(ពិភពលោក)៖ ជំងឺពិសឆ្កែឆ្កួត គឺជំងឺឆ្លងដ៏គួរឱ្យភ័យខ្លាចមួយចំពោះមនុស្សជំនាន់មុន ពីព្រោះតែវាតែងធ្វើឱ្យអ្នកជំងឺមានអាការចុកចាប់វេទនាខ្លាំងឡើងៗរហូតដល់ដាច់ខ្យល់ស្លាប់ ហើយគ្មានថ្នាំសម្រាប់ព្យាបាលនោះឡើយ។ លុះដល់ចុងសតវត្សរ៍ទី១៩ ទើបនៅទ្វីបអឺរ៉ុបមានគ្រូពេទ្យម្នាក់រកឃើញថ្នាំប្រឆាំងនឹងជំងឺឆ្កែឆ្កួតនេះ ដើម្បីប្រើប្រាស់សម្រាប់ការព្យាបាលប្រកបដោយប្រសិទ្ធភាព។
* តើអ្នកដឹងទេថា គ្រូពេទ្យរូបណាដែលជាអ្នករកឃើញថ្នាំដ៏សំខាន់នេះ?
គ្រូពេទ្យរូបនោះមានឈ្មោះថា ល្វី ប៉ាស្ទ័រ (Louis Pasteur) ចាប់តាំងពីការរកឃើញសមិទ្ធផលជាច្រើនក្នុងវិស័យវេជ្ជសាស្ត្រ ពិសេសគឺការរកឃើញថ្នាំប្រឆាំងនឹងជំងឺឆ្កែឆ្កួតនោះមក លោកបានក្លាយជាគ្រូពេទ្យជនជាតិបារាំងដ៏ល្បីល្បាញម្នាក់។ ក្រៅពីនេះ លោកក៏ត្រូវបានគេដឹងថាចូលចិត្តស្រាវជ្រាវអំពីពពួកមីក្រូសារពាង្គកាយ ឬអតិសុខុមប្រាណ និងជាអ្នកវិទ្យាសាស្ត្រផ្នែកគីមីវិទ្យា (គីមីវិទូ) ផងដែរ។
ល្វី ប៉ាស្ទ័រ កើតនៅថ្ងៃទី២៧ ខែធ្នូ គ្រិស្ដសករាជ ១៨២២ នៅសង្កាត់ដូល (Dole) តំបន់រដ្ឋបាលពិសេសជូរ៉ា (Jura) នៃចក្រភពបារាំងក្នុងសម័យរាជានិយម។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាននៅអាយុ ២១ ឆ្នាំរួចមក នៅគ្រិស្ដសករាជ ១៨៤៣ ប៉ាស្ទ័រក៏បានសិក្សាបន្តនៅវិទ្យាសា្ថនគរុកោសល្យជាន់ខ្ពស់នៅរាជធានីប៉ារីស។ មុខវិជ្ជាដែលលោកចាប់អារម្មណ៍ខ្លាំងនាពេលនោះ គឺគីមីវិទ្យា វិទ្យាសាស្ត្រ និងគណិតវិទ្យា។ ក្នុងពេលកំពុងសិក្សានោះ ប៉ាស្ទ័របានឆ្លៀតធ្វើការជាជំនួយការផ្នែកគីមីសាស្ត្រ និងរូបសាស្ត្រនៅវិទ្យាសា្ថនគរុកោសល្យនេះផងដែរ។ រហូតដល់គ្រិស្ដសករាជ ១៨៤៧ លោកក៏បានប្រឡងជាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
