(បរទេស)៖ ជួរភ្នំវែងបំផុតនៅលើពិភពលោក មានប្រវែងដល់ទៅរាប់ពាន់គីឡូម៉ែត្រឯណោះ ដូច្នេះហើយបានជា Fresh News Plus សូមលើកយកនូវឈ្មោះ ទីតាំង និងប្រវែងរបស់ជួរភ្នំដែលវែងជាងគេនៅលើពិភពលោក មកបង្ហាញជូនប្រិយមិត្តទុកគ្រាន់ជាចំណេះដឹងខ្លីមួយ។
ជួរភ្នំដែលវែងជាងគេបំផុតនៅលើពិភពលោក គឺជួរភ្នំអង់ (Andes) ឬ អេនឌាន (Andean) ដែលវាមានប្រវែងដល់ទៅ ៧,០០០គីឡូម៉ែត្រ ឬស្មើនឹង ៤,៣០០ម៉ៃយ៍។ ជួរភ្នំនេះលាតសន្ធឹងកាត់ប្រទេសចំនួន ៧ រួមមាន៖ ប្រទេសអាហ្សង់ទីន បូលីវី ឈីលី កូឡុំប៊ី អេក្វាទ័រ ពេរូ និងប្រទេសវេណេស៊ុយអេឡា។
ជួរភ្នំអង់នេះមានទទឹងជាមធ្យម ៥០០គីឡូម៉ែត្រ និងមានរយៈពេលកម្ពស់ពីនីវ៉ូទឹកសមុទ្រជិត ៧គីឡូម៉ែត្រ ខណៈចំណុចដែលខ្ពស់ជាងគេគឺនៅលើកំពូលភ្នំ Acongcagua (ភាសាឡាតាំងហៅថា អាខុងខាហ្គ័រ)។
ចាប់ពីពាក់កណ្ដាលជួរភ្នំបន្តទៅភាគខាងជើង ជួរភ្នំអង់ គឺនៅជាប់នឹងព្រៃអាម៉ាហ្សូននៃប្រទេសប្រេស៉ីល ដែលបានដើរតួនាទីដូចជាខ្សែបណ្ដាញការពារឱ្យព្រៃដ៏ធំនេះយ៉ាងរឹងមាំ។
ម្យ៉ាងវិញទៀត មូលហេតុដែលប្រទេសឈីលីមានព្រំដែនរាងទ្រវែងជាមួយប្រទេសអាសង់ទីន និងប្រទេសបូលីវី ក៏ដោយសារជួរភ្នំអង់នេះដែរ៕