(ពិភពលោក)៖ ដូចដែលយើងដឹងហើយថា ការគេងពីព្រលប់ និងងើបពីព្រលឹម ពិតជាមានសារៈសំខាន់ណាស់ ហើយមនុស្សភាគច្រើនអនុវត្តន៍ទម្លាប់បែបនេះជាប្រចាំថ្ងៃ។ យ៉ាងណាក៏ដោយមានមនុស្សភាគតិច មិនអនុវត្តន៍តាមបែបបទខាងលើនេះទេ ក្នុងនោះមានទាំងប្រធានាធិបតី របស់ប្រទេសមហាអំណាចរុស្ស៉ីផងដែរ គឺលោក វ្លាដឺមៀរ ពូទីន (Vladimir Putin)។
ស្របពេលដែលពិភពលោកកំពុងផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន ថ្ងៃនេះ Fresh News Plus សូមដកស្រង់យកទម្លាប់ប្រចាំថ្ងៃ របស់ប្រធានាធិបតី ពូទីន ដែលសរសេរដោយលោក Ben Judah អ្នកធ្វើការឲ្យទស្សនាវដ្តី Newsweek (Ben Judah ចំណាយពេល៣ឆ្នាំ សរសេរសៀវភៅមួយរៀបរាប់ពីពូទីន និងរុស្ស៉ី ដោយដាក់ចំណងជើងថា «Fragile Empire») ដូចតទៅ៖
* ជាមនុស្សគេងទ្រមក់៖
ពូទីន តែងតែងគេងដល់ថ្ងៃចាំងគូថមានន័យថា គេងទ្រមក់ និងហូបអាហារពេលព្រឹកក្បែរថ្ងៃត្រង់ឯណោះ។ ជារឿយៗលោកហូបអូមីលែតយ៉ាងច្រើន (ពងមាន់ច្របល់ចូលគ្នាហើយចៀន) ជាមួយនឹងបបរសរមួយចានធំ។ បន្ថែមលើនេះគាត់ក៏ហូបពងក្រូច និងហូបទឹកផ្លែឈើផងដែរ។ លើសពីនេះទៅទៀត គាត់ហូបសាច់គោ ហើយបន្ទាប់មកហូបកាហ្វេទៀតផង។
* ហែលទឹក២ម៉ោងហើយហាត់ប្រាណទៀត៖
ជារៀងរាល់ថ្ងៃបន្ទាប់ពីហូបអាហារពេលព្រឹករួច ពូទីន ចំណាយពេល២ម៉ោងដើម្បីហែលទឹក។ គួរឲ្យកត់សម្គាល់ថា ឆ្លៀតពេលហែលទឹកនោះ គាត់រៀបចំគម្រោងប្រចាំថ្ងៃ សម្រាប់ការងារប្រទេសជាតិ។ ហែលទឹករួចហើយ គាត់ទៅកន្លែងហាត់ប្រាណ (Gym)។
បើតាមសៀវភៅរបស់លោក Judah បានឲ្យដឹងថា ពូទីន មានភាពបុរាណណាស់ក្នុងការជ្រើសរើសសម្លៀកបំពាក់ សូម្បីតែសម្លៀកបំពាក់ហាត់ប្រាណ។ សម្លៀកបំពាក់ប្រេនដ៍ដែលគាត់ចូលចិត្តគឺ Kiton និង Briony។ កាលពីឆ្នាំ២០០៥ មានរូបថតមួយសន្លឹកបង្ហាញថា ពូទីនកំពុងនៅកន្លែងហាត់ប្រាណជាមួយលោកនាយករដ្ឋមន្ត្រី Dmitry Medvedev ដោយឈុតដែលលោកស្លៀកហាត់ប្រាណមានតម្លៃ៣២០០ដុល្លារអាមេរិក។
* ជាមនុស្សប្រភេទសត្វទីទុយ៖
បន្ទាប់ពីហាត់ប្រាណរួចហើយ ទើបគាត់ទៅធ្វើការពេលរសៀល ហើយពេលនៅក្នុងការិយាល័យ គាត់អានឯកសារប្រចាំថ្ងៃសង្ខេបៗ ដែលជំនួយការយកមកដាក់លើតុ។ ឯកសារទាំងនោះ មានដូចជា ការងារក្នុងប្រទេស និងការងារការបរទេស ក៏ដូចជាឯកសារផ្ញើមកពីអង្គភាពព័ត៌មានរបស់រុស្ស៉ី និងអន្តរជាតិ។ ពូទីន ភាគច្រើនមិនអានអ្វីច្រើនបន្ថែមទៀតទេ ក្រៅពីឯកសារដែលពាក់ព័ន្ធនឹងការងាររបស់គាត់។
បើតាមសៀវភៅរបស់លោក Judah ដដែលបានឲ្យដឹងបន្ថែមថា ពូទីន ជាមនុស្សប្រភេទសត្វទីទុយ (Night Owl) មានន័យថា ធ្វើការរហូតដល់យប់ជ្រៅ ហើយជាពិសេសខួរក្បាលគាត់ស្រឡះល្អនៅពេលយ់បនេះឯង។ ទោះជាយ៉ាងណា នៅពេលចុងសប្តាហ៍ គាត់មិនអនុវត្តន៍បែបនេះទេ ព្រោះគាត់ត្រូវទៅព្រះវិហារដើម្បីអធិដ្ឋាន និងរៀនអង់គ្លេសផងដែរ។
សូមជម្រាបថា តាមរយៈទម្លាប់របស់ពូទីន មានការអះអាងថា គាត់នៅតែជាប្រធានាធិបតីដ៏ស័ក្តិសម និងសកម្មម្នាក់ ក្នុងចំណោមមេដឹកនាំសម្រាប់ប្រទេសខ្លាំងនានា នៅលើពិភពលោក៕
ប្រភព៖ independent និង Business Insider.