(ភ្នំពេញ)៖ រាល់ពេលយើងទទួលទូរស័ព្ទនរណាម្នាក់ ឬហៅទូរស័ព្ទទៅកាន់អ្នកណាម្នាក់ដែរនោះ យើងតែងតែនិយាយជាពាក្យស្វាគមន៍ថា «Hello!» តាមភាសាអង់គ្លេស ប៉ុន្តែមានមតិមួយចំនួនបានបង្ហាញចម្ងល់ខ្លះៗថា ពាក្យទាំងនេះបានមកពីណា ហើយមានប្រវត្តិយ៉ាងដូចម្ដេច?
ពាក្យថា «Hello» នេះ ត្រូវបានសរសេរជាលើកដំបូងក្នុងសំបុត្ររបស់លោក ថូម៉ាស អេឌីសុន (Thomas Edison) កាលពីខែសីហា ឆ្នាំ១៨៧៧ ដើម្បីប្រាប់ថាវិធីដែលល្អបំផុតក្នុងការសន្ទនាតាមទូរស័ព្ទ គឺត្រូវស្វាគមន៍ដោយនិយាយពាក្យថា «Hello!»។ លោក អេឌីសុន បានរកឃើញពាក្យនេះក្នុងពេលកំពុងសាកល្បងប្រើទូរស័ព្ទគំរូដើមរបស់លោក អេឡិចសាន់ដឺរ ហ្គ្រាហាមប៊ែល (Alexander Graham Bell)។ ចំណូលចិត្តផ្ទាល់ខ្លួនរបស់លោក ប៊ែល គឺចូលចិត្តប្រើពាក្យថា «Ahoy!» ឬ «Hoy!» ដែលជាពាក្យរបស់ក្រុមអ្នកនេសាទឯណោះទេ។
លោក អេឌីសុន តែងតែប្រកូកថា Hello! ទៅកាន់ភាគីដែលនិយាយទូរស័ព្ទម្ខាងទៀតក្នុងបន្ទប់ពិសោធន៍មេនឡូផាក (Menlo Park) ក្នុងពេលពួកគេកំពុងកែច្នៃទូរស័ព្ទដែលបង្កើតឡើងដំបូងដោយលោក អេឡិចសាន់ដឺរ ហ្គ្រាហាមប៊ែល។ ក្រោយមក ពាក្យប្រកូករបស់អេឌីសុនមួយនេះ ក៏ផ្សព្វផ្សាយដល់អ្នកធ្វើការដទៃៗផ្សេងទៀត ហើយក៏ក្លាយទៅជាភាសានិយាយទូរស័ព្ទយ៉ាងពេញនិយម។
សូមជម្រាបថា មុននឹងមានការប្រើពាក្យ Hello! នេះ អ្នកទទួលទូរស័ព្ទតែងនិយាយថា «តើអ្នកនៅទីនោះដែរទេ?» ឬ «អ្នកជានរណា?» ឬក៏និយាយថា «តើអ្នកអាចនិយាយបានឬនៅ?»។ នៅពេលពាក្យ Hello! ក្លាយជាពាក្យដែលមនុស្សប្រើប្រាស់ជាទូទៅ ទើបគេចាប់ផ្ដើមហៅភ្នាក់ងារដែលមានតួនាទីចាំទទួលទូរស័ព្ទនោះថា «នារីហេឡូ ឬ Hello Girls»។
តាមពិតទៅ ពិភពលោកបានយល់ច្រឡំថា អេឡិចសាន់ដឺរ ហ្គ្រាហាមប៊ែល ជាអ្នកបង្កើតទូរស័ព្ទដំបូងគេ ប៉ុន្តែអ្នកដែលផ្ដួចផ្ដើមគំនិតរកឃើញការផលិតទូរស័ព្ទដំបូងគេបង្អស់នោះ គឺលោក អង់តូនីញ៉ូ មើស្ស៉ី (Antonio Meucci) ទៅវិញទេ ដោយគេបានបង្ហាញភស្តុតាងថា អង់តូនីញ៉ូ មើស្ស៉ី បានផ្គុំគ្រឿងបង្គុំទូរស័ព្ទដំបូងរបស់គាត់តាំងពីគ្រិស្ដសករាជ ១៨៥៤ មកម្ល៉េះ ខណៈដែលលោក ប៊ែល បានបង្ហាញរបកគំហើញរបស់ខ្លួននៅគ្រិស្ដសករាជ ១៨៧៤ ក្រោយមកទេ៕