(ពិភពលោក)៖ ព្រះចៅអធិរាជ និងមេដឹកនាំសង្គ្រាមមួយចំនួនតែងតែប្រាថ្នាចង់ត្រួតត្រាលើទឹកដីរុស្ស៉ី និងបានដឹកនាំកងទ័ពចូលលុកលុយជាច្រើនលើកច្រើនសា ប៉ុន្តែព្រះមហាក្សត្រ និងមេដឹកនាំទាំងនោះមិនសូវទទួលបានជ័យជម្នះលើកងទ័ពរុស្ស៉ីនោះឡើយ។ នៅក្នុងអត្ថបទនេះ គឺចង់បង្ហាញពីព្រឹត្តិការណ៍សង្គ្រាមរវាងជនជាតិរុស្ស៉ី និងជនជាតិដទៃ។
* ព្រះចៅអគីដៃខាន់ នៃចក្រភពម៉ុងហ្គោល
វាជារឿងធម្មតាទេ ដែលការត្រួតត្រារបស់ចក្រភពមួយទៅលើអាណចក្រមួយទៀតនោះ តែងតែមានការចាប់ផ្ដើម និងការបិទបញ្ចប់ តួយ៉ាងដូចជាការត្រួតត្រារបស់ចក្រភពម៉ុងហ្គោលទៅលើអាណាចក្រកៀវ (Kiev) របស់ជនជាតិរុស្ស៉ីបុរាណនេះជាដើម គឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជគូប៊ីឡៃខាន់ (Kublai Khan) ម៉ុងហ្គោលបានត្រួតត្រាអាណាចក្រកៀវចាប់ពីគ្រិស្តសករាជ១២៣៧-១២៤២។ លុះដល់រជ្ជកាលរបស់ព្រះចៅអគីដៃខាន់ (Ogedei Khan) ម៉ុងហ្គោលក៏បានស្គាល់នូវការបរាជ័យចំពោះមុខកងទ័ពរបស់ជនជាតិរុស្ស៉ីបុរាណ (Rus)។
* ព្រះចៅអធិរាជណាប៉ូឡេអុង នៃចក្រភពបារាំង
នៅឆ្នាំ១៨១២ ព្រះចៅអធិរាជបារាំង ណាប៉ូឡេអុង បូណាផាត បានលើកទ័ព៦០០,០០០នាក់ ចេញពីទីក្រុងវ្យែននៃចក្រភពអូទ្រីសចូលឈ្លានពានចក្រភពរុស្ស៉ី ដែលកាលណោះគ្រប់គ្រងដោយព្រះចៅត្សារ អាឡិចសង់ឌឺរ។ នៅចំពោះមុខកងទ័ពរបស់ណាប៉ូឡេអុង កងទ័ពរុស្ស៉ីបានដកថយហើយដកថយទៀតមិនព្រមច្បាំងទាល់តែសោះ ដែលជាហេតុបណ្ដាលឱ្យកងទ័ពណាប៉ូឡេអុងកាន់តែបានចិត្ត ហើយចេះតែរុលទៅមុខរហូតដល់កំពែងក្រុងមូស្គូ រាជធានីរបស់រុស្ស៉ីយ៉ាងឆាប់រហ័ស។
កងទ័ពបារាំងបានឡោមព័ទ្ធទីក្រុងមូស្គូអស់រយៈពេល៥សប្ដាហ៍ ដើម្បីឱ្យព្រះចៅអាឡិចសង់ដឺរចុះសន្ធិសញ្ញាចុះចាញ់។ ស្ថានការណ៍នេះបានធ្វើឱ្យកងទ័ពបារាំងជួបនូវបញ្ហាជាច្រើននៅចំពោះមុខសង្គ្រាមផ្លូវឆ្ងាយនេះ ដោយស្បៀងអាហារក៏អស់ អាកាសធាតុក៏ត្រជាក់ខ្លាំង។ ម្យ៉ាងទៀត កងទ័ពចម្រុះដែលព្រះចៅណាប៉ូឡេអុងដឹកនាំមកធ្វើសង្គ្រាមនោះ មិនមែនមានតែកងទ័ពបារាំងទាំងអស់នោះឡើយ។ ពួកគេចេះតែលួចរត់ចោលសមរភូមិ ព្រោះតែទ្រាំនឹងអាកាសធាតុត្រជាក់ និងភាពអត់ឃ្លានតទៀតមិនបាន ខណៈការចូលរួមធ្វើសង្គ្រាមនេះ ក៏មិនមែនដើម្បីជាតិសាសន៍ពួកគេនោះឡើយ ជាហេតុធ្វើឱ្យពួកគេលួចរត់ចោលជួរកងទ័ពយ៉ាងដូច្នេះ។
