុងចំណោមភពថ្មដែលស្ថិតតំបន់ខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យ ដូចជាភពពុធ និងភពសុក្រគឺមិនមានព្រះចន្ទនោះឡើយ រីឯភពអង្គារមានព្រះចន្ទចំនួន២ ខណៈភពផែនដីមានព្រះចន្ទចំនួន១។ ដោយឡែក នៅតំបន់ខាងក្រៅនៃប្រព័ន្ធព្រះអាទិត្យ ជាទីដែលភពឧស្ម័នយក្សស្ថិតនៅវិញនោះ គឺពួកវាមានព្រះចន្ទច្រើនមែនទែន។ មូលហេតុដែលពពួកភពឧស្ម័នមានព្រះចន្ទច្រើនជាងពពួកភពថ្មយ៉ាងដូច្នេះ ព្រោះកាលពីអំលុងប្រព័ន្ធព្រះអាទិត្យរបស់យើងមានការវិវត្តដំបូង ភពឧស្ម័នទាំងនោះមានកម្លាំងទំនាញខ្លាំង ដែលអាចស្រូបយកវត្ថុតូចៗទៅធ្វើជាព្រះចន្ទរបស់ពួកវា។
សរុបមកវិញ ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងមានព្រះចន្ទតាមចំនួនដូចខាងក្រោម៖
* ភពពុធ (Mercury) និងភពសុក្រ (Venus) មិនមានព្រះចន្ទសោះឡើយ
* ភពផែនដី (Earth) មានព្រះចន្ទចំនួន១
* ភពអង្គារ (Mars) មានព្រះចន្ទចំនួន២
* ភពព្រហស្បតិ៍ (Jupiter) មានព្រះចន្ទចំនួន៧៩
* ភពសៅរ៍ (Saturn) មានព្រះច័ន្ទចំនួន៨២
* ភពអ៊ុយរ៉ាណុស (Uranus) មានព្រះចន្ទចំនួន២៧
* ភពណិបទូន (Neptune) មានព្រះចន្ទចំនួន១៤
ប្រសិនបើរួមបញ្ចូលគ្នា ភពទាំង៨ខាងលើមានព្រះចន្ទសរុបទាំងអស់មានចំនួន២០៥ ហើយតាមពិតទៅភពមិនពេញលក្ខណៈ ឬភពបម្រុង ដូចជា ភ្លុយតុង (Pluto) ជាដើម ក៏មានព្រះចន្ទផ្ទាល់ខ្លួនផងដែរ។ ពាក់ព័ន្ធនឹងឈ្មោះព្រះចន្ទភាគច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង គឺត្រូវបានដាក់ឈ្មោះឱ្យតាមតួអង្គក្នុងទេវកថាចម្រុះវប្បធម៌ ដូចជា វប្បធម៌ក្រិក រ៉ូម៉ាំងជាដើម លើកលែងតែក្រុមព្រះចន្ទរបស់ភពអ៊ុយរ៉ាណុស ដែលត្រូវបានដាក់ឈ្មោះតាមតួអង្គក្នុងល្ខោនរបស់លោក វីលៀម សេកស្ពៀរ (William Shakespeare)៕