(បរទេស)៖ ហេតុការណ៍ធ្លាក់យន្តហោះ ដែលបានបណ្តាលឲ្យមនុស្សច្រើនបំផុតបាត់បង់ជីវិត នៅក្នុងប្រវត្តិសាស្រ្ត គឺការធ្លាក់យន្តហោះធុន Boeing 747 មួយគ្រឿងនៅភ្នំ តាកាម៉ាហ្កាហារ៉ា (Takamagahara) ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៨៥។
យ៉ាងណាក្តី មានមនុស្ស៤នាក់ដែលបានរួចរស់ជីវិត ខណៈ៥២០នាក់ផ្សេងទៀត បានស្លាប់។ យន្តហោះខាងលើមានជើងហោះហើរ លេខ១២៣ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines បានជួបគ្រោះថ្នាក់ នៅពេលកំពុងធ្វើដំណើរពីអាកាសយានដ្ឋាន ហាណេដា (Haneda) នៃទីក្រុងតូក្យូ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ អូសាកា (Osaka) ក្នុងប្រទេសជប៉ុន។
យន្តហោះខាងលើ ដែលមានផ្ទុកមនុស្សសរុប ៥២៤នាក់ ក្នុងនោះមានក្រុមការងារលើយន្តហោះ ១៥នាក់ និងអ្នកដំណើរ ៥០៩នាក់ បានធ្លាក់ក្រោយហោះហើរបានជាង ៣០នាទី ចេញពីតូក្យូ បន្ទាប់ពីមានការផ្ទុះនៅផ្នែកក្រោយរបស់យន្តហោះ ដែលបណ្តាលឲ្យកន្ទុយផ្លិតចង្កូតរបស់វា ដាច់ចេញទៅបាត់ ហើយបញ្ហាក៏បានប៉ះពាល់ដល់ប្រព័ន្ធបំពង់អ៉ីដ្រូលីគ (Hydraulic Pipe) ដែលមានសារៈសំខាន់បំផុត សម្រាប់គ្រប់គ្រងការហោះហើររបស់យន្តហោះទាំងមូលផងដែរ។
លទ្ធផលនៃការស៉ើបអង្កេតបានបង្ហាញថា បញ្ហាខាងលើគឺបណ្តាលមកពីការងារជួសជុលខុសបច្ចេកទេស ដែលត្រូវបានមើលរំលង កាលពីឆ្នាំ១៩៧៨ ពាក់ព័ន្ធនឹងសន្ទះដ៏សំខាន់មួយ នៅកន្ទុយយន្តហោះ។ ទោះជាការផ្ទុះបានធ្វើឲ្យដាច់ផ្លិតចង្កូត និងប្រព័ន្ធគ្រប់គ្រងការហោះហើរក៏ដោយ ក្រុមអាកាសយានិកដ៏អង់អាច អាចរក្សាយន្តហោះរបស់ពួកគេ ឲ្យនៅលើផ្ទៃអាកាសបានមួយសន្ទុះធំ មុនពេលវាធ្លាក់ទៅបុកភ្នំដោយជៀសមិនផុត។
គួរជម្រាបថា តាមពិតទៅអាចមានមនុស្សមួយចំនួនទៀត ដែលនៅរស់ក្រោយយន្តហោះបានធ្លាក់ភ្លាមៗ ប៉ុន្តែដោយសារក្រុមជួយសង្រ្គោះជប៉ុន ប្រើពេលវេលាយូរម៉ោងខ្លាំងពេក ទម្រាំអាចទៅដល់កន្លែងកើតហេតុដែលនៅលើភ្នំ ហើយសំណើផ្តល់ការជួយសង្រ្គោះពីសំណាក់យោធាអាមេរិក ត្រូវបានរដ្ឋាភិបាលជប៉ុនបដិសេធ។
ខណៈនេះគឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះស្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត ហេតុការណ៍គ្រោះថ្នាក់ ដែលបណ្តាលឲ្យមនុស្សនៅលើយន្តហោះ បាត់បង់ជីវិតច្រើនបំផុតវិញនោះ គឺឧបទ្ទវហេតុយន្តហោះពីរគ្រឿងបុកគ្នា នៅក្នុងព្រលានយន្តហោះ លើកោះថេណេរីហ្វ (Tenerife) របស់អេស៉្បាញ កាលពីឆ្នាំ១៩៧៧ ដែលបានផ្តាច់ជីវិតមនុស្សសរុប ៥៨៣នាក់៕