(ពិភពលោក)៖ ទោះបីជាជីវិតមនុស្សយើងបានចាប់ផ្តើមមានជាទម្រង់ច្បាស់លាស់រាប់លានឆ្នាំហើយក៏ដោយ ប៉ុន្តែសញ្ញាថ្មីបំផុតនៃអរិយធម៌មនុស្ស ទើបតែលេចឡើងមិនយូរពេកនោះឡើយ។ អរិយធម៌ខ្លះបានអភិវឌ្ឍឡើងអំឡុងប្រហែល៦៥០០មុនគ្រិស្តសករាជ នៅពេលដែលមនុស្សឈប់រស់នៅពនេចរ និងចាប់ផ្តើមបោះទីលំនៅ ហើយអភិវឌ្ឍនៅតំបន់មួយជាក់លាក់។ ការបោះទីលំនៅថ្មីៗទាំងនោះផ្តល់ឲ្យមានការបង្កើតជាទីក្រុងជាច្រើន និងបង្កើតជារដ្ឋជាបន្តបន្ទាប់។
ខាងក្រោមនេះជាប្រទេសចំនួន១០ដែលមានវ័យចំណាស់បំផុតលើពិភពលោក ដែលនៅតែមានទឹកដីរហូតមកដល់ពេលបច្ចុប្បន្ន ដោយមិនមែនជាអតីតរដ្ឋដែលបានបាត់បង់ទឹកដីទៅហើយនោះទេ។ ប្រទេសទាំងនោះរួមមាន៖
១៖ អេហ្ស៉ីប ឆ្នាំ៦០០០មុនគ្រិស្តសករាជ
មនុស្សជំនាន់ដើម ពិសេសពួកអ្នកបរបាញ់ និងអ្នកប្រមូលផលបានទៅរស់នៅតាមដងទន្លេនីល (Nile River) តាំងពីប្រមាណ១២០០០ឆ្នាំមុនមកម្ល៉េះ។
ប្រជាជនទាំងនោះមិនទាន់ចេះបង្កើតទីក្រុង ឬរាជាណាចក្រនៅឡើយទេ។ ពួកគេមានមេដឹកនាំនៅតាមភូមិតូចធំរបស់ខ្លួន ដែលជាអ្នកបែងចែកដីធ្វើកសិកម្ម និងតំបន់បរបាញ់ ព្រមទាំងគ្រប់គ្រងទឹកសម្រាប់ធ្វើកសិកម្មផងដែរ។ ពួកគេបានអភិវឌ្ឍមជ្ឈដ្ឋានរបស់ខ្លួនពីភូមិតូចទៅជាភូមិធំ ពីភូមិធំទៅជាទីក្រុងយ៉ាងច្រើនកុះករ។ ទីបំផុត ពួកគេក៏បានបង្កើតអារ្យធម៌មនុស្សលើកដំបូងមួយ គឺអារ្យធម៌អេហ្ស៉ីប (Egyptian Civilization) នៅឆ្នាំ៦០០០មុនគ្រិស្ដសករាជ។ ជារឿយៗពួកគេតែងធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក ដើម្បីដណ្ដើមកាន់កាប់តំបន់សម្បូរជីវជាតិនិងអំណោយផលដល់ការរស់នៅ។ ដោយសារសង្គ្រាមចេះតែកើតឡើងឥតឈប់ឈរ បណ្ដាមេដឹកនាំទាំងនោះបានចងសម្ពន្ធមិត្តជាមួយគ្នា ដើម្បីផ្ដល់ការការពារពីការវាយលុករបស់គូបដិបក្ខ។ ទីបំផុត នៅឆ្នាំ៣២០០មុនគ្រិស្ដសករាជ ទឹកដីតាមដងទន្លេនីលក៏ត្រូវបែងចែកជា២តំបន់ធំៗ គឺអេហ្ស៉ីបលើ (ខាងត្បូង) និងអេហ្ស៉ីបក្រោម (ខាងជើង)។ រាជធានីរបស់អេហ្ស៉ីបលើគឺនៅទីក្រុងនីខិន (Nikhen) ចំណែករាជធានីរបស់អេហ្ស៉ីបក្រោមវិញគឺនៅទីក្រុងផេ (Pe)។