ដោយមើលទៅស្ថានការសឹកមិនស្រួល ព្រះចៅណាប៉ូឡេអុងក៏បានដកទ័ពថយចេញពីក្រុងមូស្គូទាំងមិនអស់ចិត្ត។ ឃើញដូច្នោះព្រះចៅអាឡិចសង់ដឺររបស់រុស្ស៉ីក៏បានបញ្ជាទ័ពឱ្យដេញកម្ចាត់កងទ័ពរបស់ព្រះចៅណាប៉ូឡេអុងតែម្ដង ជាហេតុធ្វើឱ្យកងទ័ពណាប៉ូឡេអុងទទួលនូវបរាជ័យយ៉ាងអាម៉ាស ហើយថែមទាំងត្រូវកងទ័ពសម្ពន្ធមិត្ត អង់គ្លេស អូទ្រីស ស៊ុយអែត វាយចិញ្ច្រាំក្បួនកងទ័ពណាប៉ូឡេអុងជាកង់ៗ និងដេញតាមកម្ចាត់រហូតដល់ក្រុងបារីសតែម្ដង។ បរាជ័យក្នុងសង្គ្រាមជាមួយរុស្ស៉ី អង់គ្លេស អូទ្រីស និងស៊ុយអែតនេះ ធ្វើឱ្យកងទ័ព៦០០,០០០នាក់របស់ព្រះចៅណាប៉ូឡេអុងបាត់បង់ជីវិតស្ទើរតែទាំងអស់។
* សមរភូមិជាង៣០០ឆ្នាំជាមួយចក្រភពអូតូម៉ង់
សង្រ្គាមរវាងចក្រភពអូតូម៉ង់ និងចក្រភពរុស្ស៉ី (Ottoman-Russo) ត្រូវបានគេចាត់ទុកថាជាសង្រ្គាម១២ជំនាន់ ដែលបានកើតឡើង៖
* លើកទី១ ចាប់ពីឆ្នាំ១៥៦៨-១៥៧០
* លើកទី២ ចាប់ពីឆ្នាំ១៦៧៦-១៦៨១
* លើកទី៣ ចាប់ពីឆ្នាំ១៦៨៦-១៧០០
* លើកទី៤ ចាប់ពីឆ្នាំ១៧១០-១៧១១
* លើកទី៥ ចាប់ពីឆ្នាំ១៧៣៥-១៧៣៩
* លើកទី៦ ចាប់ពីឆ្នាំ១៧៦៨-១៧៧៤
* លើកទី៧ ចាប់ពីឆ្នាំ១៧៨៧-១៧៩២
* លើកទី៨ ចាប់ពីឆ្នាំ១៨០៦-១៨១២
* លើកទី៩ ចាប់ពីឆ្នាំ១៨២៨-១៨២៩
* លើកទី១០ ចាប់ពីឆ្នាំ១៨៥៣-១៨៥៦
* លើកទី១១ ចាប់ពីឆ្នាំ១៨៧៧-១៨៧៨
* លើកទី១២ ចាប់ពីឆ្នាំ១៩១៤-១៩១៨។
ចម្បាំងរង្គជលខាងលើនេះ ត្រូវបានគេកត់ត្រាទុកថាជាសង្គ្រាមយូរបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ប៉ុន្តែចាប់ពីសតវត្សទី១៨មក ចក្រភពអូតូម៉ង់ក៏បានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួន បណ្ដាលឱ្យមានការបាត់បង់ទឹកដីបន្តិចម្ដងៗ រីឯរុស្ស៉ីក៏ចេះតែមានប្រៀបលើអូតូម៉ង់ជារឿយៗដែរ រហូតដល់ចុងបញ្ចប់នៃយុគសម័យអូតូម៉ង់របស់តួកគី ចក្រភពរុស្ស៉ីក៏បានយកឈ្នះលើអូតូម៉ង់ និងបានដណ្ដើមទឹកដីមួយចំនួននៅភាគខាងត្បូងប្រទេសនៅឆ្នាំ១៩១៨ មុនបង្កើតសហភាពសូវៀតនៅចុងឆ្នាំ១៩២២។
* រុស្ស៉ីឈ្នះចិន តែចាញ់ជប៉ុន
ក្រោយដណ្ដើមម៉ុងហ្គោលបានពីមហាឆេងហើយ កងទ័ពរុស្ស៉ីបានបន្តទន្ទ្រានដល់ភាគខាងកើតទ្វីបអាស៉ី គឺក្បែរតំបន់ម៉ាជូរី ភាគឦសានប្រទេសចិនបច្ចុប្បន្ន។ នៅពេលទៅដល់ទីនោះ កងទ័ពរុស្ស៉ីបានប៉ះទង្គិចជាមួយកងទ័ពរបស់ព្រះចៅអធិរាជជប៉ុន មូជី ហ៉ីតុ ហើយក៏បានច្បាំងគ្នាអស់រយៈពេលមួយឆ្នាំចាប់ពីឆ្នាំ១៩០៤-១៩០៥។ សមរភូមិនេះធ្វើឱ្យរុស្ស៉ីបរាជ័យចាញ់ជប៉ុនយ៉ាងដំណំ ចំណែកឯជប៉ុនក៏ទទួលបានកិត្តិនាមល្បីឈ្មោះថាជាមហាអំណាចអាស៉ីតែមួយគត់ ដែលបំបាក់មហិច្ឆតារបស់មហាអំណាចអឺរ៉ុបបានជោគជ័យ។
