(ភ្នំពេញ)៖ លោក ជីវ តាក្វាន់ គឺជាបេសកទូតចិនដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងសម័យអង្គរ និងបានសរសេរកំណត់ត្រា «ប្រពៃណីនៃអ្នកស្រុកចេនឡា» ដែលជាឯកសារដ៏សំខាន់ក្នុងការសិក្សាអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ តើអ្នកដឹងទេថា លោក ជីវ តាក្វាន់ បានមកទស្សនកិច្ចនៅអង្គរនៅអំលុងឆ្នាំណា និងបានធ្វើអ្វីខ្លះក្នុងពេលស្នាក់នៅក្រុងអង្គរ?
លោក ជីវ តាក្វាន់ ក្នុងភាសាចិនហៅថា ចូវ តាហ្គ័ន (Zhou Daguan) កើតនៅឆ្នាំ១២៦៦ និងបានទទួលមរណភាពនៅឆ្នាំ១៣៤៦។ លោកគឺជាមន្ត្រីបេសកទូតរបស់រាជការយ័ន (ម៉ុងហ្គោល) ដែលគ្រប់គ្រងប្រទេសចិននាសម័យនោះ ដោយស្ដេចរបស់លោកគឺព្រះចៅអធិរាជទីមួរខាន់ (Temür Khan) ខណៈនៅក្នុងភាសាចិនហៅថា អធិរាជឆឹងចុង (Emperor Chengzong of Yuan)។ ស្ដេចទីមួរខាន់នេះបានឡើងសោយរាជ្យនិងគ្រប់គ្រងប្រទេសចិនបន្ទាប់ពីព្រះចៅអធិរាជគូប៊ីឡៃខាន់ (Kublai Khan)។
* បេសកកម្មនៅប្រទេសកម្ពុជា
តាំងតែពីដើមមក ជនជាតិចិនតែងហៅប្រទេសកម្ពុជាថា «ប្រទេសចេនឡា»។ ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសចេនឡា ព្រះចៅអធិរាជទីមួរខាន់នៃរាជវង្សយ័ន បានត្រាស់បង្គាប់ឱ្យលោក ជីវ តាក្វាន់ មកបំពេញទស្សនកិច្ចនៅរាជធានីយសោធរបុរៈ (ក្រុងអង្គរធំបច្ចុប្បន្ន) ក្នុងនាមជាបេសកទូតចិនតំណាងឱ្យរាជការយ័ន។
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១២៩៦ លោក ជីវ តាក្វាន់ បានចេញដំណើរពីកំពង់ផែមីងចូវ (Mingzhou) ក្នុងខេត្តចឺជាំង (Zhejiang) ឆ្ពោះមកសមុទ្រចិនខាងត្បូង ដោយឆ្លងកាត់កោះហាយណាន ប្រទេសចាម្ប៉ា កម្ពុជាក្រោម ហើយចូលតាមទន្លេមេគងមកដល់ទន្លេសាបនិងបឹងទន្លេសាប ទើបបានមកដល់ក្រុងអង្គរធំនៅខែសីហា ឆ្នាំ១២៩៦ ពោលគឺត្រូវប្រើពេលធ្វើដំណើរជាង៦ខែ។
ក្នុងពេលស្នាក់នៅក្រុងអង្គរធំនោះ បេសកទូតចិនរូបនេះបានទទួលព្រះរាជានុញ្ញាតឱ្យចូលក្រាបបង្គំគាល់ព្រះបាទស្រីន្ទវម៌្ម ឬ ព្រះបាទឥន្ទ្រវម៌្មទី៣ នាអំលុងខែកក្កដា ឆ្នាំ១២៩៧ ដើម្បីជួបសវនការជាមួយព្រះមហាក្សត្រមហានគរ។
ក្រៅពីនេះ លោកបានដើរទស្សនកិច្ចនៅក្នុងនិងជុំវិញទីក្រុងអង្គរធំ ដោយបានសរសេរកំណត់ហេតុពិពណ៌នាអំពីរាជធានី ព្រះបរមរាជវាំង និងប្រាសាទ រួមជាមួយប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកអង្គរផងដែរ។ លោកបានសង្កេតឃើញនូវក្បួនដង្ហែព្រះមហាក្សត្រ និងពិធីនានា ព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជានុរាស្ត្រខ្មែរ។ ចំពោះការស្នាក់របស់លោក ជីវ តាក្វាន់ គឺលោកបានសុំស្នាក់នៅជាមួយប្រជារាស្ត្រមួយគ្រួសារនៅជិតក្លោងទ្វារខាងជើងនៃអង្គរធំ គឺខ្លោងទ្វារដីឆ្នាំងបច្ចុប្បន្ន។
បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល១១ខែក្រោយមក នៅខែកក្កដា ឆ្នាំ១២៩៧ លោក ជីវ តាក្វាន់ ក៏បានចាកចេញពីប្រទេសកម្ពុជាធ្វើដំណើរមកកាន់រាជធានីប៉ីជីងវិញ ដើម្បីចូលគាល់រាយការណ៍ថ្វាយព្រះចៅអធិរាជរបស់លោក។ អ្វីដែលជាការកត់សម្គាល់ គឺលោកបានសរសេរដោយផ្ទាល់ដៃនូវកំណត់ហេតុនានានៅប្រទេសកម្ពុជា។
ឯកសាររបស់លោក ជីវ តាក្វាន់ ត្រូវបានលោក លី ធាមតេង ដែលជាអ្នកប្រាជ្ញជនជាតិខ្មែរមួយរូប បានព្យាយាមបកប្រែមកជាខេមរភាសានៅឆ្នាំ១៩៧៣ ដើម្បីទុកជាឯកសារគោលសំខាន់មួយសម្រាប់ឱ្យជនជាតិខ្មែរយល់ពីកំណត់ត្រារបស់ជនជាតិចិនរូបនេះ៕