(ភ្នំពេញ)៖ ដូចយើងដឹងស្រាប់ហើយថានៅក្នុងរង្វាស់កាលវេលានាពេលបច្ចុប្បន្ន ខែកុម្ភៈដែលជាខែទី២នៃប្រតិទិនសុរិយាគតិនោះ គឺមានរយៈពេលតែ២៨ថ្ងៃ ឬ២៩ថ្ងៃប៉ុណ្ណោះ។ តើលោកអ្នកដឹងទេថា ពិភពលោកយើងកំណត់ឱ្យខែកុម្ភៈមានតែ២៨ថ្ងៃដោយរបៀបណា ហើយតាំងពីពេលណា?
ប្រតិទិនដែលយើងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ គឺប្រតិទិនហ្គ្រេហ្គោរាន (Gregorian Calendar) ដែលខ្មែរយើងហៅថា ប្រតិទិនសុរិយគតិ។ ប្រតិទិនហ្រ្គេហ្គោរាននេះ គឺជាសមិទ្ធផលបានមកពីការអភិវឌ្ឍនិងកែប្រែជាបន្តបន្ទាប់ពីប្រតិទិនជំនាន់មុនៗ។
ដើមឡើយ គឺមានប្រតិទិនចំណាស់មួយ គឺប្រតិទិនរបស់ពួករ៉ូម៉ាំង ដែល១ឆ្នាំមានត្រឹមតែ១០ខែប៉ុណ្ណោះ។ នាពេលនោះ ស្តេចរ៉ូម៉ាំង នូម៉ា ប៉ុមពីលីអ៊ូស (Numa Pompilius) មានបំណងចង់ឱ្យប្រតិទិនរូម៉ាំងត្រូវគ្នាជាមួយឆ្នាំចន្ទគតិ ហើយក៏បានបន្ថែមខែថ្មីចំនួនពីរនៅខាងចុងប្រតិទិនចាស់ ដែលបច្ចុប្បន្នយើងស្គាល់ថាជាខែមករា និងខែកុម្ភៈ។
មុនការបន្ថែមខាងលើ ក្នុងចំណោមខែទាំង១០នោះ ខែចំនួន៦មាន៣០ថ្ងៃ និងខែចំនួន៤ទៀតមាន៣១ថ្ងៃ ដែលសរុបមកមួយឆ្នាំមានត្រឹម៣០៤ថ្ងៃ ប៉ុន្តែស្តេច នូម៉ា ចង់បញ្ចៀសមិនឱ្យខែក្នុងប្រតិទិនរបស់ទ្រង់មានថ្ងៃចំនួនគូឡើយ ព្រោះពេលនោះពួករ៉ូម៉ាំងមានជំនឿថា ចំនួនគូជាចំនួនមិនល្អ ឬចំនួនមិននាំសំណាង ដូច្នេះហើយព្រះអង្គក៏បានដកមួយថ្ងៃចេញពីខែទាំងឡាយដែលមាន៣០ថ្ងៃ ធ្វើឱ្យទាំងខែ៦នោះនៅសល់ត្រឹម២៩ថ្ងៃវិញ។
រ៉ូម៉ាំងចាត់ទុកឆ្នាំចន្ទគតិមាន៣៥៥ថ្ងៃ ដោយមិនអាចចាត់ទុក៣៥៤ថ្ងៃទេ ដោយសារជាលេខគូ។ យ៉ាងណាក្តី ចុងបញ្ចប់នៅតែតម្រូវឱ្យខែយ៉ាងតិចមួយក្នុងចំណោមខែទាំង១២មានចំនួនថ្ងៃជាលេខគូ។ ហេតុដូច្នេះហើយទើបស្តេច នូម៉ា បានសម្រេចជ្រើសរើសយកខែកុម្ភៈឱ្យមានរយៈពេលត្រឹមតែ២៨ថ្ងៃ ដែលជាខែត្រូវរៀបចំពិធីគោរពបូជាដល់អ្នកចែកឋានរបស់ពួករ៉ូម៉ាំង គឺជាខែគ្មានសំណាង។
មកដល់ឆ្នាំ៤៥មុនគ្រិស្តសករាជ មេដឹកនាំរ៉ូម៉ាំងម្នាក់ឈ្មោះ ជូលីអ៊ូស ស៉ីសា (Julius Caesar) បានបង្កើតប្រតិទិនថ្មីមួយទៀតហៅថា ប្រតិទិនជ្យូលាន (Julian Calendar)។ ដោយទទួលយកការណែនាំពីតារាវិទូរបស់ខ្លួនផង ស៉ីសាក៏បានបន្ថែមចំនួនថ្ងៃនៅក្នុងប្រតិទិនថ្មីនេះឱ្យមានរយៈពេល៣៦៥ថ្ងៃ ក្នុងនោះលោកបានបន្ថែមចំនួនក្នុងខែមាន៣០ថ្ងៃ ឬ៣១ថ្ងៃ លើកលែងតែខែកុម្ភៈដែលនៅ២៨ថ្ងៃដដែល។
លុះដល់ឆ្នាំ១៥៨២ សម្ដេចបាប ហ្គ្រេហ្គោរីទី១៣ (Pope Gregory XIII) ក៏បានបង្កើតប្រតិទិនថ្មីមួយទៀតដែលបានអភិវឌ្ឍបន្ថែមពីប្រតិទិនជ្យូលានរបស់មេដឹកនាំរ៉ូម៉ាំង ជូលីអ៊ូស។ ប្រតិទិនដែលសម្រេចឱ្យប្រើប្រាស់តាំងពីសតវត្សទី១៦នោះ គឺមានឈ្មោះថា ប្រតិទិនហ្រ្គេហ្គោរាន (Gregorian Calendar)។ កាលណោះ ខែមករា និងខែកុម្ភៈនៅតែជាខែពីរចុងប៉ូចគេដដែល រហូតទាល់តែ១សតវត្សរ៍ក្រោយមក គេបានលើកខែទាំង២នេះមកជាខែដើមឆ្នាំវិញ។
គួរជម្រាបថា ទោះបីជាពេលបច្ចុប្បន្ន ខែកុម្ភៈមានត្រឹមតែ២៨ថ្ងៃក៏ដោយ ប៉ុន្តែនៅក្នុងឆ្នាំខ្លះដែលជាឆ្នាំបង្រ្គប់ (ឆ្នាំដែលចែកដាច់នឹង៤) គឺខែកុម្ភៈមាន២៩ថ្ងៃ៕