(នែតដឺឡង់)៖ ប្រទេសនែតដឺឡង់ (យើងធ្លាប់ហៅថាហូឡង់) ដែលមានភាគខាងលិច និងខាងជើងជាប់សមុទ្រឧត្តរ (North Sea) មានសណ្ឋានដីលក្ខណៈជាវាលទំនាបខ្លាំងមែនទែន រហូតដល់ថ្នាក់មួយផ្នែកធំនៃប្រទេសអឺរ៉ុបនេះ ស្ថិតនៅទាបជាងកម្ពស់នីវ៉ូទឹកសមុទ្រទៅទៀត ក៏ប៉ុន្តែហេតុអ្វីនែតដឺឡង់នៅតែមិនជន់លិច?
ប្រមាណជិតមួយភាគបីនៃប្រទេសនែតដឺឡង់នៅទាបជាងកម្ពស់នីវ៉ូទឹកសមុទ្រ ដោយចំណុចទាបជាងគេបង្អស់គឺ៦.៧ម៉ែត្រក្រោមនីវ៉ូសមុទ្រ ហើយកន្លែងខ្ពស់ជាងគេគឺត្រឹមជាង៣០០ម៉ែត្រប៉ុណ្ណោះលើនីវ៉ូសមុទ្រ។ ដូច្នេះអ្នកអាចស្រមៃឃើញហើយថានែតដឺឡង់មានផ្ទៃដីរាបស្មើខ្លាំង។
ប្រហែលជាមានអ្នកឆ្ងល់ថា ហេតុអ្វីបានជាប្រទេសអឺរ៉ុបមួយនេះមិនជាន់លិចក្រោមទឹកសមុទ្រ? មូលហេតុគឺដោយសារនែតដឺឡង់មានប្រព័ន្ធការពារពិសេស។ តាមរយៈការសាងសង់ប្រព័ន្ធទំនប់យ៉ាងរឹងមាំ និងប្រព័ន្ធបូមទឹកដ៏ទំនើប បូករួមជាមួយទួលខ្សាច់នៅតាមបណ្តោយឆ្នេររបស់ខ្លួន នែតដឺឡង់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីមិនឲ្យស្ថិតនៅក្រោមផ្ទៃទឹកបាន។ នែតដឺឡង់មានបណ្តោយឆ្នេរប្រវែង២៣០គីឡូម៉ែត្រ ក្នុងនោះ៧៥ភាគរយ គឺជាទួលខ្សាច់ដែលអាចមានទំហំរាប់គីឡូម៉ែត្រ។
ប្រសិនបើនែតដឺឡង់បាត់បង់ការការពារពីសំណាក់ប្រព័ន្ធទំនប់ និងទួលខ្សាច់ធម្មជាតិទាំងនោះ ផ្នែកដែលមនុស្សរស់នៅច្រើនជាងគេរបស់នែតដឺឡង់ គឺនៅប៉ែកខាងលិចប្រទេសដែលរួមមានទីក្រុងធំៗ ដូចជា ទីក្រុងអាំស្ទែដាំ ទីក្រុងរ៉ូដទែដាំ និងទីក្រុងឡាអេជាដើម ច្បាស់ជានឹងត្រូវជន់លិចក្រោមទឹកសមុទ្រ ក៏ដូចជាទឹកទន្លេមិនខាន។ ផ្នែកដែលមានការអភិវឌ្ឍខ្លាំងនេះរបស់នែតដឺឡង់ ជាទូទៅស្ថិតនៅមិនខ្ពស់ជាងនីវ៉ូសមុទ្រលើសពីមួយម៉ែត្រទេ ហើយប្រហែលពាក់កណ្តាលគឺស្ថិតនៅទាបជាងនីវ៉ូសមុទ្រតែម្តង ខណៈផ្នែកនេះគ្របដណ្តប់ពាក់កណ្តាលនៃផ្ទៃដីប្រទេសនែតដឺឡង់ទាំងមូល។
គួរជម្រាបថា គម្រោងទំនប់អស្ចារ្យៗរបស់នែតដឺឡង់ រួមមានគម្រោង Zuiderzee ជាការសង់ទំនប់បិទឆកសមុទ្រហ្ស៊ុយដឺហ្ស៉ី (Zuiderzee) នៅភាគពាយព្យនែតដឺឡង់។ ចន្លោះឆ្នាំ១៩២៧-១៩៣២ ទំនប់មួយប្រវែង៣០គីឡូម៉ែត្រ ក៏ត្រូវបានសាងសង់ឡើង។ ផ្នែកភាគខាងត្បូងនៃឆកសមុទ្រ Zuiderzee សព្វថ្ងៃបានក្លាយជាបឹងទឹកសាបហៅថា អ៉ីចស៊ែលមៀ (IJsselmeer)។
គម្រោងធំមួយទៀតគឺគម្រោង Delta នៅភាគនិរតីនែតដឺឡង់ដែលត្រូវបានបង្កើតឡើង ក្រោយគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ១៩៥៣ ដែលបានជន់លិចផ្ទៃដីនែតដឺឡង់ជាង១៦០,០០០ហិកតា និងសម្លាប់មនុស្សជិត២ពាន់នាក់។ គម្រោងនេះមានគោលដៅបិទដៃសមុទ្រមួយចំនួននៅទីនោះ ដើម្បីបន្ថយហានិភ័យគ្រោះទឹកជំនន់ ដោយទំនប់ជាង១០ត្រូវបានកសាងឡើង ចន្លោះឆ្នាំ១៩៦០ និងឆ្នាំ១៩៨៧។ មកទល់បច្ចុប្បន្ននេះ នែតដឺឡង់ត្រូវពិភពលោកចាត់ទុកជាកន្លែងដែលមានប្រព័ន្ធការពារទឹកជំនន់ទំនើបជាងគេបំផុត៕