ឆ្លងកាត់រយៈពេល១០០ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ៣១០០មុនគ្រិស្ដសករាជ អេហ្ស៉ីបលើបានវាយចូលកាន់កាប់អេហ្ស៉ីបក្រោមទាំងស្រុង និងបានបង្រួបបង្រួមជារាជាណាចក្រអេហ្ស៉ីបតែមួយ ហើយក៏បានបង្កើតរាជវង្សអេហ្ស៉ីបលើកដំបូងផងដែរ ខណៈពីមុនមក ដែនដីអេហ្ស៉ីបទាំងលើទាំងក្រោមមិនទាន់មានសែស្រឡាយរាជវង្សច្បាស់លាស់នោះឡើយ។ ប្រវត្តិវិទូហៅរាជវង្សអេហ្ស៉ីបដំបូងគេនេះថា រាជវង្សមេណេស (Menes dynasty)។ បិតាស្ថាបនិករាជវង្សនេះមានព្រះនាមថា ណាមែរ (Narmer) ឬផារ៉ាអុងណារមែរ (Pharaoh Narmer)។
២៖ ឥណ្ឌា ឆ្នាំ៣៣០០មុនគ្រិស្តសករាជ
មនុស្សម្នាបានមករស់នៅលើតំបន់ឧបទ្វីបឥណ្ឌាតាំ ងពីប្រហែល៣៣០០ឆ្នាំមុនគ្រិស្តសករាជ ដោយចាប់ផ្តើមពីអារ្យធម៌ជ្រលងឥណ្ឌូ (Indus Valley Civilisation)។ ថ្វីបើជនជាតិដើមទាំងនេះបានបង្កើតអារ្យធម៌ដំបូងបំផុតរបស់ពិភពលោកក៏ដោយ ប៉ុន្តែការចាប់ផ្តើមបង្កើតប្រជាជាតិនិងរដ្ឋមួយនោះ គឺដំណាលគ្នាជាមួយនឹងសម័យកាលវេទនិយម (Vedic) ដែលមានរយៈពេលចាប់ពីឆ្នាំ១៥០០-៦០០មុនគ្រិស្តសករាជ។
អារ្យធម៌វេទនិយម គឺជាមូលដ្ឋានគ្រឹះនៃហិណ្ឌូសាសនា (គម្ពីរវេទនៅតែជាទីសក្ការចំពោះសាសនាហិណ្ឌូសម័យទំនើប) ក៏ដូចជាទិដ្ឋភាពវប្បធម៌មួយចំនួននៃឧបទ្វីបឥណ្ឌា ដែលនៅតែបន្តមានក្នុងពេលសព្វថ្ងៃនេះ។ អាណាចក្រដំបូង ឬ Janapadas បានចាប់ផ្តើមនៅឆ្នាំ១២០០មុនគ្រិស្តសករាជ និងមានអត្ថិភាពរហូតដល់ការបញ្ចប់សម័យកាលវេទនិយម។ ការបញ្ចប់សម័យវេទនិយមនាំឱ្យកើតឡើងហិណ្ឌូសាសនា (Hinduism) ជែនសាសនា (Jainism) និងពុទ្ធសាសនា (Buddhism) នៅឥណ្ឌា ហើយការចាប់ផ្តើមរាជវង្សដ៏មានអំណាចបានគ្រប់គ្រងឥណ្ឌាអស់៣សហសវត្សរ៍។
៣៖ អាហ្វហ្កានីស្ថាន ឆ្នាំ៣០០០មុនគ្រិស្តសករាជ
