(ពិភពលោក)៖ មិនត្រឹមតែមានប្រជាជនច្រើនជាងគេ នៅលើកពិភពលោកប៉ុណ្ណោះទេ ប្រទេសចិនក៏ជាប្រទេសដែលមានកងទ័ពច្រើនជាងគេផងដែរ។ ចាប់តាំងពីបង្កើត «កងទ័ពរំដោះប្រជាជនចិន» ដំបូងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ១៩២៧ មក សាធារណរដ្ឋប្រជាមានិតចិនមានកងទ័ពដល់ទៅជាង ២លាននាក់ ដោយទាហានភាគច្រើនមានអាយុចាប់ពី ១៨-៤៩ឆ្នាំ។
ក្រៅពីទាហានសកម្មជាង២លាននាក់នេះ ប្រទេសចិនក៏មានទាហានបម្រុងជាងកន្លះលាននាក់ទៀត និងទាហានជាប់កាតព្វកិច្ចយោធាកន្លះលាននាក់ទៀតផងដែរ។
កងទ័ពរំដោះប្រជាជនចិនចែកចេញជា ៥ប្រភេទ រួមមាន៖ កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស កងទ័ពគ្រាប់រ៉ុក្កែត (មុនឆ្នាំ២០១៦ មានឈ្មោះដើមថា កងទ័ពកាំភ្លើងធំ) និងកងទ័ពជំនួយយុទ្ធសាស្ត្រ។ កងទ័ពរំដោះប្រជាជនចិននេះទៀតសោតក៏ចែកចេញជា ៥ភូមិភាគ គឺភូមិភាគខាងលិច ភូមិភាគខាងកើត ភូមិភាគខាងជើង ភូមិភាគខាងត្បូង និងភូមិភាគកណ្ដាល។
បន្ទាប់ពីប្រទេសចិន គឺប្រទេសឥណ្ឌាដែលមានកងទ័ពសកម្មចំនួន ១.៣៩លាននាក់ គឺប្រហាក់ប្រហែលនឹងកងទ័ពសហរដ្ឋអាមេរិកដែលមានចំនួន ១.៣៤លាននាក់។ រីឯប្រទេសកូរ៉េខាងជើងវិញ គឺមានកងទ័ពចំនួន ១.២៨លាននាក់៕