(អឺរ៉ុប)៖ ដោយមើលឃើញពីការពង្រីកឥទ្ធិពលលទ្ធិកុម្មុយនីស្តកាន់តែខ្លាំងក្លានៅទូទាំងពិភពលោក សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចខាងប្លុកសេរី រួមជាមួយប្រទេសកាណាដា និងប្រទេសនៅអឺរ៉ុប១០ប្រទេសផ្សេងទៀត បានផ្ដួចផ្ដើមបង្កើតអង្គការណាតូ (NATO) ឬអូតង់ (OTAN) នៅឆ្នាំ១៩៤៩ ដែលជាបក្សសម្ពន្ធយោធាដ៏ធំមួយនៅលើពិភពលោក។
គោលបំណងសំខាន់នៃការបង្កើតបក្សសម្ពន្ធយោធានេះ មិនត្រឹមតែដើម្បីទប់ស្កាត់ឥទ្ធិពលមនោគមវិជ្ជាកុំម្មុយនីស្ដដែលដឹកនាំដោយសហភាពសូវៀតប៉ុណ្ណោះទេ តែក៏ដើម្បីពង្រីកឥទ្ធិពលមនោគមវិជ្ជាសេរីផងដែរ។
គួរជម្រាបថា NATO គឺហៅតាមភាសាអង់គ្លេស ដែលមកពីពាក្យពេញថា North Atlantic Treaty Organization រីឯ OTAN គឺហៅតាមភាសាបារាំង ដែលមកពីពាក្យពេញថា Organisation du traité de l'Atlantique Nord។
ថ្វីដ្បិតក្នុងពេលបង្កើតដំបូង អង្គការណាតូមានសមាជិកត្រឹមតែ១២ប្រទេសក៏ពិតមែន ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន (គិតត្រឹមឆ្នាំ២០២២) បក្សសម្ពន្ធយោធាមួយនេះមានសមាជិកចំនួន៣០ប្រទេសហើយ។ ណាតូបានដាក់គោលនយោបាយ «ទ្វារចំហ» សម្រាប់ប្រទេសដែលចង់ចូលរួមជាសមាជិក។
យោងតាមគេហទំព័ររបស់ណាតូបានបញ្ជាក់យ៉ាងដូច្នេះថា ប្រទេសដែលចង់ចូលរួមជាមួយសម្ពន្ធនេះត្រូវតែបំពេញតាមនិយាមនយោបាយ សេដ្ឋកិច្ច និងយោធាជាក់លាក់។
សម្ពន្ធណាតូបានទាមទារឱ្យប្រទេសដែលចង់ចូលជាសមាជិក ត្រូវបំពេញតាមលក្ខខណ្ឌ ជាអាទិ៍៖
* ប្រទេសសាមីត្រូវតែប្រកាន់យករបបប្រជាធិបតេយ្យ។
* ប្រទេសសាមីត្រូវតែមានការរីកចម្រើនឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារសេរី ឬមូលធននិយម។
* កងកម្លាំងយោធារបស់ប្រទេសសាមីត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនស៉ីវិល ពោលគឺមិននៅក្រោមអំណាចមេដឹកនាំ ឬមេបញ្ជាការណាមួយឡើយ។
* ប្រទេសសាមីត្រូវតែមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងគោរពអធិបតេយ្យប្រទេសជិតខាង
* ការចូលជាសមាជិកថ្មីពីសំណាក់ប្រទេសណាមួយនោះ តើអាចជួយឱ្យអង្គការណាតូមានការរីកចម្រើន រឹងមាំជាងមុនដែរឬទេ? មានន័យថា ប្រទេសសមាជិកថ្មីត្រូវតែអាចធ្វើការបានជាមួយកងកម្លាំងយោធាណាតូ។
* ចំណុចសំខាន់ចុងក្រោយ ទោះបីប្រទេសសាមីដែលចង់ចូលជាសមាជិករបស់អង្គការណាតូនោះ សមស្របទៅនឹងលក្ខខណ្ឌខាងលើនេះហើយក្ដី ប៉ុន្តែក៏ត្រូវរង់ចាំមើលថា ប្រទេសសមាជិករបស់ណាតូទាំងអស់បោះឆ្នោតគាំទ្រគ្រប់គ្នាដែរឬអត់? មានន័យថា ប្រសិនបើមានប្រទេសសមាជិកណាមួយមិនគាំទ្រ ប្រទេសដែលចូលនោះក៏មិនអាចចូលជាសមាជិករបស់អង្គការណាតូបានឡើយ។
នៅពេលដែលប្រទេសមួយចង់ចូលរួមជាមួយសម្ពន្ធភាពណាតូ គឺគេអាចនឹងអញ្ជើញប្រទេសនេះឱ្យចូលរួមក្នុងផែនការសកម្មភាពសមាជិកភាព (Membership Action Plan) ដែលជាកម្មវិធីជួយប្រទេសនានាត្រៀមខ្លួនសម្រាប់សមាជិកភាពនាពេលអនាគត ទោះបីជាការចូលរួមមិនធានាសមាជិកភាពក៏ដោយ។ នេះបើយោងតាមគេហទំព័ររបស់ណាតូដដែល។
គួរជម្រាបថា សមាជិកទាំង៣០ប្រទេសរបស់អង្គការណាតូនាពេលបច្ចុប្បន្ន (២០២២) រួមមាន៖
* សមាជិក១២ប្រទេសដំបូង ដែលរួមគ្នាបង្កើតអង្គការណាតូនៅឆ្នាំ១៩៤៩ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប៊ែលហ្ស៉ិក កាណាដា ដាណឺម៉ាក់ បារាំង អ៉ីស្លង់ អ៉ីតាលី លុចសំបួរ នែតដឺឡង់ ព័រទុយហ្កាល់ និងប្រទេសន័រវេស។
* សមាជិកដែលបានចូលតាមក្រោយជាបន្តបន្ទាប់ រួមមាន ប្រទេសក្រិក និងប្រទេសតួកគីបានចូលជាសមាជិកនៅឆ្នាំ១៩៥២ ប្រទេសអាល្លឺម៉ង់បានចូលជាសមាជិកនៅឆ្នាំ១៩៥៥ ប្រទេសអេស្ប៉ាញបានចូលជាសមាជិកនៅឆ្នាំ១៩៨២ ប្រទេសហុងគ្រី សាធារណរដ្ឋឆែក និងប្រទេសប៉ូឡូញបានចូលជាសមាជិកនៅឆ្នាំ១៩៩៩ ប្រទេសប៊ុលហ្ការី អេស្តូនី ឡេតូនី លីទុយអានី រ៉ូម៉ានី ស្លូវ៉ាគី និងប្រទេសស្លូវេនីបានចូលជាសមាជិកនៅឆ្នាំ២០០៤ ប្រទេសអាល់បានី និងប្រទេសក្រូអាស៉ីបានចូលជាសមាជិកនៅឆ្នាំ២០០៩ ប្រទេសម៉ុងតេណេហ្ក្រោបានចូលជាសមាជិកនៅឆ្នាំ២០១៧ និងចុងក្រោយគឺប្រទេសម៉ាសេដ្វានខាងជើងបានចូលជាសមាជិកនៅឆ្នាំ២០២០៕