អារ្យធម៌ជ្រលងឥណ្ឌូត្រូវបានគេជឿថាធ្លាប់ដាក់អាណានិគមលើអាហ្វហ្កានីស្ថាននៅដើមឆ្នាំ៣០០០មុនគ្រិស្តសករាជ។ ពួកគេបានបង្កើតទីក្រុងមួយក្នុងចំណោមទីក្រុងដំបូងគេរបស់ពិភពលោក គឺទីក្រុងមន្តិកៈ (Mundigak) នៅជិតក្រុងកន្ដាហារ (Kandahar) សម័យទំនើប។ បុរាណវិទូបានរកឃើញភស្តុតាងខ្លះៗនៃអាណានិគមអរិយធម៌ជ្រលងឥណ្ឌូនៅក្នុងផ្នែកផ្សេងទៀតនៃប្រទេសអាហ្វហ្កានីស្ថានផងដែរ។
យូរៗទៅ ចលនានៃប្រជាជនពាក់កណ្តាលពនេចរមកពីអាស៉ីកណ្តាលបានតាំងទីលំនៅក្នុងអាហ្វហ្កានីស្ថាន ហើយនាំយកវប្បធម៌របស់ពួកគេមកជាមួយ។ អាហ្វហ្កានីស្ថានបានចាញ់សង្គ្រាមជាមួយស្ដេចចក្រភពពែរ្ស ព្រះនាមដារីអ៊ូសទី១ (Darius I) និងក្រោយមកចាញ់សង្គ្រាមជាមួយព្រះចៅអាឡិចសង់មហារាជ (Alexander the Great) និងអាណាចក្រផ្សេងៗទៀត។ មុនការបំពេញចេញពីប្រទេសឥណ្ឌា ដែនដីអាហ្វហ្កានីស្ថានក៏ធ្លាប់ទទួលឥទ្ធិពលអង់គ្លេសអស់កាលជាយូរផងដែរ។ នៅឆ្នាំ១៩៧៣ អាហ្វហ្កានីស្ថានបានក្លាយជាសាធារណរដ្ឋឥស្លាមមួយ ក្រោយបំបែកពីប្រទេសឥណ្ឌាដែលជាប្រកាន់សាសនាហិណ្ឌូ។
៤៖ ចិន (China) ឆ្នាំ២០៧០មុនគ្រិស្តសករាជ
នៅប្រទេសចិន រាជវង្សដំបូងគេមានឈ្មោះថា រាជវង្សស៊ា (Xia dynasty) ដែលបង្កើតឡើងចាប់ពីឆ្នាំ២០៧០-១៦០០មុនគ្រិស្តសករាជ។ មិនមានកំណត់ត្រាដោយដៃពីរាជវង្សស៊ានោះទេ។ សំណេរប្រវត្តិសាស្រ្តរបស់ប្រទេសចិន គឺមានចាប់ពីរាជវង្សស្សាង (Shang dynasty) ដែលត្រូវបានបង្កើតចាប់ពីឆ្នាំ១៦០០-១០៤៦មុនគ្រិស្តសករាជ។ ទោះជាយ៉ាងនេះក្ដី រាជវង្សស៊ាត្រូវបានគេលើកឡើងនៅក្នុងកាលប្បវត្តិប្រវត្តិសាស្ត្រ ដូចជា គម្ពីរឫស្សី (Bamboo Annals), Classic of History និង Records of the Grand Historian។
រហូតទសវត្សឆ្នាំ១៩៦០ និង១៩៧០ គេបានរកឃើញទីតាំងដែលផ្តល់ភស្តុតាងច្បាស់លាស់សម្រាប់អត្ថិភាពនៃរាជវង្សស៊ា ខណៈមនុស្សជាច្រើនជឿថាវាជារឿងនិទានច្រើនជាងការពិត។
៥៖ ហ្សកហ្ស៉ី ឆ្នាំ១៥០០មុនគ្រិស្តសករាជ
ប្រវត្តិសាស្ត្រដំបូងរបស់ប្រទេសហ្សកហ្ស៉ី គឺកើតចេញពីអាណាចក្រដំបូងចំនួន២ គឺអាណាចក្រ Colchis និងអាណាចក្រ Karlti/Iberia។ អាណាចក្រ២នេះមានសារៈសំខាន់ណាស់នៅក្នុងយុគសម័យសំរឹទ្ធនៃអឺរ៉ាស៉ី (Eurasia) អំឡុងឆ្នាំ១៥០០មុនគ្រិស្តសករាជ។ គេក៏បានដឹងថាកុលសម្ពន្ធដ៏មានអំណាចបានបង្កើតរដ្ឋតូចៗនៅហ្សកហ្ស៉ី រហូតដល់សតវត្សទី១២មុនគ្រិស្តសករាជ។
