(បរទេស)៖ កន្លងទៅពួកយើងប្រហែលជាធ្លាប់បានលឺហើយ អំពីយន្តហោះដែលមានសមត្ថភាពហោះ លឿនជាងល្បឿនសំឡេង ឬមួយក៏មីស៉ីលដែលហោះបានលឿនជាងល្បឿនសំឡេង ជាដើម។ តើអ្នកមានដឹងដែរទេថា ជាក់ស្តែងល្បឿនសំឡេង ស្មើនឹងប៉ុន្មានដែរ?
ល្បឿនសំឡេង (Speed of Sound) ជាពាក្យគេប្រើសំដៅលើល្បឿន នៃការធ្វើដំណើររបស់រលកសំឡេង ឆ្លងកាត់ក្នុងខ្យល់ និងក្នុងទឹក ឬវត្ថុផ្សេងៗទៀត ប៉ុន្តែជាទូទៅគេប្រើវាសម្រាប់សំដៅលើ ល្បឿនសំឡេងធ្វើដំណើរនៅក្នុងខ្យល់ ខណៈនៅក្នុងទឹក រលកសំឡេងធ្វើដំណើរលឿនជាងនៅក្នុងខ្យល់។ ក្នុងខ្យល់ល្បឿនធ្វើដំណើររបស់សំឡេង ក៏មានភាពខុសគ្នាផងដែរ ដោយវាអាស្រ័យជាពិសេសទៅលើកត្តាសីតុណ្ហភាព។
នៅកម្ពស់នីវ៉ូទឹកសមុទ្រ ជាមួយសីតុណ្ហភាពចន្លោះ១៥-២១អង្សាសេ ក្រោមលក្ខខណ្ឌអាកាសធាតុធម្មតា សំឡេងមានល្បឿនចន្លោះ ១,២២៥-១២៣៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្រោះតែម៉ូលេគុលឧស្ម័នធ្វើដំណើរកាន់តែយឺតទៅៗ នៅក្នុងសីតុណ្ហភាព ដែលកាន់តែត្រជាក់ទៅៗ ល្បឿនរបស់សំឡេងក៏ត្រូវថយចុះតាមនោះដែរ ខណៈល្បឿនអាចធ្វើដំណើរបានកាន់តែលឿន នៅក្នុងខ្យល់ដែលកាន់តែក្តៅ។
ហេតុដូច្នេះហើយ ល្បឿនដែលតម្រូវឲ្យអាចបំបែករនាំងសំឡេង (លឿនជាងល្បឿនសំឡេង) បាននោះ គឺថយចុះទៅតាមរយៈកម្ពស់ក្នុងបរិយាកាស ដោយនៅកម្ពស់កាន់តែខ្ពស់ក្នុងបរិយាកាស សីតុណ្ហភាពកាន់តែត្រជាក់។ ការបើកយន្តហោះឲ្យលឿនជាង ល្បឿនសំឡេងជាលើកដំបូងបំផុត បានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៤៧ នៅពេលអាកាសយានិកអាមេរិក លោក ឆាក់ យីអេហ្គ័រ (Chuck Yeager) បានបំបែករនាំងសំឡេងដោយជោគជ័យ ជាមួយល្បឿន១,១២៧គីឡូម៉ែត្រក្នុងមួយម៉ោង (Mach 1.06) តាមរយៈការប្រើប្រាស់យន្តហោះ X-1 ឈ្មោះ ហ្ក្លេម័ររើស ហ្ក្លេនីស (Glamorous Glennis)។
ល្បឿនសំឡេងគោលត្រូវគេហៅថា ម៉ាច វាន់ (Mach 1) ខណៈ ម៉ាច ធូ (Mach 2) គឺជាល្បឿនលឿនជាងល្បឿនសំឡេង២ដង។ ល្បឿនដែលលឿនជាងល្បឿនសំឡេង (Mach 1) គេហៅថា ស៊ូភើសូនិច (Supersonic) ហើយល្បឿនដែលលឿនជាងល្បឿនសំឡេង ចាប់ពី ៥ដងឡើងទៅ គេហៅថា ហៃភើសូនិច (Hypersonic)។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ យន្តហោះ X-43A របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានហោះលឿនជាងយម្តហោះ X-1 ដល់ទៅ៩ដងគឺដល់ Mach 9.6 ឬស្មើនឹងខ្ទង់ ១ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង។ ល្បឿននេះជាល្បឿនលឿនបំផុត ដែលសម្រេចបានដោយយន្តហោះ គិតមកទល់សព្វថ្ងៃ៕