ល្វី ប៉ាស្ទ័រ ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះបន្តិចម្ដងៗ នៅពេលលោកចេះបង្កើតឧបករណ៍ដែលបម្រើការក្នុងផ្នែកគីមី ដោយឧបករណ៍ដែលលោកបានបង្កើតឡើងដំបូង គឺកែវផលិត។ ក្រៅពីនេះ លោកគ្រូពេទ្យ ប៉ាស្ទ័រ ក៏បានស្រាវជ្រាវរកឃើញចំណេះជាច្រើនពីផ្នែកគីមីសាស្ត្រ ពិសេសលោកបានរកឃើញប្រភេទបាក់តេរី (អតិសុខុមប្រាណ) ដែលមានគុណសម្បត្តិ និងគុណវិបត្តិ ដោយបាក់តេរីខ្លះធ្វើឱ្យម្ហូបអាហារផ្អូមជូរ ឬធ្វើឱ្យមានជំងឺរាករួស រីឯបាក់តេរីខ្លះក៏ជួយដល់ប្រព័ន្ធរំលាយអាហារ ជួយធ្វើឱ្យបៀយ៉ា (Beer) និងស្រាទំពាំងបាយជូរមានពពុះជាដើម។
លទ្ធផលពីការស្រាវជ្រាវនេះ លោកបានរកឃើញដំណោះស្រាយធ្វើឱ្យទឹកក្រូច ស្រាទំពាំងបាយជូរ ទឹកដោះគោ ទឹកដោះពពែអាចរក្សាទុកបានយូរ។ ប៉ាស្ទ័រក៏បានជួយដោះស្រាយបញ្ហាច្រើនក្នុងវិស័យបសុសត្វ និងសុខភាពប្រជាជនផងដែរ ដោយលោកបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនសម័យនោះ និងល្បីរន្ទឺដល់ហ្លួងព្រះចៅណាប៉ូឡេអុងទី៣ (King Napoleon III) ដែលជាអធិរាជនៃចក្រភពបារាំងសម័យនោះ។ លោកបានក្លាយជាសាស្ត្រាចារ្យផ្នែកគីមីវិទ្យានៅវិទ្យាសា្ថនគរុកោសល្យជាន់ខ្ពស់នៅទីក្រុងប៉ារីស ទីដែលលោកធ្លាក់សិក្សារៀនសូត្រកាលពីយុវវ័យនោះឯង។
នាសម័យថ្ងៃមួយ នៅតំបន់ភាគខាងត្បូងប្រទេសបារាំងកើតមានរោគពិសឆ្កែឆ្កួត ឬឆ្កែខ្លាចទឹកបានឆ្លងរាលដាលដល់មនុស្សច្រើនឡើងៗ ដោយពុំមានអ្នកណាដឹងពីមូលហេតុនៃការឆ្លងរោគ ហើយក៏គ្មានវិធីព្យាបាលឱ្យជាសះស្បើយបានទេ។ មានតែវិធីតែមួយគត់ គឺនៅពេលដឹងថាមានសុនខណាឆ្កួតហើយ គេត្រូវប្រញាប់សម្លាប់វាចោល ប៉ុន្តែទោះបីជាធ្វើតាមវិធីនេះក៏ដោយ ក៏ប្រជាជនមិនអាច់ទប់ស្កាត់ជំងឺឆ្លងនេះបានដដែល។
ឆ្លើយតបនឹងគ្រោះថ្នាក់ដែលយាយីដល់ជីវិតប្រជាជនយ៉ាងដូច្នេះ ល្វី ប៉ាស្ទ័រ បានព្យាយាមស្រាវជ្រាវរកថ្នាំប្រឆាំងនឹងជំងឺពិសឆ្កែឆ្កួតនេះទាំងយប់ទាំងថ្ងៃ រហូតដល់រកឃើញមូលហេតុថា រោគដែលចម្លងឱ្យមានជំងឺដ៏កាចសាហាវនេះ គឺឆ្លងពីទឹកមាត់របស់ឆ្កែឆ្កួត។ ដូច្នេះប្រសិនមិនត្រូវឆ្កែឆ្កួតខាំ ឬលិឍនោះទេ មនុស្សក៏នឹងមិនឆ្លងជំងឺនេះឡើយ។ បន្ទាប់មក លោកក៏បានដើរប្រាប់ឱ្យប្រជាជនដែលមានឆ្កែចិញ្ចឹមត្រូវបង្ខាំងវាទុកទាំងអស់សិន ដាច់ខាតមិនឱ្យមានឆ្កែណាមួយដើរចូលកន្លែងឆ្លងរោគនោះឡើយ។
