(ភ្នំពេញ)៖ សម័យអង្គរគឺជាសម័យដែលរុងរឿងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដោយគិតចាប់ពីសតវត្សទី៩-១៥នៃគ្រិស្ដសករាជ (៦០០ឆ្នាំ) ដែលអ្នកប្រវត្តិសាស្ត្របានប្រសិទ្ធនាមថា «សម័យមហានគរ»

នៅក្នុងយុគសម័យមាសនេះដែរ ព្រះមហាក្សត្រខ្មែរបានផ្លាស់ប្ដូររាជធានីជាច្រើនលើក នេះក៏ព្រោះតែដោយសារបុព្វហេតុបង្រួបបង្រួមទឹកដី នយោបាយ សាសនា សង្គ្រាមជាដើម។ នៅកណ្ដាលរាជធានីនីមួយៗ គេឃើញមានការស្ថាបនានូវប្រាសាទរាជ្យដ៏ធំលើសគេសម្រាប់តម្កល់វត្ថុស័ក្តិសិទ្ធិរក្សាការពារព្រះនគរ និងផ្ដល់ឫទ្ធានុភាពដល់ព្រះមហាក្សត្រ មានដូចជាព្រះសិវលិង្គ រូបបដិមាព្រះវិស្ណុ ព្រះពោធិសត្វអវលោកេស្វរៈជាដើម។

ខាងក្រោមនេះជាឈ្មោះប្រាសាទរាជ្យធំៗទាំង១០នាសម័យអង្គរ៖
១៖ ប្រាសាទអារាមរោងចិន

ប្រាសាទអារាមរោងចិន ជាប្រាសាទរាជ្យនៅរាជធានីមហេន្ទ្របព៌ត ឬ មហេន្ទ្របវ៌្វត ពោលគឺភ្នំគូលែនបច្ចុប្បន្ន ខណៈទីតាំងប្រាសាទគឺស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី២ (៨០២-៨៥០) នាដើមសតវត្សទី៩។ ទីនេះហើយដែលព្រះបាទជ័យវម៌្មទី២បានប្រកាសឯករាជ្យចេញពីការត្រួតត្រារបស់ចក្រភពស្រីវិជ័យរបស់ជនជាតិជ្វា (Sri Vijaya Empire of Java) ហើយក៏ជាទីតាំងប្រារព្ធពិធីទេវរាជ (Devaraja) ដើម្បីអភិសេកស្ដេចផែនដីឱ្យក្លាយជាស្ដេចអាទិទេព ឬស្ដេចចក្រវាទិន ឬហៅថា «កម្រតេងជគត្តរាជ្យ»

ប្រាសាទនេះធ្លាប់តម្កល់នូវព្រះសិវលិង្គដែលមានឈ្មោះថា «ជយេស្វរៈ» ដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥសូរ ជាព្រះអាទិទេពដែលមានអំណាចលើទេពទាំងពួង។ ប៉ុន្តែបច្ចុប្បន្នប្រាសាទអារាមរោងចិននៅសល់តែខឿងសង់អំពីថ្មបាយក្រៀម និងបល្ល័ង្កសិលាតែមួយប៉ុណ្ណោះ ដែលធ្លាប់តម្កល់ព្រះសិវលិង្គជយេស្វរៈនោះ។

គួរជម្រាបថា ព្រះបាទជ័យវម៌្មទី២ ជាព្រះមហាក្សត្រខ្មែរមួយអង្គជាប់សែស្រឡាយរាជវង្សនៅរាជធានីសម្ភុបុរៈ (នៅខេត្តក្រចេះ) នាសម័យចេនឡា ហើយបានវាយរំដោះព្រះនគរកម្វុជទេសពីការត្រួតត្រារបស់ជ្វាដែលដឹកនាំដោយរាជវង្សសៃលិន្ទ្រនៃចក្រភពស្រីវិជ័យ ដែលបានចូលលុកលុយឈ្លានពានប្រទេសខ្មែរនាចុងសម័យចេនឡា។ បន្ទាប់ពីបណ្ដេញជ្វាចេញពីប្រទេសខ្មែរអស់ហើយ ព្រះអង្គបានបន្តព្រះរាជបូជនីយកិច្ចបង្រួបបង្រួមព្រះនគរកម្វុជទេសឡើងវិញ ខណៈដែលទឹកដីត្រូវបានត្រួតត្រាដោយពួកស្ដេចត្រាញ់នៅតាមតំបន់។ នៅពេលបង្រួបបង្រួមព្រះនគរឱ្យមានឯកភាពជាតិវិញហើយនោះ ព្រះអង្គក៏បានមកតាំងរាជធានីនៅមហេន្ទ្របវ៌្វតរហូតដល់ចូលទិវង្គត ហើយព្រះរាជបល្ល័ង្កក៏ត្រូវផ្ទេរឱ្យព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះបាទជ័យវម៌្មទី៣ (៨៥០-៨៧៧)។