* អាដុលហ្វ៍ ហ៉ីទ្លែរ របស់អាល្លឺម៉ង់
នៅឆ្នាំ១៩៤១ អាដុលហ្វ៍ ហ៉ីទ្លែរ បានបញ្ជាឱ្យកងទ័ពអាល្លឺម៉ង់៣លាននាក់ចូលឈ្លានពានសហភាពសូវៀត។ ក្នុងចម្បាំងនោះកងទ័ពណាស៉ីរបស់ហ៉ីទ្លែរបានសម្លាប់កងទ័ព និងប្រជាជនសូវៀតអស់រាប់លាននាក់ ដែលជាហេតុធ្វើឱ្យមេដឹកនាំសហភាពសូវៀត លោក ចូសេប ស្ដាលី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទំហំនៃការវាយប្រហារនេះ។ ស្ដាលីនក៏បានបញ្ចេញកងទ័ពក្រហមរបស់សហភាពសូវៀតចេញទប់ទល់នឹងកងទ័ពរបស់ហ៉ីទ្លែរ រហូតទាល់តែទទួលបានជោគជ័យ និងបានរុញច្រានកងទ័ពណាស៉ីឱ្យថយចេញពីទឹកដីសហភាពសូវៀតទាំងស្រុង ដែលសមរភូមិច្បាំងគ្នាជាមួយកងទ័ពណាស៉ីនោះ គេឱ្យហៅឈ្មោះថា ស្ដាលីនក្រាដ។
ទោះបីទទួលបានជ័យជម្នះលើកងទ័ពអាល្លឺម៉ង់យ៉ាងនេះក្ដី ប៉ុន្តែសហភាពសូវៀតខ្លួនឯងក៏បានបាត់បង់កងទ័ព និងប្រជាជនស៉ីវិលអស់មិនតិចលាននាក់ដែរ ខណៈតួលេខនេះត្រូវបានគេបង្ហាញថា «ចាប់ពីឆ្នាំ ១៩៤១-១៩៤៥ កងទ័ពសូវៀតប្រមាណ១០លាននាក់ និងជនស៊ីវិលប្រមាណ១៤លាននាក់បានស្លាប់បាត់បង់ជីវិត ចំណែកខាងអាល្លឺម៉ង់វិញក៏បានបាត់បង់ជីវិតកងទ័ពអស់ជាង៥លាននាក់ដែរ»។
កត្តាអាកាសធាតុត្រជាក់ ចក្រភពធំ ប្រជាជនច្រើន ស្មារតីខ្លាំងក្លា ភូមិសាស្ត្រទឹកដីជាទីតាំងការពារល្អ និងនៅឆ្ងាយពីចក្រភពធំៗដទៃ សុទ្ធតែជាកត្តាដែលធ្វើឱ្យរុស្ស៉ីបុរាណអាចការពារខ្លួនបានពីការឈ្លានពានរបស់បរទេស រហូតមានលទ្ធភាពអាចរុញច្រានកងទ័ពឈ្លានពានទាំងនោះឱ្យថយចេញពីទឹកដីរបស់ខ្លួន។
លុះឈានដល់សម័យទំនើប រុស្ស៉ីនៅតែអាចបន្តរស់នៅជាមួយពិភពលោកប្រកបដោយភាពរីកចម្រើន ហើយបានក្លាយជាមហាអំណាចមនោគមវិជ្ជាកុម្មុយនីស្ដ ហ៊ានបើកចង្កូមប្រជែងជាមួយមហាអំណាចសហរដ្ឋអាមេរិក បង្កឱ្យពិភពលោករង្គើវក់វី រកសុខមិនបានអស់កាលជាច្រើនឆ្នាំ។ សាធារណរដ្ឋសង្គមនិយមមួយនេះ ក៏បានរលាយឥទ្ធិពលរសាត់ទៅវិញនៅឆ្នាំ១៩៩១ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសសហព័ន្ធមួយនេះនៅតែជាមហាយក្សដ៏មានឥទ្ធិពលនៅលើឆាកអន្តរជាតិ៕