(ពិភពលោក)៖ នៅពេលជីវិតមនុស្សជួបនូវគ្រោះថ្នាក់ ឬឧប្បត្តិហេតុណាមួយនោះ ពួកគេតែងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ហើយឱសថដែលយកមកប្រើសម្រាប់ជួយសង្គ្រោះជីវិតនោះ ភាគច្រើនត្រូវបានផលិតចេញពីសត្វមួយប្រភេទដែលនៅរស់នៅក្នុងសមុទ្រ។
ប្រសិនបើអ្នកត្រូវពេទ្យចាក់ថ្នាំព្យាបាលជំងឺ ឬជួយសង្គ្រោះជីវិតនោះ ចូរដឹងថាអ្នកត្រូវជំពាក់ជីវិតសត្វប្រឡាំងកាសជាច្រើន ព្រោះសារធាតុនៅក្នុងឱសថទាំងនោះ គឺត្រូវបានចម្រាញ់មកពីឈាមរបស់វា។ សត្វប្រឡាំងកាស ដែលភាសាអង់គ្លេសហៅថា Horseshoe crab នោះ គឺជាពូជក្ដាមមួយប្រភេទមានស្នូកដូចអណ្ដើក តែស្នូកស្ដើងស្រួយ មានពងដូចក្ដាម តែធំៗជាងពងក្ដាម វាជាសត្វដែលរស់នៅក្នុងសមុទ្រ។
សារធាតុចម្រាញ់ពីឈាមរបស់វាមានឈ្មោះថា លីមុយលូស អាមីតអុកស៉ីត លីសាដ (Limulus Amet-ocyte Lysate) ឬហៅកាត់ថា អ៉ិលអាអ៉ិល (LAL) ត្រូវបានគេនាំយកមកប្រើនៅក្នុងឧស្សាហកម្មផលិតឱសថ។
សត្វប្រឡាំងកាសគ្មានប្រព័ន្ធអង់ទីគ័រ និងពុំអាចបង្កើតអង់ទីប៊ីយ៉ូទិក ដើម្បីប្រឆាំងនឹងការឆ្លងមេរោគបាននោះទេ ប៉ុន្តែនៅក្នុងឈាមរបស់វាមានសារធាតុផ្សំដ៏អស្ចារ្យ ដែលអាចបញ្ឈប់ការរាតត្បាតរបស់បាក់តេរី និងវីរុស តាមរយៈការបង្កកមេរោគបាក់តេរីជាដុំនៅជុំវិញខ្លួនពួកវា ដែលសារធាតុនេះត្រូវបានគេនាំយកមកផលិតជា LAL។ ប្រសិនបើចង់ពិនិត្យភាពកង្វក់នៅក្នុងវត្ថុណាមួយដែលប្រើក្នុងផ្នែកវេជ្ជសាស្ត្រ គឺគ្រាន់តែពិនិត្យដោយ LAL ប៉ុណ្ណោះ ហើយប្រសិនបើវាមិនកកខ្លួនជាដុំទេ មានន័យថាគ្មានមេរោគនោះឡើយ។
ឈាមប្រឡាំងកាសនេះខុសពីឈាមរបស់មនុស្សត្រង់វាគ្មាអេម៉ូក្លូប៊ីន ដែលប្រើធាតុដែក (Fe) ក្នុងការដឹកជញ្ជូនអុកស៉ីសែន តែវាមានអេម៉ូស្យានីនដែលប្រើធាតុប្រាក់ (Ag) ជាតួដឹកជញ្ជូនជំនួសវិញ។ ឈាមរបស់ប្រឡាំងកាសមានពណ៌ខៀវ និងលក់ក្នុងតម្លៃ១៥,០០០ដុល្លារក្នុងមួយលីត្រ។
ដើម្បីបានឈាមប្រឡាំងកាស គេត្រូវចាប់វាទាំងរស់ក្នុងមួយសប្ដាហ៍រាប់ពាន់ក្បាល ហើយនាំយកទៅកាន់មន្ទីរពិសោធន៍ទាំងរស់។ នៅក្នុងទីពិសោធន៍នោះ វាត្រូវគេបូមឈាមអស់ជាង៣០% តែវាអាចស្ដារឈាមក្នុងខ្លួនវាបានមកវិញយ៉ាងឆាប់រហ័ស នៅពេលគេព្រលែងវាចូលក្នុងទឹកសមុទ្រវិញ។ ពួកវាត្រូវគេបូមឈាមក្នុងមួយឆ្នាំម្ដង ហើយឈាមរបស់វាត្រូវគេក្លាសហ្សេបែបសុញ្ញាកាស មុននឹងនាំចេញទៅកាន់ប្រទេសនានានៅជុំវិញទូទាំងពិភពលោក។
គេបានស្រាវជ្រាវរកឃើញថា សត្វប្រឡាំងកាសនេះបានចាប់កំណើតមុនសត្វដាយណូស័រដល់ទៅប្រមាណ២០០លានឆ្នាំឯណោះ ហើយបច្ចុប្បន្នវាចូលចិត្តរស់នៅតាមឆ្នេរសមុទ្រអាត្លង់ទិកប៉ែកខាងទ្វីបអាមេរិក និងនៅតាមសមុទ្រនានាក្នុងតំបន់អាស៉ីអាគ្នេយ៍៕