 

 

២៖ ប្រាសាទបាគង

ប្រាសាទបាគង ជាប្រាសាទរាជ្យនៅរាជធានីហរិហរាល័យ ដែលបច្ចុប្បន្នស្ថិតនៅតំបន់រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទដ៏ខ្ពស់ស្កឹមស្កៃនេះមានទ្រង់ទ្រាយធំជាងប្រាសាទអារាមរោងចិន ដែលត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទឥន្ទ្រវម៌្មទី១ (៨៧៧-៨៨៩) នាគ្រិស្ដសករាជ៨៨១ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ឬព្រះសិវៈ ដោយបានតម្កល់ព្រះសិវលិង្គឈ្មោះថា «ឥន្ទ្រេស្វរៈ»

គួរជម្រាបថា ព្រះបាទឥន្ទ្រវម៌្មទី១ គឺជាព្រះរាជបុត្ររបស់ព្រះបាទជ័យវម៌្មទី៣ និងជាព្រះនត្តារបស់ព្រះបាទជ័យវម៌្មទី២។ ក្រោយពេលឡើងសោយរាជ្យបន្តពីព្រះបិតា ព្រះបាទឥន្ទ្រវម៌្មទី១បានផ្លាស់រាជធានីពីមហេន្ទ្របវ៌្វតមកកាន់តំបន់រលួសវិញ ដោយព្រះអង្គបានប្រសិទ្ធនាមដល់រាជធានីថ្មីនេះថា «ហរិហរាល័យ»

ប្រាសាទបាគងមានឈ្មោះដើមហៅតាមព្រះសិវលិង្គថា ឥន្ទ្រេស្វរៈ ឬ ស្រីឥន្ទ្រេស្វរៈ។ ចំណែកឯឈ្មោះ «បាគង» គឺជាឈ្មោះថ្មីដែលហៅតាំងពីសម័យលង្វែក (សម័យកណ្ដាល)។ ពាក្យនេះផ្សំពីពាក្យ ប្រាសាទ+បា+គង។ ប្រាសាទ មានន័យថាទីកន្លែងអាទិទេពគង់នៅ។ បា មានន័យថា អ្នកគ្រប់គ្រងថែរក្សាពិភពលោក។ រីឯ គង គឺជាវត្ថុសម្រាប់បន្លឺសំឡេងឱ្យលាន់ឮរំពងខ្លាំង ហើយត្រូវបានអ្នកមានជំនឿខាងព្រហ្មញ្ញសាសនាជឿថា ប្រាសាទនេះគឺជាទីតាំងវាយគងកោះហៅដល់ពពួកអាទិទេពទាំងឡាយឱ្យមកជួបជុំគ្នា ទើបគេហៅឈ្មោះប្រាសាទនេះថា «បាគង»

 

 

៣ ៖ ប្រាសាទភ្នំបាខែង

ប្រាសាទភ្នំបាខែង ជាប្រាសាទរាជ្យធំនិងខ្ពស់ជាងគេមួយនៅរាជធានីយសោធរបុរៈទី១ ដែលនៅលើភ្នំបាខែងនាខេត្តសៀមរាបបច្ចុប្បន្ន។ ប្រាសាទភ្នំមួយនេះត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ (៨៨៩-៩០១) ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ឬព្រះសិវៈ ដោយមានតម្កល់នូវព្រះសិវលិង្គធ្វើអំពីមាសឈ្មោះថា «យសោធរេស្វរៈ»«ស្រីយសោធរេស្វរៈ» ខណៈឈ្មោះដើមរបស់ប្រាសាទភ្នំបាខែងនេះគឺហៅថា «យសោធរគិរី»

គួរជម្រាបថា ព្រះបាទយសោវម៌្មទី១ គឺជាព្រះរាជបុត្ររបស់ព្រះបាទឥន្ទ្រវម៌្មទី១ ដែលនៅពេលព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបិតា ព្រះអង្គក៏បានផ្លាស់រាជធានីពីហរិហរាល័យមកកាន់រាជធានីថ្មីគឺ «យសោធរបុរៈ» ដែលអ្នកប្រវត្តិសាស្ត្រឱ្យឈ្មោះថា «យសោធរបុរៈទី១» «ក្រុងអង្គរទី១»

 

 

