(បរទេស)៖ មីស៉ីល គឺជាប្រភេទសព្វាវុធមួយដែលគេប្រើប្រាស់សម្រាប់ការវាយប្រហារពីចម្ងាយ ដោយវាអាចហោះបានដោយខ្លួនឯង។ សព្វថ្ងៃនេះវាមានទម្រង់ជាច្រើនប្រភេទ រួមមានចាប់តាំងពីមីស៉ីលធម្មតាៗ រហូតដល់មីស៉ីលផ្លោងដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចហោះឆ្លងទ្វីបបាន។

មីស៉ីលដំបូងបំផុតដែលត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការ គឺពពួកមីស៉ីលដែលអភិវឌ្ឍឡើងដោយយោធាអាល្លឺម៉ង់ កាលពីសង្រ្គាមលោកលើកទីពីរ។ ក្នុងចំណោមនោះ មីស៉ីលដែលគេស្គាល់ច្រើនគឺមីស៉ីល V-1 និង V-2។ យ៉ាងណាមិញ មីស៉ីលជំនាន់ដំបូងដែលត្រូវបានប្រើប្រាស់នៅក្នុងសម័យនោះ គឺត្រូវបានផលិតឡើងក្នុងចំនួនតិចតួចប៉ុណ្ណោះ ហើយមិនសូវមានប្រសិទ្ធភាពប៉ុន្មាននោះទេ។

បច្ចុប្បន្ន មីស៉ីលមានសមាសធាតុផ្សំសំខាន់ៗ ដូចជាមានប្រព័ន្ធនាំផ្លូវ ប្រព័ន្ធហោះហើរ ម៉ាស៉ីន និងក្បាលគ្រាប់ជាដើម។ ប្រព័ន្ធនាំផ្លូវ គឺមានសារសំខាន់ជាខ្លាំងសម្រាប់មីស៉ីលនីមួយៗ។ មីស៉ីលខ្លះអាចបំពាក់នូវឧបករណ៍ស្ទាបស្ទង់ប្រភេទអ៉ីនហ្វ្រារេដ (Infrared) ដើម្បីដេញតាមចំហាយកម្តៅដែលភាយចេញពីម៉ាស៉ីនយន្តហោះ ចំណែកមីស៉ីលខ្លះទៀត ត្រូវបាននាំផ្លូវទៅកាន់គោលដៅវាយប្រហាររបស់វា តាមរយៈការចង្អុលបង្ហាញពីប្រព័ន្ធឡាស៊ែររបស់កងទ័ពថ្មើរជើងនៅក្បែរគោលដៅផ្ទាល់ជាដើម។

ជាទូទៅ មីស៉ីលត្រូវគេចាត់ថ្នាក់ចេញជាប្រភេទមួយចំនួនសម្រាប់បម្រើគោលដៅខុសៗគ្នា ដូចជា ប្រភេទបាញ់ពីផ្ទៃដីទៅកាន់ផ្ទៃដី (Surface-to-Surface) បាញ់ពីផ្ទៃដីទៅកាន់ផ្ទៃអាកាស (Surface-to-Air) បាញ់ពីផ្ទៃអាកាសទៅកាន់ផ្ទៃដី (Air-to-Surface) និងប្រភេទបាញ់ពីផ្ទៃអាកាសទៅកាន់ផ្ទៃអាកាស (Air-to-Air) ផងដែរ។

សម្រាប់ប្រភេទមីស៉ីលបាញ់ពីផ្ទៃដីទៅកាន់ផ្ទៃដី ភាគច្រើនគឺមីស៉ីលផ្លោង ឬហៅថាមីស៉ីលបាលីស្ទិក ដែលបាញ់ចេញពីផ្ទៃដី និងពីនាវាមុជទឹកឱ្យឆ្លងផុតបរិយាកាសផែនដី ហើយធ្លាក់ទៅរកគោលដៅនៅលើផ្ទៃដី ដោយប្រើកម្លាំងទំនាញ។ ចំណែកប្រភេទមីស៉ីលបាញ់ពីផ្ទៃអាកាសទៅកាន់ផ្ទៃដី រួមមានមីស៉ីលគ្រូស (Cruise Missile) ដែលហោះហើរក្នុងរយៈកម្ពស់ទាប ក្នុងគោលដៅប្រឆាំងនាវា ឬរថក្រោះជាដើម។ សម្រាប់ប្រភេទមីស៉ីលបាញ់ពីផ្ទៃដីទៅកាន់ផ្ទៃអាកាស ជាពួកមីស៉ីលដែលគេប្រើដើម្បីប្រឆាំងយន្តហោះ និងមីស៉ីលផ្លោង។ រីឯប្រភេទមីស៉ីលបាញ់ពីផ្ទៃអាកាសទៅកាន់ផ្ទៃអាកាស ជាមីស៉ីលធម្មតាៗដែលបំពាក់់នៅក្នុងយន្តហោះចម្បាំង ប្រើប្រាស់សម្រាប់បាញ់យន្តហោះដូចគ្នា។ បន្ថែមពីនេះ ក៏មានប្រភេទមីស៉ីលដែលគេបាញ់ឱ្យរត់នៅក្រោមផ្ទៃទឹកផងដែរ ដែលគេហៅថា ថរភីដូ (Torpedo)។

ក្រៅពីប្រភេទទាំងអស់នេះ ក៏នៅមានប្រភេទមីស៉ីលសម្រាប់ប្រឆាំងផ្កាយរណប និងពពួកមីស៉ីលលឿនជាងសំឡេងខ្លាំង (Hypersonic Missile) ហើយមានតែប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក រុស្ស៉ី ចិន និងឥណ្ឌាប៉ុណ្ណោះដែលមានវានៅក្នុងដៃ៕