(ភ្នំពេញ)៖ ទំនាក់ទំនងរវាងកម្ពុជា-ចិនបានចាប់ផ្ដើមជាយូរលង់ណាស់មកហើយ ក្នុងនោះយើងសង្កេតតាមរយៈឯកសារប្រវត្តិសាស្ត្រឃើញថា ប្រទេសទាំងពីរបានបញ្ជូនរាជទូតទៅវិញទៅមក ប៉ុន្តែមិនសូវមានឯកសារនិយាយអំពីការតាំងស្ថានទូត ឬស្ថានកុងស៊ុលនៅឡើយទេ។
យោងតាមឯកសារប្រវត្តិសាស្ត្រខ្មែររបស់សាស្ត្រាចារ្យ ត្រឹង ងា និងឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យដទៃទៀត បានឱ្យដឹងថា ទំនាក់ទំនងរវាងប្រជាជនខ្មែរនិងប្រជាជនចិនបានកើតឡើងតាំងមុនគ្រិស្ដសករាជមកម្ល៉េះ ពោលគឺមុនជនជាតិខ្មែរបង្កើតរដ្ឋហ្វូណន ឬអាណាចក្រភ្នំនោះទៅទៀត ដែលភាគច្រើនជាទំនាក់ទំនងជំនួញពាណិជ្ជកម្ម។ ចំណែកឯទំនាក់ទំនងរវាងនគរនិងនគរវិញ គឺកម្ពុជានិងចិនបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាដំបូងតាំងពីសម័យអាណាចក្រភ្នំ ដោយនៅឆ្នាំ៨៤នៃគ្រិស្ដសករាជ ព្រះមហាក្សត្រនគរភ្នំបានបញ្ជូនរាជទូតទៅកាន់ប្រទេសចិន ដើម្បីចងស្ពានមេត្រីជាមួយនគរហាន ដែលកាលណោះសោយរាជ្យដោយអធិរាជចាង (Emperor Zhang of Han 58-88) មានឈ្មោះដើមហៅថា លីវ តា (Liu Da)។ ក្រោយមក មហាហានក៏បានបែកបាក់ជា៣នគរ (សាមកុក) មាននគរវៃ (Wie) នគរស៊ូ (Shu) និងនគរអ៊ូ (Wu) ក្នុងនោះនគរអ៊ូបានបញ្ជូនរាជទូត២រូបមកកាន់នគរភ្នំ គឺលោក ជូ អ៉ីង (Zhu Ying) និងលោក ខាង ថាយ (Kang Tai) ដើម្បីពង្រឹងទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងការគាំទ្រឯករាជ្យភាពរបស់តុងអ៊ូ (Dong Wu)។
ទោះជាយ៉ាងណា ប្រទេសកម្ពុជានិងចិនមិនទាន់មានការតាំងស្ថានទូត ឬស្ថានកុលស៊ុលនៅឡើយទេ ទោះបីជានៅសម័យមហានគរ ឬនៅសម័យរាជវង្សម៉េងរបស់ចិន ដែលជាសម័យរុងរឿងដល់កំពូលនោះក៏ដោយ។ ទើបតែមកដល់ដើមសតវត្សទី២០នេះទេ ដែលប្រទេសចិនធ្លាប់តាំងស្ថានកុងស៊ុលនៅទីក្រុងព្រៃនគរ (Prei Nokor) ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិនជាមួយប្រទេសកម្ពុជា អណ្ណាម និងទឹកដីកូសាំងស៉ីន ឬកម្ពុជាក្រោម, នេះបើយោងតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន។
កាលណោះប្រទេសចិនស្ថិតក្រោមការគ្រប់គ្រងរបស់រាជវង្សឆេង (Qing dynasty) ស្ដេចសោយរាជ្យនារជ្ជកាលនោះ គឺអធិរាជហ្គ័ងស្វ៉ី (Emperor Guangxu of Qing) ប៉ុន្តែមហាឆេងដ៏ធំល្វឹងល្វើយក៏កំពុងរងការរុកគួនពីអាណានិគមអឺរ៉ុប និងជប៉ុនផងដែរ។ ឯកសារប្រវត្តិសាស្ត្រការទូតសម័យរាជវង្សឆេងបានកត់ត្រាថា នៅរជ្ជកាលអធិរាជហ្គ័ងស្វ៉ី ឆ្នាំ១៩០៨ មានមន្ត្រីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មម្នាក់ឈ្មោះ យ៉ាង សឺឈី (រកមិនឃើញអំពីឈ្មោះជាអក្សរឡាតាំង) បានថ្វាយសារលិខិតទូលស្នើអធិរាជហ្គ័ងស្វ៉ីសុំរាជានុញ្ញាតតាំងស្ថានអគ្គកុងស៊ុលចិនប្រចាំនៅក្រុងព្រៃនគរ ដែលចិនហៅថា សេកុង (សៃហ្កន) ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងការទូតជាមួយកម្ពុជា និងខេត្តណាមគី (Nam Kỳ)។ ណាមគីនេះ គឺហៅតាមភាសាយួនដែលប្រែថា តំបន់ខាងត្បូង គឺចង់សំដៅលើទឹកដីកូសាំងស៉ីន ឬកម្ពុជាក្រោម។
