(ភ្នំពេញ)៖ អង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៦០ នៅទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់។ ការនាំចេញប្រេងពីប្រទេសសមាជិកអង្គការនេះគឺមានរហូតដល់៤៤ភាគរយនៃផលិតកម្មប្រេងនៅលើពិភពលោក គិតត្រឹមឆ្នាំ២០១៨។

* តើប្រទេសណាខ្លះជាសមាជិកអង្គការនាំចេញប្រេង OPEC នេះ?

OPEC (Organization of the Petroleum Exporting Countries) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានប្រទេសជាសមាជិកចំនួន១៣ប្រទេស។ នៅឆ្នាំ១៩៦៥ អង្គការនេះបានដាក់ទីស្នាក់ការកណ្ដាលនៅទីក្រុងវ្យែន ប្រទេសអូទ្រីស ទោះបីប្រទេសនេះមិនមែនជាសមាជិករបស់អង្គការ OPEC ក៏ដោយ។

បច្ចុប្បន្ន អង្គការនាំចេញប្រេង OPEC មានប្រទេសជាសមាជិកចំនួន១៣ ក្នុងនោះរួមមាន៖

* សមាជិក៥ប្រទេសដែលជាស្ថាបនិកដំបូងនៅឆ្នាំ១៩៦០ មានប្រទេសអ៉ីរ៉ង់ អ៉ីរ៉ាក់ កូវ៉ែត អារ៉ាប់ប៊ីសាអូឌីត និងប្រទេសវេណេស៊ុយអេឡា។

* ប្រទេសលីប៊ីបានចូលជាសមាជិកនៅឆ្នាំ១៩៦២។

* ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានចូលជាសមាជិកនៅឆ្នាំ១៩៦៧។

* ប្រទេសអាល់ហ្សេរីបានចូលជាសមាជិកនៅឆ្នាំ១៩៦៩។

* ប្រទេសនីហ្សេរីយ៉ាបានចូលរួមជាសមាជិកនៅឆ្នាំ១៩៧១។

* ប្រទេសហ្កាបុងបានចូលជាសមាជិកលើកទី១នៅឆ្នាំ១៩៧៥ ប៉ុន្តែក៏បានចាកចេញវិញនៅឆ្នាំ១៩៩៥ និងបានចូលជាសមាជិកជាលើកទី២នៅឆ្នាំ២០១៦ បន្តរហូតមកដល់បច្ចុប្បន្ន។

* ប្រទេសអង់ហ្គោឡាបានចូលជាសមាជិកនៅឆ្នាំ២០០៧។

* ប្រទេសហ្គីណេបានចូលជាសមាជិកនៅឆ្នាំ២០១៧។

* សាធារណរដ្ឋកុងហ្គោបានចូលជាសមាជិកនៅឆ្នាំ២០១៨។

ក្រៅពីនេះ នៅមានសមាជិកដែលធ្លាប់ចាកចេញចំនួន៣ប្រទេសទៀត រួមមាន៖

* ប្រទេសអេក្វាទ័រធ្លាប់បានចូលជាសមាជិកលើកទី១នៅឆ្នាំ១៩៧៣-១៩៩២ និងបានចូលជាសមាជិកលើកទី២នៅឆ្នាំ២០០៧ ដល់ឆ្នាំ២០២០ ប្រទេសនេះក៏បានចាកចេញពីសមាជិកភាពអង្គការ OPEC ម្ដងទៀត។

* ប្រទេសឥណ្ឌូណេស៉ីធ្លាប់បានចូលសមាជិកលើកទី១នៅឆ្នាំ១៩៦២-២០០៨ និងបានចូលសមាជិកជាលើកទី២នៅខែមករា ឆ្នាំ២០១៦ តែក៏បានចាកចេញទៅវិញនៅខែវិច្ឆិកា ឆ្នាំ២០១៦ ដដែល។

* ប្រទេសកាតាធ្លាប់បានចូលជាសមាជិកនៅឆ្នាំ១៩៦១ ប៉ុន្តែក៏បានចាកចេញទៅវិញនៅឆ្នាំ២០១៩។

គួរជម្រាបថា នៅចុងឆ្នាំ២០១៦ អង្គការ OPEC ក៏បានបង្កើត ក្រុមធំមួយហៅថា OPEC+ ដើម្បីមានការគ្រប់គ្រងបន្ថែមទៀតលើទីផ្សារប្រេងឆៅពិភពលោក៕