(ស្វីស)៖ ដូចលើបណ្តាប្រទេសនានាដែរ កាកបាទក្រហម (Res Cross) ក៏ជាស្ថាប័នមនុស្សធម៌ដ៏សំខាន់មួយនៅកម្ពុជាផងដែរ។ ស្ថាប័នមនុស្សធម៌នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្ថាប័នសាធារណៈផ្តោតលើការងារមនុស្សធម៌ដោយឥតលំអៀង។ តើអ្នកដឹងទេថា នរណាជាស្ថាបនិកកាកបាទក្រហម?
លោក ហង់រី ឌុយណង់ (Henry Dunant) ដែលជាអ្នកជំនួញជនជាតិស្វីស គឺជាអ្នកផ្ដួចផ្ដើមបង្កើតអង្គការមនុស្សធម៌នេះឡើង។ ដោយសារការលះបង់យ៉ាងធំធេងចំពោះមនុស្សជាតិ លោក ហង់រី ឌុយណង់ ក៏ទទួលបានពានរង្វាន់ណូបែលសន្តិភាព ជាមួយសេដ្ឋវិទូជនជាតិបារាំងម្នាក់ទៀត គឺលោក ហ្វេ្រដេរ៉ិច ប៉ាស៉ី (Frédéric Passy) នៅឆ្នាំ១៩០១ ដែលធ្វើឱ្យលោកក្លាយជាបេក្ខភាពជនជាតិស្វីសដំបូងគេដែលទទួលបានពានរង្វាន់ណូបែលនេះ។
* តើដើមហេតុអ្វីដែលនាំឱ្យមានការបង្កើតកាកបាទក្រហម?
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៥៩ អ្នកជំនួញជនជាតិស្វីស ហង់រី ឌុយណង់ បានធ្វើដំណើរទៅប្រទេសអ៉ីតាលី ដើម្បីចូលគាល់ព្រះចៅអធិរាជបារាំង ណាប៉ូឡេអុងទី៣ (Napoléon III) ក្នុងគោលបំណងពិភាក្សាពីការលំបាកក្នុងការធ្វើជំនួញនៅប្រទេសអាល់ហ្សេរី (ត្រើយខាងត្បូងសមុទ្រមេឌីទែរ៉ាណេ) ដែលនៅពេលនោះត្រូវបានកាន់កាប់ដោយចក្រភពបារាំង។ នៅពេលដែលលោកបានទៅដល់ទីក្រុងស៊ុលហ្វេរីណូ (Solferino) ដែលជាទីក្រុងតូចមួយរបស់អ៉ីតាលី នៅពេលនោះលោកបានឃើញនូវទិដ្ឋភាពសោកនាដកម្មនៅក្នុងសមរភូមិស៊ុលហ្វេរីណូ (Battle of Solferino)។ គួរជម្រាបថា សមរភូមិស៊ុលហ្វេរីណូ គឺជាសង្គ្រាមទាមទារឯករាជ្យរបស់អ៉ីតាលីពីបារាំងលើកទីពីរ។ ក្នុងរយៈពេលតែមួយថ្ងៃ ទាហានទាំងសងខាងប្រហែល៤០,០០០នាក់បានស្លាប់ និងរងរបួសនៅលើសមរភូមិនោះ។ លោក ហង់រី ឌុយណង់ មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះទិដ្ឋភាពដ៏អាក្រក់នេះ ដោយឃើញកងទាហានដែលរងរបួសរងទុក្ខវេទនាយ៉ាងខ្លាំង ខណៈក្រុមគ្រូពេទ្យជួយសង្គ្រោះនិងការថែទាំក៏មានមិនគ្រប់គ្រាន់។
ដោយមានសណ្ដានចិត្តចង់ចូលរួមជួយអ្នករងរបួស លោក ហង់រី បានបោះបង់ចោលទាំងស្រុងនូវគំនិតរបស់គាត់ក្នុងការធ្វើដំណើរ ហើយអស់រយៈពេលជាច្រើនថ្ងៃ លោកបានលះបង់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួនដើម្បីជួយព្យាបាល និងថែទាំអ្នករបួសរបស់ទាហាន ដោយពុំបានគិតខាងណាជាសត្រូវ ឬជាមិត្តនោះទេ។ លោកបានទទួលជោគជ័យក្នុងការរៀបចំកន្លែងផ្តល់ជំនួយសង្គ្រោះយ៉ាងច្រើនលើសលប់ ដោយជំរុញឱ្យប្រជាជនក្នុងតំបន់ជួយដោយមិនមានការរើសអើង។
លោក ហង់រី ក៏បានត្រលប់មកផ្ទះរបស់ខ្លួនវិញនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោកបានសម្រេចចិត្តសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា «អនុស្សាវរីយ៍ស៊ុលហ្វេរីណូ ឬ A Memory of Solferino» ដែលលោកបានប្រើប្រាស់ប្រាក់កាក់ផ្ទាល់ខ្លួនយកទៅបោះពុម្ពសៀវភៅនៅក្នុងឆ្នាំ១៨៦២។ លោកបានចម្លងសៀវភៅនេះនិងប្រគល់ជូនឥស្សរជននយោបាយ និងមេដឹកនាំយោធានាំមុខគេនៅទូទាំងទ្វីបអឺរ៉ុប។ បន្ថែមពីលើការសរសេរការពិពណ៌នាយ៉ាងរស់រវើកចេញពីបទពិសោធន៍របស់គាត់នៅក្នុងសង្គ្រាមស៊ុលហ្វេរីណូក្នុងឆ្នាំ១៨៥៩ គាត់បានតស៊ូមតិយ៉ាងច្បាស់អំពីការបង្កើតអង្គការសង្គ្រោះស្ម័គ្រចិត្ត ដើម្បីជួយទាហានដែលរងរបួសក្នុងករណីមានសង្គ្រាម។ លើសពីនេះ លោកបានអំពាវនាវឱ្យមានការបង្កើតសន្ធិសញ្ញាអន្តរជាតិ ដើម្បីធានាអព្យាក្រឹតភាព និងការការពារអ្នករបួសនៅលើសមរភូមិ ក៏ដូចជាក្រុមគ្រូពេទ្យ និងមន្ទីរពេទ្យផងដែរ។
ការងាររបស់លោក ហង់រី ឌុយណង់ បន្តរហូតដល់ «គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម» ហៅកាត់ថា ICRC ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៦ មុនពេលដែលលោកបានទទួលពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩០១៕