* មន្ត្រី យ៉ាង សឺឈី បានសរសេរថា៖
«សេកុង ជាកំពង់ផែរបស់ណាមគី នៅក្បែរក្វាងទុង (Guangdong) និងហ្វ៊ូជាន (Fujian)។ ទំនិញចេញចូលរបស់ល្អៗទូទាំងអណ្ណាមសុទ្ធតែមកប្រមូលផ្ដុំនៅទីនេះ ហេតុនេះទូលព្រះបង្គំមានបំណងទូលស្នើព្រះចៅអធិរាជសុំរាជរាជានុញ្ញាតចាត់តាំងកុងស៊ុលម្នាក់ប្រចាំនៅសេកុង (ព្រៃនគរ សៃហ្កន) គ្រប់គ្រងទាំងកម្ពុជា និងខេត្តណាមគី។ ខ្ញុំព្រះអម្ចាស់ ដើម្បីគ្រប់គ្រងរក្សាកិច្ចការពារពាណិជ្ជកម្ម គ្រប់គ្រងជនជាតិចិនចំណាកស្រុក។
ដូចដែលបានរៀបរាប់ក្នុងសេចក្ដីភ្ជាប់ជាមួយដោយសេចក្ដីក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះចៅអធិរាជទ្រង់ព្រះមេត្តាប្រោសទទួលពិនិត្យ!
ក្រាបបង្គំទួលថ្វាយសារលិខិតរជ្ជកាលហ្គ័ងស្វ៉ី ឆ្នាំទី៣៤ ថ្ងៃ៤កើត ខែចែត្រ»
ត្រង់ចំណុចនេះសូមបញ្ជាក់ថា កាលបរិច្ឆេទរជ្ជកាលហ្គ័ងស្វ៉ីឆ្នាំទី៣៤នេះ ត្រូវនឹងឆ្នាំ១៩០៨នៃគ្រិស្ដសករាជ ខណៈដែលប្រទេសកម្ពុជាកំពុងស្ថិតក្រោមអាណាព្យាបាល និងអាណានិគមនិយមបារាំង (១៨៦៣-១៩៥៣)។
នៅពេលទទួលបានសារលិខិតពីមន្ត្រី យ៉ាង សឺឈី រួចហើយ អធិរាជហ្គ័ងស្វ៉ីក៏បានសព្វព្រះទ័យរាជានុញ្ញាតឱ្យតាំងស្ថានកុងស៊ុលនៅទីក្រុងព្រៃនគរ តបតាមសារលិខិតរបស់លោកមន្ត្រី យ៉ាង វិញផងដែរ។
ប៉ុន្តែជារឿងគួរឱ្យសោយស្ដាយ ដោយសារស្ថានភាពរាជការឆេងកាន់តែធ្លាក់ចុះខ្សោយ (ដោយសារការវាតទីរបស់ពួកអាណានិគមអឺរ៉ុប និងជប៉ុន) រីឯប្រទេសកម្ពុជាក៏ធ្លាក់ក្រោមអាណានិគមនិយមបារាំងផងដែរនោះ ការកត់ត្រាក៏លែងមានតទៅទៀត ដោយមិនដឹងថាវឌ្ឍនភាព ឬឱនភាពនៃទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងប្រទេសមិត្តទាំងពីរទៅជាយ៉ាងណានោះឡើយ អ្វីដែលគេបានដឹងនោះ គឺនៅតែមានប្រជាជនចិនធ្វើចំណាកស្រុកមកប្រទេសកម្ពុជាជាបន្តបន្ទាប់។
សូមជម្រាបថា នៅក្នុងសម័យទំនើបយើងនេះ កម្ពុជា-ចិនបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការលើកដំបូងនៅឆ្នាំ១៩៥៨ នាសម័យសង្គមរាស្ត្រនិយមដែលមានសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាព្រះប្រមុខដឹកនាំ រីឯខាងសាធារណរដ្ឋប្រជាមានិតចិនវិញ គឺស្ថិតក្នុងអាណត្តិប្រធានាធិបតី ជូ អេងឡាយ ឬ ចូវ អឺនឡាយ (Zhou Enlai)។ ប៉ុន្តែនៅមុនការភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនេះ សម្ដេចព្រះនរោត្តម សីហនុ ក៏បានជួបគ្នាលើកដំបូងជាមួយលោកប្រធាន ជូ អេងឡាយ រួចមកហើយដែរ នៅក្នុងឱកាសសន្និសីទទីក្រុងបានឌុង (Bandung) ប្រទេសឥណ្ឌូណេស៉ី នាឆ្នាំ១៩៥៥៕