(ពិភពលោក)៖ ឈូងសមុទ្រត្រូវបានគេចាត់ទុកថាជា «ដៃសមុទ្រ» ដែលរុលចូលទៅតាមជ្រោយទ្វីបនានា បង្កើតបានជាអាងទឹកប្រៃដ៏ធំ ស្តុកទុកនូវធនធានធម្មជាតិ ប្រេងកាត ព្រមទាំងធនធានមច្ឆាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ តើអ្នកដឹងទេថា នៅលើផែនដីយើងនេះ ឈូងសមុទ្រមួយណាដែលធំជាងគេ?
អ្នកជំនាញបានបែងចែកឈូងសមុទ្រទាំងអស់នៅពិភពលោកមានចំនួន៦២ ក្នុងនោះឈូងសមុទ្រដែលធំជាងគេបំផុត គឺឈូងសមុទ្រម៉ិកស៉ិក (Gulf of Mexico) នៅទ្វីបអាមេរិកខាងជើង បន្ទាប់មកមានឈូងសមុទ្រហ្គីណេ (Gulf of Guinea) នៅទ្វីបអាហ្វ្រិកប៉ែកខាងលិច ឈូងសមុទ្រអាឡាស្កា (Gulf of Alaska) នៅរដ្ឋអាឡាស្កា ឆកសមុទ្រហាត់សុន (Hudson Bay) នៅប្រទេសកាណាដា ឈូងសមុទ្រពែក្ស (the Persian Gulf) ជាដើម។
* អំពីឈូងសមុទ្រម៉ិកស៉ិក
ឈូងសមុទ្រម៉ិកស៉ិក គឺជាសមុទ្រធំមួយនៃមហាសមុទ្រអាត្លង់ទិក ដែលព័ទ្ធជុំវិញដោយទ្វីបអាមេរិកខាងជើង។ ឈូងសមុទ្រដ៏ធំមហិមានេះមានព្រំប្រទល់ភាគខាងជើង ភាគឦសាន និងភាគពាយព្យជាប់ជាមួយរដ្ឋចំនួន៥នៃសហរដ្ឋអាមេរិក រួមមាន តិចសាស់ (Texas) ល្វីស្យាណា (Louisiana) មីស៉ីស៉ីពី (Mississippi) អាឡាបាម៉ា (Alabama) និងផ្លរីដា (Florida)។
ចំណែកនៅភាគខាងត្បូង និងភាគនិរតីជាប់ជាមួយរដ្ឋចំនួន៦នៃប្រទេសម៉ិកស៊ិក រួមមាន តាម៉ៅលីប៉ាស (Tamaulipas) វែរ៉ាគ្រូស (Veracruz) តាប៉ាស្កូ (Tabasco) កាំប៉ិចឆេ (Campeche) យូកាតាន់ (Yucatan) និងគីនតាណារ៉ូ (Quintana Roo) ហើយនៅភាគអាគ្នេយ៍ជាប់ជាមួយប្រទេសគុយបា។
ឈូងសមុទ្រម៉ិកស៉ិកបានកើតឡើងដោយសារចលនារំកិលនៃសំបកផែនដី ឬ Plate Tectonic កាលពីប្រមាណ៣០០លានឆ្នាំមុន។ អាងសមុទ្រដ៏ធំមួយនេះមានទំហំដល់ទៅ៦១៥,០០០ម៉ែត្រការ៉េ និងមានចំណុះបរិមាណទឹកដល់ទៅ២.៥លានគីឡូម៉ែត្រគូបឯណោះ។
អ្វីដែលពិសេសនៅក្នុងឈូងសមុទ្រម៉ិកស៊ិកនេះ គឺវាពោរពេញទៅដោយតំបន់ផលិតកម្មប្រេងកាតដ៏សំខាន់បំផុតមួយនៅលើពិភពលោក ដែលមានចំនួន១ភាគ៦នៃផលិតកម្មប្រេងឥន្ធនៈសរុបរបស់សហរដ្ឋអាមេរិក។ ក្រៅពីនោះវាបានផ្ដល់នូវធនធានមច្ឆាជាតិ ភាពអំណោយផលដល់ការធ្វើជំនួញពាណិជ្ជកម្ម និងជាទីតាំងកំពង់ផែអន្តរជាតិដ៏សំខាន់របស់រដ្ឋអាអាមេរិក និងប្រទេសដៃគូផងដែរ៕