(ពិភពលោក)៖ ពិភពលោកបច្ចុប្បន្នបើនិយាយអំពីវិស័យភាពយន្ត គ្មានប្រទេសណាវ៉ាដាច់ក្រុមហ៊ុនហូលីវូដ របស់សហរដ្ឋអាមេរិកនោះឡើយ ប៉ុន្តែបើនិយាយអំពីកន្លែងថតភាពយន្តដែលធំជាងគេវិញ គឺមិនមែនជាស្ទូឌីយោរបស់ក្រុមហ៊ុននេះឡើយ។
ចុះបើមិនមែននៅសហរដ្ឋអាមេរិកទេ តើប្រទេសណាទៅដែលមានកន្លែងថតភាពយន្តធំជាងគេលើពិភពលោក? ដើម្បីបកស្រាយចម្ងល់នេះ Fresh News Plus សូមចូលខ្លួនលើកបង្ហាញដូចតទៅ៖
កន្លែងថតភាពយន្តធំជាងគេលើពិភពលោក គឺមានឈ្មោះថា ហឹងទាន វើលដ៍ ស្ទូឌីយោ (Hengdian World Studios) ដែលមានទីតាំងស្ថិតនៅក្រុងតុងយ៉ាង (Dongyang) ខេត្តស៉ីនជាំង សាធារណរដ្ឋប្រជាមានិតចិន, ជូនកាលគេហៅស្ទូឌីយោនេះថា ឆាយណាវូដ (Chinawood) ដែលប្រៀបបីដូចជាឧទ្យានដ៏ធំមួយ មានទស្សនិយភាពចម្រុះសម្បូរបែប។
ស្ទូឌីយោឆាយណាវូដ ឬ ហឹងទាននេះមានផ្ទៃដីសរុបរហូតដល់ ៣៣០ហិកតា ដែលត្រូវបានកសាងឡើងដំបូងនៅពាក់កណ្តាលឆ្នាំ១៩៩០ ព្រមទាំងមានការពង្រីក និងអភិវឌ្ឍឱ្យកាន់តែធំ និងកាន់តែសម្បូរបែបជាបន្តបន្ទាប់។
សំណង់ដែលធំជាងគេនៅក្នុងឧទ្យានថតភាពយន្តនេះ គឺព្រះបរមរាជវាំងបុរាណ (វាជាសំណង់ស្ថាបត្យនិម្មិត) ដែលសាងសង់ឡើងតាមទម្រង់រចនាប័ទ្មបុរាណចិនស្ទើរតែគ្រប់សម័យកាល ដូចជាសម័យរាជវង្សឈីង (Qin) រាជវង្សហាន (Han) រាជវង្សថាង (Tang) រាជវង្សម៉េង (Ming) និងសម័យរាជវង្សឆេង (Qing) ជាដើម។ ព្រះរាជវាំងបុរាណនេះហើយ ដែលគេតែងតែប្រើប្រាស់ជាកន្លែងថតភាពយន្តបែបបុរាណជាញឹកញាប់ ដូចប្រជាពលរដ្ឋយើងតែងទស្សនារាល់ថ្ងៃនេះ។
ហឹងទាន មិនត្រឹមតែជាកន្លែងថតភាពយន្តដ៏ធំរបស់ចិនប៉ុណ្ណោះទេ តែវាក៏បានក្លាយស្ទូឌីយោថតភាពយន្តរបស់ក្រុមហ៊ុនហូលីវូដផងដែរ គឺពិតជាមានភាពអស្ចារ្យខ្លាំងណាស់។
ជាមួយនឹងសម្រស់ទេសភាពទាំងបួនរដូវនៅប្រទេសចិន ស្ទូឌីយោហឹងទាននេះបានក្លាយជាបណ្ដុំនៃទស្សនិយភាព និងទិដ្ឋភាពសម័យបុរាណ និងសម័យទំនើបយ៉ាងច្រើនសម្បូរបែប ខណៈព្រះរាជវាំងស្ថាបត្យនិម្មិត ភ្នំ បឹង វាលស្រែ ផ្លូវតូចធំ សួនច្បារ និងសំណង់អគារចម្រុះសម័យកាល ត្រូវបានរៀបចំឡើងប្រកបដោយភាពទាក់ទាញ៕