(ភ្នំពេញ)៖ ទឹកដែលមាន pH កម្រិតខ្ពស់ ឬអាល់កាឡាំង (Alkaline) ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែងចំពោះសុខភាព ដូចជាជួយបន្សាបជាតិអាស៉ីតនៅក្នុងខ្លួន ថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ កាត់បន្ថយជាតិអាស៉ីតនៅក្នុងក្រពះ និងពោះវៀនជាដើម។
* តើអ្វីទៅជា pH?
អក្សរកាត់ pH មកពីពាក្យអង់គ្លេសថា Potential of Hydrogen ឬជាខេមរភាសាថា «សក្តានុពលអ៉ីដ្រូសែន»។ pH មានន័យថា ការវាស់កម្រិតជាតិអាស៉ីត និងបាស (អាល់កាឡាំង) ដែលបង្ហាញពីបរិមាណអ៉ីយ៉ុងអ៉ីដ្រូសែនដែលមាននៅក្នុងសារធាតុណាមួយ។ មាត្រដ្ឋានសម្រាប់វាស់កម្រិត pH នៃសារធាតុនីមួយៗ មានលេខចាប់ពី pH0 ដល់ pH14៖
* សារធាតុណាដែលមាន pH7 ទៅ pH7.3 គឺស្ថិតនៅចំណុចកណ្ដាល ចំណុចអព្យាក្រឹត ឬហៅថា ណឺត (Neutral) ដែលមិនមែនជាអាស៉ីត ហើយក៏មិនមែនជាបាស ប្រសិនបើនិយាយអំពីរសជាតិ គឺសាប ក្នុងនោះមានដូចជាទឹកសាប ឈាមដែលមានសភាពធម្មតាជាដើម។
* សារធាតុដែលមានកម្រិត pH តូចជាង ៧ ចុះទៅដល់ ០ គឺមានជាតិអាស៉ីតច្រើនបំផុត (Acidic)។
* រីឯសារធាតុដែលមានកម្រិត pH ធំជាង ៧ ឡើងទៅដល់ ១៤ គឺមានជាតិបាស (Base) ឬអាល់កាឡាំងខ្ពស់វិញដែរ។
គេយកលេខ៧ ជាលេខអព្យាក្រឹត្យ នៃរង្វាស់ pH។ ប្រសិនបើជាការវាស់ pH នៃទឹកឃើញថា វាចេញលទ្ធផល pH7 រហូតដល់ pH1 នោះវាបញ្ជាក់ថា ទឹកនោះមានជាតិអាស៉ីតខ្ពស់ខ្លាំង ចំណែកឯការចេញលទ្ធផល pH7 រហូតដល់ pH14 នោះបញ្ជាក់ថា ទឹកនោះមានអាល់កាឡាំងខ្ពស់ ដែលល្អសម្រាប់សុខភាព។
ទឹកដែលមាន pH កម្រិតខ្ពស់ ឬអាល់កាឡាំង មានអត្ថប្រយោជន៍ដូចខាងក្រោម៖
១៖ វាជាប្រភេទទឹកដ៏មានអត្ថប្រយោជន៍សម្រាប់អ្នកហាត់ប្រាណប្រចាំថ្ងៃ ហើយត្រូវការបរិមាណទឹកច្រើននៅក្នុងខ្លួន។ និយាយតាមបែបវិទ្យាសាស្ត្រ ម៉ូលេគុលទឹកនៅក្នុងទឹកបែបនេះមានទំហំតូចជាង ដែលធ្វើឱ្យកោសិការបស់មនុស្សយើងងាយស្រូបយកទៅចិញ្ចឹមរាងកាយ ហើយជួយឱ្យរាងកាយរបស់យើងមានជាតិទឹកឡើងវិញយ៉ាងឆាប់រហ័ស។
២៖ អត្ថប្រយោជន៍ទឹកដែលមាន pH កម្រិតខ្ពស់ ក៏រួមបញ្ចូលទាំងការបង្កើនភាពស៉ាំផងដែរ។ ប្រព័ន្ធភាពស៉ាំរបស់មនុស្សយើងអាចជួយបន្សាបជាតិអាស៉ីតនៅក្នុងខ្លួន ដែលបណ្តាលមកពីរបបអាហារមិនល្អ ជាតិស្រវឹង ភាពតានតឹង និងជាតិពុលពីបរិស្ថាន។
៣៖ ទឹកមាន pH កម្រិតខ្ពស់ ត្រូវបានគេនិយាយថាមានសារធាតុរ៉ែជាច្រើន ដូចជា ម៉ាញេស្យូម និងកាល់ស្យូម ដែលសារធាតុទាំងពីរនេះមានសារៈសំខាន់សម្រាប់ការថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ។
៤៖ ទឹកមាន pH កម្រិតខ្ពស់ មានសារធាតុប្រឆាំងអុកស៉ីតកម្មកម្រិតខ្ពស់ផងដែរ ដែលជួយបង្អាក់ការលូតលាស់របស់កោសិកាអាក្រក់ម្យ៉ាងដែលវាបំផ្លាញរ៉ាឌីកាល់សេរីនៅក្នុងខ្លួន ពោលគឺកាត់បន្ថយភាពចាស់បានមួយចំណែក។
៥៖ អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយទៀតនៃទឹកមាន pH កម្រិតខ្ពស់ គឺថាវាបន្សាបជាតិអាស៉ីតក្នុងរាងកាយរបស់មនុស្សយើង ដោយកាត់បន្ថយជាតិអាស៉ីតនៅក្នុងក្រពះ និងពោះវៀនបានយ៉ាងច្រើន៕