(ពិភពលោក)៖ រ៉ាដ្យូម (Radium) ជាលោហធាតុដែលបង្កឱ្យមានឱ្យវិទ្យុសកម្ម ខណៈវាត្រូវបានរកឃើញដំបូងនៅចុងសតវត្សរ៍ទី១៩ ដោយអ្នកវិទ្យាសាស្ត្រប្ដីប្រពន្ធពីរនាក់ ប៉ុន្តែរ៉ាដ្យូមមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ព្រោះតែសារធាតុវិទ្យុសកម្មរបស់វា។ តើអ្នកណាជាអ្នករកឃើញជាតិវិទ្យុសកម្ម?
រ៉ាដ្យូម គឺតាងដោយនិម្មិតសញ្ញា Ra និងមានលេខអាតូម ៨៨ ស្ថិតនៅក្នុងក្រុមលោហៈអាល់កាឡាំង។ រ៉ាដ្យូមដែលស្ថិតក្នុងទម្រង់បរិសុទ្ធមានពណ៌សភ្លឺ ប៉ុន្តែវានឹងប្រតិកម្មភ្លាមៗជាមួយឧស្ម័ននីត្រូហ្សែន ឬអាហ្សូត (Nitrogen) ហើយវិវត្តទៅជារ៉ាដ្យូមនីត្រាត (Ra3N2) ដែលមានផ្ទៃពណ៌ខ្មៅ។
បច្ចុប្បន្ននេះ រ៉ាដ្យូមជាលោហៈដែលមានតម្លៃខ្ពស់បំផុត ព្រោះដើម្បីបានរ៉ាដ្យូម២ក្រាម គេត្រូវរំលាយរ៉ែជាច្រើនតោន ខណៈរ៉ាដ្យូមមួយដុំតូចមានតម្លៃរ៉ាប់ម៉ឺនដុល្លារ ព្រោះវាជាលោហធាតុកម្រដ៏ក្រៃលែង។ គុណប្រយោជន៍ដ៏សំខាន់របស់រ៉ាដ្យូម គឺអាចព្យាបាលរោគមហារីកស្បែក រោគសាច់ដុះ និងសើស្បែកច្រើនប្រភេទដទៃទៀតឱ្យជាសះស្បើយបាន តាមរយៈពន្លឺពណ៌បៃតងរបស់វា។
រ៉ាដ្យូមក្នុងទម្រង់ជារ៉ាដ្យូមក្លរីដ (Radium Chloride) ត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រពីរនាក់ប្ដីប្រពន្ធ គឺលោក ព្យៀរ គូរី (ជនជាតិបារាំង) និងលោកស្រី ម៉ារី គូរី (ជនជាតិប៉ូឡូញ) នៅឆ្នាំ១៨៩៨ ខណៈអ្នកទាំងពីរបានចម្រាញ់យកសមាសធាតុរ៉ាដ្យូមក្លរីដនេះចេញពីដុំរ៉ែអ៊ុយរ៉ាញូម (Uranium)។
នៅប្រាំថ្ងៃក្រោយការរកឃើញនេះ អ្នកវិទ្យាសាស្ត្រពីរនាក់ប្ដីប្រពន្ធនេះបានចេញផ្សាយរបកគំហើញរបស់ខ្លួននៅឯបណ្ឌិត្យសភាវិទ្យាសាស្រ្តបារាំង។ បន្ទាប់មកទៀត រ៉ាដ្យូមសុទ្ធត្រូវបានញែកចេញដោយលោកស្រី ម៉ារី គូរី និងអ្នកវិទ្យាសាស្រ្តម្នាក់ទៀតគឺលោក អង់ដ្រេ ល្វី ដឺព្យៀន (Andre-Louis Debierne) ដោយពួកគេបានប្រើចរន្តអគ្គិសនីលើរ៉ាដ្យូមក្លរីដ នៅឆ្នាំ១៩១១។
ទោះជាយ៉ាងណា រ៉ាដ្យូមក៏ត្រូវបានរកឃើញនៅសម័យក្រោយទៀតថា អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយើងផងដែរ នៅពេលវាត្រូវគេប្រើប្រាស់ក្នុងដំណើរការគីមីផ្សេងៗ ដោយសារតែកម្រិតវិទ្យុសកម្ម និងប្រតិកម្មគីមីរបស់វាខ្លាំង។ បច្ចុប្បន្នក្រៅពីការប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្ត និងវិស័យនុយក្លេអ៊ែរ រ៉ាដ្យូមមិនត្រូវបានប្រើប្រាស់ក្នុងវិស័យផ្សេងទៀតឡើយ៕