ទន្ទឹមនឹងចំណាត់ការនេះ ប៉ាស្ទ័រ ក៏បានបន្តព្យាយាមស្រាវជ្រាវរកថ្នាំដែលប្រឆាំងនឹងមេរោគពិសឆ្កែឆ្កួតនេះ រហូតផលិតបានថ្នាំសេរ៉ូមមួយប្រភេទ ប៉ុន្តែលោកមិនហ៊ានចាក់វាទៅលើខ្លួនប្រជាជននោះទេ ព្រោះលោកនៅពុំទានច្បាស់ក្នុងចិត្តថា សេរ៉ូមនេះអាចជួយជីវិតមនុស្សដែរឬអត់ទេ? ដើម្បីពិសោធន៍ឱ្យជាក់ប្រាកដ លោកក៏បានពិសោធន៍លើខ្លួនឯងច្រើនលើកច្រើនគ្រា ប៉ុន្តែមិនទទួលបានលទ្ធផលគាប់ប្រសើរសោះ។ ទោះជាយ៉ាងនេះក្ដី លោកនៅតែព្យាយាមរិះរកវិធីសាស្ត្រនានា ដើម្បីអភិវឌ្ឍន៍ថ្នាំព្យាបាលរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
ជាការចៃដន្យ ស្រាប់តែមានកុមារម្នាក់ឈ្មោះ ចូសេហ្វ ម៉ាស្ទ័រ (Joseph Masters) ត្រូវឆ្កែឆ្កួតខាំលើខ្លួនប្រាណយ៉ាងដំណំ ហើយឪពុកម្ដាយរបស់កុមាររូបនេះក៏សុខចិត្តប្ដូរជីវិតកូនរបស់ខ្លួន ដើម្បីឱ្យប៉ាស្ទ័រពិសោធន៍ថ្នាំប្រឆាំងជំងឺពិសឆ្កែឆ្កួតរបស់លោក ហើយលោកក៏ដាច់ចិត្តធ្វើកិច្ចការនេះ ដោយបានយកថ្នាំដែលបានអភិវឌ្ឍន៍ថ្មីនោះចាក់ទៅលើខ្លួនកុមារ ម៉ាស្ទ័រ។ លទ្ធផលដ៏អស្ចារ្យមួយបានបង្ហាញឡើងនៅចំពោះមុខមនុស្សម្នាជាច្រើន គឺថាកុមារដែលត្រូវឆ្កែឆ្កួតខាំនេះបានរួចផុតជីវិតពីសេចក្ដីស្លាប់ ដោយសារតែថ្នាំព្យាបាលដែលប៉ាស្ទ័របានចាក់ទៅលើខ្លួនគេនោះ គឺមានប្រសិទ្ធភាព ១០០ ភាគរយ។
តាំងពីពេលនោះមក ល្វី ប៉ាស្ទ័រ ក៏ទទួលបានកេរ្តិ៍ឈ្មោះកិត្តិស័ព្ទល្បីខ្ទ័រខ្ទាពេញទ្វីបអឺរ៉ុប ពោលគឺចាប់តាំងពីជួយសង្គ្រោះកុមារ ម៉ាស្ទ័រ ខាងលើបានជោគជ័យនោះឯង។ បើទោះបីជាទទួលបានភាពល្បីល្បាញយ៉ាងនេះក្ដី ក៏ប៉ាស្ទ័រនៅតែធ្វើការក្នុងមន្ទីរពិសោធន៍រហូតដល់វ័យជរា នេះក៏ដោយសារលោកមានទឹកចិត្តចង់ជួយសង្គ្រោះប្រជាជននៅលើពិភពលោក។
នៅថ្ងៃខួបកំណើតគ្រប់អាយុ ៧០ ឆ្នាំរបស់លោកតា ប៉ាស្ទ័រ មានអ្នកវិទ្យាសាស្ត្រជាច្រើននៅប៉ែកអឺរ៉ុបបានធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីសម្ដែងនូវការគោរពចំពោះលោក។ ក្រោយពេលពីរឆ្នាំក្រោយមក ល្វី ប៉ាស្ទ័រ ក៏បានទទួលមរណភាពនៅថ្ងៃទី២៨ ខែកញ្ញា គ្រិស្ដសករាជ ១៨៩៥ ក្នុងជន្មាយុ ៧២ ឆ្នាំ៕