ប្រហែលនៅឆ្នាំ៦៦មុនគ្រិស្តសករាជ ចក្រភពរ៉ូម និងចក្រភពពែរ្ស (អ៉ឺរ៉ង់បច្ចុប្បន្ន) បានប្រយុទ្ធគ្នានៅត្រង់ភូមិសាស្ត្រប្រទេសហ្សកហ្ស៉ីបច្ចុប្បន្នអស់រយៈពេលជាង៧០០ឆ្នាំ ដើម្បីដណ្ដើមកាន់កាប់ទឹកដីនេះ។
លុះដល់ដើមសតវត្សទី៧នៃគ្រិស្តសករាជ ហ្សកហ្ស៉ីក៏បានធ្លាក់ចូលទៅក្រោមការត្រួតត្រារបស់ចក្រភពអូតូម៉ង់ (Ottoman Empire)។ បន្ទាប់មក ប្រទេសនេះត្រូវបានគ្រប់គ្រងដោយចក្រភពរុស្ស៉ី (Russia Empire) និងបានក្លាយជាផ្នែកមួយនៃសហភាពសូវៀត។ ទីបំផុត ហ្សកហ្ស៉ីបានទទួលឯករាជ្យពេញលេញរបស់ខ្លួននៅឆ្នាំ១៩៩១។
៦៖ អេត្យូពី ឆ្នាំ៩៨០មុនគ្រិស្តសករាជ
មនុស្សម្នាបានមករស់នៅត្រង់ដែនដីអេត្យូពីតាំងពីរាប់លានឆ្នាំមកហើយ នេះបើយោងតាមបំណែកគ្រោងឆ្អឹងរបស់ពួកស្វា Australopithecus Afarensis ដែលអាចជាបុព្វបុរសរបស់មនុស្សសម័យទំនើប ដោយត្រូវបានគេរកឃើញនៅតំបន់នោះ ហើយត្រូវបានគេគិតថាមានអាយុប្រហែល៣.៤លានទៅ២.៩លានឆ្នាំ។ នៅពេលដែលជីវិតបានរីកចម្រើនឡើងនៅលើទឹកដីនេះ អាណាចក្រមួយក្នុងចំណោមអាណាចក្រដំបូងដែលត្រូវបានបង្កើតឡើង គឺអាណចក្រដាម៉ូត (Kingdom of Damot ឬ Dʿmt) ដែលមានអត្ថិភាពចាប់ពីឆ្នាំ៩៨០-៤០០មុនគ្រិស្តសករាជ។
ប្រជាជននៃអាណាចក្រនេះបានបង្កើតប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធកសិកម្ម និងធ្វើឧបករណ៍ដែក អាវុធ។ បន្ទាប់ពីអាណាចក្រដាម៉ូតដួលរលំ អាណាចក្រអាក់សាំមីត (Kingdom of Aksumite) ក៏បានបន្តគ្រប់គ្រងទឹកដីនេះចាប់ពីឆ្នាំ១០០-៩៤០នៃគ្រិស្តសករាជ ហើយក្រោយពីនោះមក អេត្យូពីត្រូវបានបន្តគ្រប់គ្រងដោយរបបរាជានិយមរហូតដល់ឆ្នាំ១៩៧៤។
៧៖ ក្រិក ឆ្នាំ៨០០មុនគ្រិស្តសករាជ
