(ភ្នំពេញ)៖ នៅលើពិភពលោកយើងនេះមានវត្ថុ ឬទីកន្លែងចម្លែកៗជាច្រើន ដែលភាគច្រើនកើតឡើងពីធម្មជាតិ។ ខាងក្រោមនេះគឺជាធម្មជាតិដ៏អស្ចារ្យគួរជាទីទាក់ទាញទាំង៧លើពិភពលោក៖
ទី១៖ The Grand Canyon
ប្រសិនបើអ្នកបានទៅដល់រដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក សូមកុំរំលងការទៅទស្សនាស្នាមប្រេះប្រឹថពីនៅ The Grand Canyon នេះឱ្យសោះ។ លក្ខណៈទូទៅរបស់ទីតាំងនេះ គឺមានស្នាមប្រេះដ៏ធំសម្បើម ហើយវែងអន្លាយដាច់កន្ទុយភ្នែក ប្រៀបដូចក្រហែងផែនដី។ បរិវេណនៅជុំវិញនោះគឺពោរពេញទៅដោយពណ៌ចម្រុះប្លែកភ្នែក។ ស្នាមធរណីប្រេះនេះមានប្រវែងដល់ទៅ៤៤៦គីឡូម៉ែត្រ រីឯទទឹងមានប្រវែង២៩ម៉ែត្រ ខណៈទីដែលជ្រៅបំផុត គឺមានជម្រៅដល់ទៅ១,៨៥៧ម៉ែត្រឯណោះ។
បើតាមការសិក្សាស្រាវជ្រាវ ស្នាមប្រេះនេះកើតឡើងដោយសារលំហូរនៃទឹកទន្លេខូឡូរ៉ាដូ (Colorado River) ទើបបង្កឱ្យមានជ្រលងស្នាមប្រេះ បត់បែនទៅតាមកម្លាំងទឹកហូរ និងសំណឹក។ បាតុភូតធម្មជាតិនេះកើតឡើងជាង៦លានឆ្នាំមកហើយ។
ទី២៖ ភ្នំ Everest
មកដល់ពេលនេះ ភ្នំអេវឺរ៉េសលែងជាវត្ថុចម្លែកទៀតឡើយ ប៉ុន្តែទីនោះត្រូវបានគេចាត់ទុកថាជាកំពូលភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយវានៅចំទើតលើជួរភ្នំហិមាល័យ (Himalayas)។ កំពូលភ្នំអេវើរ៉េសមានកម្ពស់៨,៨៥០ម៉ែត្រ បើគិតពីកម្ពស់ទឹកសមុទ្រ។
ទី៣៖ Ayers Rock
Ayers Rock គឺជាភ្នំថ្មពណ៌ក្រហមដ៏ធំសម្បើមមួយដែលស្ថិតនៅភាគកណ្ដាលនៃប្រទេសអូស្ត្រាលី។ គិរីសិលាដ៏ចម្លែកមួយនេះមានកម្ពស់៣៤៨ម៉ែត្រ ក្រាបលើបរិវេណប្រមាណ៩គីឡូម៉ែត្រ។ អ្នកស្រុកដើមនៅប្រទេសអូស្ត្រាលីហៅឈ្មោះថ្មក្រហមនេះថា Uluri (អ៊ូលូរី)។
ទី៤៖ ភ្នំ Matterhorn
លាតសន្ធឹងកាត់តាមព្រំប្រទល់រវាងប្រទេសស្វីស និងប្រទេសអ៉ីតាលី ភ្នំម៉ាត់ថឺរហននេះមានកម្ពស់៤,៤៧៨ម៉ែត្រ ហើយក៏ជាកំពូលភ្នំមួយដែលចំទើតលើជួរភ្នំអាល់ (Alps) ផងដែរ។ សម្រាប់អ្នកនិយមឡើងភ្នំនៅទ្វីបអឺរ៉ុប គឺសុទ្ធតែបានភ្លក្សរសជាតិនៃការឡើងទៅកាន់កំពូលភ្នំមួយនេះ។
ទី៥៖ ទឹកធ្លាក់ Victoria Falls
រមណីយដ្ឋានដ៏សែនមនោរម្យនេះមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលលាតសន្ធឹងតាមបណ្ដោយទន្លេសេមប៊ីស៉ី (Zambezi River) ពោលគឺនៅចន្លោះប្រទេសស៉ីមបាវ៉េ (Zimbabwe) និងប្រទេសសំប៊ី (Zambia)។ ទឹកធ្លាក់នេះត្រូវបានគេចាត់ទុកថាជាទឹកធ្លាក់ធំជាងគេបំផុតលើលោក ដោយសារតែប្រវែងទទឹងរបស់វាលាតសន្ធឹងដល់ទៅ១,៧០៨ម៉ែត្រឯណោះ ខណៈទីដែលខ្ពស់បំផុតគឺមានកម្ពស់១០៨ម៉ែត្រ។
ទី៦៖ រណ្ដៅយក្ស Meteor Crater
Meteor Crater ជារណ្ដៅអាចម៍ផ្កាយដ៏ធំមហិមាមួយនេះស្ថិតនៅក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។ វាលទំនាបក្រហូងនេះមានអង្កត់ផ្ចិត១,១៨៦ម៉ែត្រ និងមានជម្រៅដល់ទៅ១៧០ម៉ែត្រឯណោះ។ បើតាមការបញ្ជាក់ពីអ្នកជំនាញ រណ្ដៅអាចម៍ផ្កាយនេះមានអាយុកាលប្រមាណ៥០,០០០ឆ្នាំមកហើយ។
ទី៧៖ ផ្កាថ្មប៉ប្រះទឹក The Great Barrier Reef
ស្ថិតក្នុងលម្ហសមុទ្រកូរ៉ាល់ (Coral) នៃប្រទេសអូស្ត្រាលី The Great Barrier Ree គឺជាមណ្ឌលផ្កាថ្មប៉ប្រះទឹកសមុទ្រដ៏ធំជាងគេបំផុតនៅលើពិភពលោក។ នៅទីនោះមានផ្កាថ្មចម្រុះជិត៣,០០០ប្រភេទ និងមានកោះតូចធំប្រមាណ៩០០កោះ ដែលលាតសន្ធឹងលើផ្ទៃក្រឡា៣៤៤,៤០០គីឡូម៉ែត្រក្រឡា។
គួរជម្រាបថា អច្ឆរិយធម្មជាតិទាំងប្រាំពីរនេះត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូជាបន្តបន្ទាប់ ដែលត្រូវអភិរក្សការពារយ៉ាងយកចិត្តទុកដាក់ ពោលគឺមិនឱ្យមានរុករានទន្ទ្រានបំផ្លិចបំផ្លាញឡើយ៕