(ភ្នំពេញ)៖ បរិយាកាសរបស់ផែនដីកើតឡើងពីល្បាយអាតូមនិងម៉ូលេគុលជាច្រើនប្រភេទខុសៗគ្នា ក្នុងនោះមានទាំងឧស្ម័ន ចំហាយទឹក និងភាគល្អិត។ តើអ្នកដឹងទេថាឧស្ម័នអ្វីដែលមានច្រើនជាងគេនៅក្នុងបរិយាកាសផែនដី?
ឧស្ម័នភាគច្រើនដែលមាននៅក្នុងបរិយាកាសភពផែនដីយើងមានឧស្ម័នអាសូត អុកស៉ីសែន ឧស្ម័នកាបូនិច ចំហាយទឹក និងឧស្ម័នផ្សេងៗ ក្រៅពីនេះមានភាគស្អិតរឹងនិងរាងផ្សេងទៀត។ ភាគល្អិតរឹងមានដូចជាធូលី ផេះភ្នំភ្លើង ក្រាមអំបិល ផ្សែងជាដើម។ អ្នកអាចមើលឃើញភាគល្អិតទាំងនេះបាននៅពេលយប់ បន្ទាប់ពីពន្លត់ភ្លើង ហើយបញ្ចាំងភ្លើងពិលជំនួសវិញ អ្នកនឹងអាចឃើញភាគល្អិតតូចៗអណ្ដែតនៅក្នុងខ្យល់។ រូបធាតុរាវភាគច្រើននៅក្នុងបរិយាកាស គឺជាតំណក់ទឹកដែលមាននៅក្នុងពពក។ ចំណែកចំហាយទឹកនៅក្នុងបរិយាកាស គឺជាឧស្ម័នដែលមើលមិនឃើញ។
ឧស្ម័នដែលមានច្រើនជាងគេនៅក្នុងបរិយាកាសផែនដី គឺអាសូត (Nitrogen) វាមានបរិមាណប្រមាណ៧៨%នៃឧស្ម័ននៅលើផែនដី។ ម៉ូលេគុលអាសូតនីមួយៗផ្សំឡើងពីអាតូមអាសូតពីរ។ បន្ទុះភ្នំភ្លើងបានបញ្ចេញអាសូតទៅក្នុងបរិយាកាស និងនៅពេលដែលសាកសពសត្វ ឬរុក្ខជាតិងាប់ ហើយទទួលរងនូវការពុលផុយ។
ចំណែកអុកស៉ីសែន គឺជាឧស្ម័នដែលសម្បូរលំដាប់ទី២នៅក្នុងបរិយាកាសផែនដី ដែលផលិតឡើងដោយសារាយក្នុងសមុទ្រ រុក្ខជាតិ និងពពួកប្រទីស្ដរុក្ខជាតិ តាមរយៈរស្មីសំយោគ។ អុកស៉ីសែនភាគច្រើនមានពីរអាតូម (O2) ក្រៅពីនោះមានអូសូនដែលជាទម្រង់អុកស៉ីសែនមានបីអាតូម (O₃)។
បរិយាកាសមិនមែនស្ងួតនោះទេ ដោយសារតែវាផ្ទុកនូវចំហាយទឹក។ ចំហាយទឹក គឺជាទឹកដែលស្ថិតក្នុងទម្រង់ជាឧស្ម័ន ដោយយើងពុំអាចមើលឃើញដោយភ្នែកទទេបានទេ។ បរិមាណចំហាយទឹកនៅក្នុងបរិយាកាសខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ និងតាមពេលវេលា។ ចំហាយទឹកដើរតួនាទីយ៉ាងសំខាន់នៅក្នុងធាតុអាកាសភពផែនដី។ ពពកកើតចេញពីចំហាយទឹកដែលចេញពីខ្យល់បង្កើតបានជាតំណក់ទឹកតូចៗឬក្រាមទឹកកក ប្រសិនបើតំណក់ទឹកកកឬក្រាមទឹកកកទាំងអស់នោះមានទម្ងន់ធ្ងន់ល្មម វានឹងធ្លាក់មកជាភ្លៀង ទឹកកក ទឹកកកសំឡី ឬភ្លៀងលាយព្រិល៕