៤៖ ប្រាសាទប្រាង្គ 

ប្រាសាទប្រាង្គ ឬប្រាសាទធំ គឺជាប្រាសាទរាជ្យនៅរាជធានីលិង្គបុរៈ ឬ «ឆោកគគ៌្យរ» ដែលយើងស្គាល់ថាជាតំបន់កោះកេរ នៅស្រុកគូលែន ខេត្តព្រះវិហារបច្ចុប្បន្ន។
ប្រាសាទរាងសាជី៧ជាន់នេះត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៤ (៩២៨-៩៤១) នាគ្រិស្ដសករាជ៩៣១ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ឬព្រះសិវៈ ដោយមានព្រះសិវលិង្គឈ្មោះ «ត្រីភូវនេស្វរៈ»

ការកសាងរាជធានីថ្មីនេះ គឺដើម្បីបង្កើនឫទ្ធានុភាពរបស់ព្រះបាទជ័យវម៌្មទី៤ និងដើម្បីឱ្យអាណាប្រជានុរាស្ត្រទទួលស្គាល់ព្រះអង្គជាព្រះមហាក្សត្រពេញសិទ្ធិ ដោយសារក្សត្រអង្គនេះបានជ្រែករាជ្យពីក្មួយរបស់ព្រះអង្គ គឺព្រះបាទហស៌វម៌្មទី១ (៩០០-៩២៥) ដែលសោយរាជ្យនៅយសោធរបុរៈទី១ (ភ្នំបាខែង) ហើយព្រះអង្គក៏បាននាំទាំងព្រះសិវលិង្គធ្វើអំពីមាស (យសោធរេស្វរៈ) ពីប្រាសាទភ្នំបាខែងទៅតម្កល់នៅប្រាសាទប្រាង្គនៃរាជធានីថ្មីរបស់ព្រះអង្គផងដែរ ដោយបានប្រសិទ្ធនាមថ្មីដល់ព្រះសិវលិង្គនោះថា «ត្រីភូវនេស្វរៈ» ដែលមានន័យថា ព្រះឥសូរជាអម្ចាស់គ្រប់គ្រងលើឋានទាំងបី។

គួរជម្រាបថា នៅក្រុងយសោធរបុរៈ បន្ទាប់ពីព្រះបាទហស៌វម៌្មទី១ចូលទិវង្គតនៅឆ្នាំ៩២៥នោះទៅ ព្រះបាទឦសានវម៌្មទី២ (៩២៥-៩២៨) ក៏បានសោយរាជ្យបន្ត។ ចំណែកព្រះបាទជ័យវម៌្មទី៤វិញ ថ្វីដ្បិតដំបូងជាក្សត្រជ្រែករាជ្យក៏ពិតមែន ប៉ុន្តែក្រោយពេលព្រះបាទឦសានវម៌្មទី២ចូលទិវង្គតនៅយសោធរបុរៈនាគ្រិស្ដសករាជ៩២៨នោះទៅ ព្រះអង្គក៏ទទួលបានការអភិសេកពីព្រាហ្មណ៍បុរោហិតក្លាយជាព្រះមហាក្សត្រពេញសិទ្ធិគ្រប់គ្រងលើកម្វុជទេស។

 

 

៥៖ ប្រាសាទប្រែរូប

ប្រាសាទប្រែរូប ត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨) នៅគ្រិស្ដសករាជ៩៦១។ នៅប្រាង្គកណ្ដាលមានតម្កល់ព្រះសិវលិង្គឈ្មោះថា «ស្រីរាជេន្ទ្រភទ្រេស្វរៈ» ដែលមានន័យថា ព្រះឥសូរជាអម្ចាស់នៃភាពរុងរឿងប្រកបដោយមង្គល ហើយនៅប្រាង្គជ្រុងឦសានក៏មានតម្កល់លិង្គទេវរាជមួយទៀតឈ្មោះថា «រាជេន្ទ្រវម៌េស្វរៈ» ផងដែរ។ បច្ចុប្បន្នប្រាសាទឥដ្ឋមួយនេះស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពោលគឺតាមបណ្ដោយផ្លូវវង់ធំ ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរ។

 

 

៦៖ ប្រាសាទតាកែវ

បន្ទាប់ពីព្រះបាទរាជេន្ទ្រវម៌្មទី២ចូលទិវង្គតនៅឆ្នាំ៩៦៨នោះទៅ ព្រះរាជបុត្ររបស់ព្រះអង្គគឺព្រះបាទជ័យវម៌្មទី៥ (៩៦៨-១០០១) បានឡើងសោយរាជ្យបន្ត និងបានកសាងរាជធានីថ្មីមួយទៀតមានឈ្មោះថា «ជយេន្ទ្រនគរី» ហើយបានស្ថាបនា «ហេមគិរី» ឬប្រាសាទតាកែវបច្ចុប្បន្ន សម្រាប់ជាប្រាសាទរាជ្យក្នុងរជ្ជកាលព្រះអង្គ។ ព្រះបាទជ័យវម៌្មទី៥បានស្ថាបនាប្រាសាទនេះឡើងនាចុងសតវត្សទី១០ និងបានបញ្ចប់ការសាងសង់ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី១ (១០០២-១០៥០) នាដើមសតវត្សទី១១។