សម័យបុរាណនៃប្រទេសក្រិក គឺជាសម័យកាលដ៏លេចធ្លោបំផុតមួយ ដែលត្រូវបានគេស្គាល់ថាជាមូលដ្ឋានគ្រឹះនៃអារ្យធម៌លោកខាងលិចសម័យទំនើប។ សម័យកាលដ៏រុងរឿងនៃប្រវត្តិសាស្ត្រក្រិកបានចាប់ផ្តើមឡើងនៅឆ្នាំ៨០០មុនគ្រិស្តសករាជ បន្ទាប់ពីក្រិកចាប់ផ្តើមងើបឡើងពីយុគសម័យងងឹត។
អំឡុងសម័យបុរាណ ក្រិកមានទំនោរខ្លាំងខាងសិល្បៈ កំណាព្យ បច្ចេកវិទ្យា ប៉ុន្តែរឿងដែលសំខាន់បំផុតដែលត្រូវបានច្នៃប្រឌិតអំឡុងពេលនោះ គឺរដ្ឋបុរី ដែលគេស្គាល់ក្នុងទ្រឹស្តីរដ្ឋថា Polis ឬ City-state។ Polis បានបន្តកំណត់អត្ថន័យជីវិតនយោបាយក្រិកអស់រយៈពេលរាប់រយឆ្នាំ។ អំឡុងពេលនោះដែរ អក្ខរក្រមក្រិក និងវិទ្យាស្ថានប្រជាធិបតេយ្យដំបូងគេត្រូវបានបង្កើតឡើង។ ក្រិកបុរាណដែលគេស្គាល់ជាបន្តបន្ទាប់មកនោះ រួមមាន រ៉ូម៉ាំងក្រិក (Roman Greece) ប៊ីហ្សង់ទីនក្រិក (Byzantine Greece) និងអូតូម៉ង់ក្រិក (Ottoman Greece) ខណៈដែលក្រិកសម័យទំនើបចាប់ផ្តើមនៅឆ្នាំ១៨២១ បន្ទាប់ពីបដិវត្តក្រិក។
៨៖ ជប៉ុន ឆ្នាំ៦៦០មុនគ្រិស្តសករាជ
ជប៉ុនតែងតែលើកយកឆ្នាំ៦៦០មុនគ្រិស្តសករាជ ជាកាលបរិច្ឆេទនៃការបង្កើតប្រទេសរបស់ខ្លួន ព្រោះនេះជាពេលដែលអធិរាជដំបូងឡើងគ្រងរាជ្យនៅអាណាចក្រជប៉ុន គឺអធិរាជជីមមុ (Emperor Jimmu)។ អធិរាជជីមមុត្រូវបានគេចាត់ទុកថាជាអធិរាជរឿងព្រេងនិទាននៃប្រទេសជប៉ុន និងត្រូវបានគេជឿថាជាអ្នកស្នងនៃអាទិទេពគ្រប់គ្រងព្រះចន្ទ Amaterasu ហើយព្រះអង្គត្រូវបានគេកត់ត្រាទុកថាជាអធិរាជជប៉ុនដំបូងបង្អស់នៅក្នុងរាជពង្សាវតារចំនួន២ រួមមានរាជពង្សាវតារកូជិគី (Kojiki) និងរាជពង្សាវតារនីហុនសូគិ (Nihon Shoki)។
ទោះបីជាអធិរាជជប៉ុន ជីមមុ សឹងតែជារឿងនិទានក៏ដោយ ក៏ប្រទេសជប៉ុនបានប្រារព្ធទិវាបង្កើតជាតិនៅថ្ងៃទី១១ ខែកុម្ភៈ ជាការដឹងគុណដល់អធិរាជអង្គនេះ ដែលគ្រប់គ្រងជប៉ុននៅឆ្នាំ៦៦០មុនគ្រិស្តសករាជ។
៩៖ អ៉ីរ៉ង់ ឆ្នាំ៥៥០មុនគ្រិស្តសករាជ
