(ភ្នំពេញ)៖ សង្គ្រាមសាសនាដែលធំជាងគេមួយនៅលើពិភពលោក គឺសង្គ្រាម៣០ឆ្នាំ (Thirty Years' War) ដែលជាប់ឈ្មោះជាសង្គ្រាមយូរជាងគេ និងឃោរឃៅជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ មនុស្សជាង៨០លាននាក់ត្រូវបានស្លាប់យ៉ាងវេទនាក្នុងសរមភូមិ គ្រោះទុរ្ភិក្ស និងជំងឺឆ្លងរាលដាល។
* តើសង្គ្រាមនេះកើតឡើងដោយសារបុព្វហេតុអ្វី ផ្ដល់ផលវិបាកអ្វីខ្លះ និងបញ្ចប់ទៅវិញដោយរបៀបណា?
សង្គ្រាមសាសនាដ៏ធំនេះបានផ្ទុះឡើងនៅអំលុងឆ្នាំ១៦១៨ នៅតំបន់អឺរ៉ុបភាគកណ្ដាល ដែលកាលណោះគ្របដណ្ដប់ដោយចក្រភពហូលីរ៉ូមាំង (Holy Roman Empire)។ សង្គ្រាមនេះផ្ដើមចេញពីជម្លោះសាសនារវាងបណ្ដារដ្ឋដែលកាន់សាសនាគ្រិស្តនិកាយកាតូលិក និងបណ្ដារដ្ឋដែលកាន់សាសនាគ្រិស្តនិកាយប្រតេស្ដង់ នេះក៏ព្រោះតែព្រះចៅហ្វ៊ែរឌីណង់ទី២ (Ferdinand II) ដែលជាអធិរាជថ្មីនៃចក្រភពហូលីរ៉ូមាំង បានព្យាយាមដាក់បញ្ជាឱ្យរដ្ឋនានានៅក្នុងចក្រភពប្រកាន់និកាយកាតូលិកតែមួយប៉ុណ្ណោះ ពោលគឺមិនចង់ឱ្យមាននិកាយប្រូតេស្តង់ឡើយ ជាហេតុធ្វើឱ្យបណ្ដារដ្ឋចំណុះដែលប្រកាន់និកាយប្រតេស្ដង់កើតក្ដីមិនសុខចិត្ត។
ដោយរងនូវការគាបសង្កត់ពីសំណាក់ក្រុមកាតូលិកកាន់តែខ្លាំងទៅៗ បណ្ដារដ្ឋចំណុះដែលប្រកាន់និកាយប្រតេស្ដង់នៅអាល្លឺម៉ង់ខាងជើង ក៏បានរួមគ្នាបង្កើតចេញជាសហភាពប្រូតេស្តង់ (Protestant Union) ដើម្បីការពារផលប្រយោជន៍របស់ពួកគេនៅចំពោះមុខការគំរាមកំហែងរបស់ស្តេចហ្វ៊ែរឌីណង់ទី២។ ការមិនចុះសម្រុងនឹងគ្នារវាងនិកាយទាំងពីរនេះ ក៏បានវិវត្តរហូតក្លាយជាសង្រ្គាមទ្រង់ទ្រាយធំនៅអឺរ៉ុប ដែលបានអូសទាញប្រទេសមហាអំណាចភាគច្រើនឱ្យចូលរួម ពិសេសរាជាណាចក្របារាំង និងរាជវង្សហាប់ស្បឺក (Habsburg family) ដ៏មានឥទ្ធិពលនៅអូទ្រីស។
នៅឆ្នាំ១៦៤៨ ភាគីជម្លោះក៏បានចរចាគ្នាលើសន្ធិសញ្ញាសន្តិភាពវេសផាលី (Peace of Westphalia) ដើម្បីបញ្ចប់សង្គ្រាម។
វិនាសកម្មនៃសង្គ្រាមនេះបានសម្លាប់អាយុជីវិតមនុស្សដល់ទៅជាង៨លាននាក់ ក្នុងនោះមាន២០ភាគរយជាប្រជាជនអាល្លឺម៉ង់។ ហេតុនេះហើយ វាត្រូវគេចាត់ទុកជាសង្រ្គាមដ៏មហាអាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ៕