គួរជម្រាបថា បច្ចុប្បន្នប្រាសាទតាកែវស្ថិតនៅភូមិរហាល ឃុំនគរធំ ស្រុកអង្គរធំ ខេត្តសៀមរាប ពោលគឺនៅតាមបណ្ដោយផ្លូវវង់តូច ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរ។

 

 

៧៖ ប្រាសាទភិមានអាកាស

ប្រាសាទភិមានអាកាសមានឈ្មោះហៅដើមហៅថា «ហេមស្រឹង្គគិរី» ដែលត្រូវបានស្ថាបនាឡើងដំបូងក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ (៨៨៩-៩១០) បន្តមកដល់រជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨) និងព្រះបាទជ័យវម៌្មទី៥ (៩៦៨-១០០១) ហើយត្រូវបានបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី១ (១០០២-១០៥០) ក្នុងព្រះរាជបំណងតាំងជាប្រាសាទរាជ្យរបស់ព្រះអង្គ។ បច្ចុប្បន្នប្រាសាទភិមានអាកាសស្ថិតនៅទិសពាយព្យនៃក្រុងអង្គរធំ។

 

 

៨៖ ប្រាសាទបាភួន

ប្រាសាទបាភួន ឬបាពួន ជាប្រាសាទរាជ្យធំមួយនៃរាជធានីយសោធរបុរៈទី២ (ក្រុងអង្គរទី២) ដែលត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវម៌្មទី២ (១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥសូរ។ ប្រាសាទធំមួយនេះមានឈ្មោះដើមហៅថា «ភូវនតិលក»។ នៅសម័យលង្វែកគេហៅប្រាសាទនេះថា ត្រៃលោក្យតិលក ដែលមានន័យថា ឋានទាំងបី ប៉ុន្តែសិលាចារឹកសម័យលង្វែកដដែលនោះមានបញ្ជាក់ថា ប្រាសាទបាភួនមានឈ្មោះដើមហៅថា ហេមាទ្រី ដែលមានន័យថា ភ្នំមាស។
បច្ចុប្បន្ន ប្រាសាទបាភួនគឺមានទីតាំងស្ថិតក្នុងក្រុងអង្គរធំ ប៉ុន្តែប្រាសាទនេះគឺសាងសង់មុនក្រុងអង្គរធំ និងប្រាសាទបាយ័ន្តនោះទៅទៀត។

 

 

៩៖ ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត ឬអង្គរតូចមានឈ្មោះដើមហៅថា «ព្រះបរមវិស្ណុលោក» ដែលមានន័យថា ឋានព្រះវិស្ណុដ៏ប្រសើរឧត្តម។ មហាស្ថាបត្យកម្មដ៏អស្ចារ្យនេះ ត្រូវបានស្ថាបនាឡើងនាដើមសតវត្សទី១២ ក្រោមស្នាព្រះហស្ដព្រះបាទសូរ្យវម៌្មទី២ (១១១៣-១១៥០) ជាក្សត្រមកពីរាជធានីមហិធរបុរៈ។

 

 

១០៖ ប្រាសាទបាយ័ន្ត

ប្រាសាទបាយ័ន្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ នាចុងសតវត្សទី១២ ដែលជាប្រាសាទរាជ្យនៃក្រុងយសោធរបុរៈទី៣ គឺក្រុងអង្គរធំបច្ចុប្បន្ន។ ស្ថាបត្យកម្មដ៏ធំនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វអវលោកេស្វរៈក្នុងព្រះពុទ្ធសាសនាមហាយាន ដែលជាសាសនារបស់រដ្ឋនារជ្ជកាលព្រះបាទជ័យវម៌្មទី៧។

សូមជម្រាបថា ក្រុងអង្គរធំនេះគឺជារាជធានីចុងក្រោយបង្អស់នាសម័យអង្គរ ពោលគឺចាប់ពីរជ្ជកាលព្រះបាទជ័យវម៌្មទី៧ រហូតដល់ការចាកចោលក្រុងអង្គរនាដើមរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ទី២ ឬព្រះពញ៉ាយ៉ាត៕