ប្រទេសអ៉ីរ៉ង់សម័យបុរាណត្រូវបានបង្កើតឡើងនៅឆ្នាំ៥៥០មុនគ្រិស្តសករាជ ដែលមានឈ្មោះថាចក្រភពអាសេមីនីដ (Achaemenid Empire)។ មុននឹងឈានដល់ការរះឡើងនៃចក្រភពពែរ្ស (Persian Empire) មានមនុស្សប្រមាណក្រោម១០ក្រុមរស់នៅតំបន់នោះ ដែលក្រោយមកគេហៅថា អ៉ីរ៉ង់ ដោយរួមបញ្ចូលទាំងពួកអឺឡាមីត (Elamites) ដែលជាអារ្យធម៌អ៉ីរ៉ង់ដំបូង ដែលតាំងទីលំនៅតំបន់យ៉ាងឆ្ងាយនៃភាគខាងលិច និងភាគនិរតីនៃអ៉ីរ៉ង់សព្វថ្ងៃ និងពួកមេដេស (Medes) បានគ្រប់គ្រងអ៉ីរ៉ងស្ទើរតែទាំងស្រុងរហូតដល់យុគសម័យពែរ្សចូលមកដល់។
អធិរាជស៉ីរុសមហារាជ (Cyrus the Great) បានបង្កើតចក្រភពពែរ្សឡើងនៅឆ្នាំ៥៥០មុនគ្រិស្តសករាជ បន្ទាប់ពីព្រះអង្គយកឈ្នះលើអាណាចក្រមេឌី (Median) លីឌី (Lydian) និងអាណាចក្របាប៊ីឡូន (Babylonian) និងគ្រប់គ្រងអ៉ីរ៉ង់។ អាណាចក្រអាសេមីនីដបានគ្រប់គ្រងអ៉ីរ៉ង់រហូតដល់ពេលដែលព្រះចៅអធិរាជអាឡិចសង់មហារាជយកឈ្នះលើចក្រភពពែរ្សក្នុងឆ្នាំ៣៣០មុនគ្រិស្តសករាជ។
១០៖ សាន់ម៉ារីណូ ឆ្នាំ៣០១នៃគ្រិស្តសករាជ
ខណៈពេលដែលប្រទេសជាច្រើនមានប្រវត្តិយូរលង់ហើយនោះ សាន់ម៉ារីណូ ជាទូទៅត្រូវបានគេកំណត់ថាជាប្រទេសដែលចាស់បំផុតលំដាប់ទី១០នៅលើពិភពលោក ក៏ព្រោះតែប្រទេសនេះក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ៣០១នៃគ្រិស្តសករាជ។ សាន់ម៉ារីណូត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ៣០១នៃគ្រិស្តសករាជ នៅពេលដែលព្រះចៅសាន់ម៉ារីនូស (Saint Marinus) កសាងព្រះវិហារមួយនៅលើភ្នំម៉ុងតេទីតានណូ (Monte Titano)។ ព្រះវិហារដ៏តូចមួយនេះរីកចម្រើនឡើងក្លាយជារដ្ឋធានីនៃប្រទេសសាន់ម៉ារីណូបច្ចុប្បន្ន។
គួរកត់សម្គាល់ថា សាន់ម៉ារីណូ មិនត្រឹមតែជាប្រទេសឯករាជ្យមានវ័យចំណាស់ទេ ថែមទាំងជាប្រទេសដែលមានរដ្ឋធម្មនុញ្ញមានវ័យចំណាស់បំផុតផងដែរ។ រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះកើតឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៦០០ ប៉ុន្តែច្បាប់ជាច្រើនមិនត្រូវបានរៀបចំជាប្រព័ន្ធឡើយ ហេតុនេះហើយបានជារដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ត្រូវបានគេចាត់ទុកថាជារដ្ឋធម្មនុញ្ញដែលមានវ័យចំណាស់ជាងគេវិញ៕